នៅថ្ងៃទី៧ ខែកក្កដានេះ សមាគមសិល្បករខ្មែរនឹងប្រកាសពីការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួនសម្រាប់អាណត្តិទី៥។ លោក សុះ ម៉ាច ដែលជាប្រធានចាស់បានអះអាងថាលោកនឹងដកខ្លួនពីសមាគមនេះ ដោយមិនឈរឈ្មោះទៀតទេ ដើម្បីទុកអោយតារាជំនាន់ក្រោយមានសិទ្ធិបានធ្វើជាប្រធានថ្មីជំនួសលោកវិញម្ដង។
លោក សុះ ម៉ាច និយាយថា ដោយសារតែលោកបានធ្វើប្រធានសមាគមរហូតដល់២អាណត្តិទៅហើយ ដូច្នេះលោកមិនអាចបន្តឈរឈ្មោះអោយគេបោះឆ្នោតនៅថ្ងៃទី៧កក្កដាទៀតទេ ដោយលោកបញ្ជាក់ថាលោកក៏មានការសោកស្ដាយសម្រាប់ការបោះបង់ពីតួនាទីនេះពីសមាគមសិល្បករខ្មែរដូចគ្នា តែបណ្ដាលមកបីលក្ខន្តិកៈរបស់សមាគមមិនអាចអោយប្រធានម្នាក់បន្តដឹកនាំដល់៣ទៅអាណត្តិបាន ទើបលោកមានតែការដើរចេញ។
លោកថាលោកនឹងផ្ដល់ឱកាសអោយតារាសិល្បៈដែលចង់ឈរឈ្មោះជាប្រធាន ចូលរួមអោយគេបោះឆ្នោតអោយដោយលោកមិនទាន់ដឹងថានឹងមានសមាសភាពតារាណាខ្លះឈរឈ្មោះនោះទេ ដោយរង់ចាំរហូតទាល់តែព្រឹកថ្ងៃសមាជដែលមានការបោះឆ្នោតនោះទើបដឹងសមាសភាពដែលត្រូវធ្វើជាប្រធានសមាគម។
លោកថាសមាសភាពដែលនឹងជាប់ឆ្នោតឡើងជាប្រធានថ្មី គឺទោះជាអ្នកណាក៏លោកសប្បាយចិត្តនោះដែរ ប៉ុន្តែអ្វីដែលលោកចង់បានគឺប្រធានថ្មីនោះមិនដឹកនាំតារាសិល្បៈទៅរកនិន្នាការនិយោបាយ ដែលផ្ទុយពីលក្ខន្តិកៈរបស់សមាគមនិងមិនមានការរើសអើងហើយធ្វើអោយតារាសិល្បៈមានការបែងចែកបក្សពួក។
លោកថាលក្ខន្តិកៈរបស់សមាគមគឺតម្រូវអោយប្រធាននិងគណៈគ្រប់គ្រងដឹកនាំសម្រាប់អាណត្តិនីមួយៗត្រូវតែដឹកនាំសមាគមក្នុងន័យលើកស្ទួយតារាសិល្បៈ អោយមានការរីកចំរើន ហើយឈរលើគោលការណ៍មិនចូលបក្សនយោបាយនាំអោយមានប៉ះការប៉ះពាល់ដល់តម្លៃសមាជិក។
ប៉ុន្តែលោកថាក្នុងនាមជាបុគ្គលគឺអាចស្រឡាញ់ និងពេញចិត្ត ហើយអាចធ្វើជាសមាជិករបស់គណបក្សមួយបានដោយគ្រាន់តែកុំយកឈ្មោះសមាគមទៅពាក់ព័ន្ធដែលដូចគ្នានឹងលោកគឺទោះជាលោកធ្លាប់ជាកូនប្រសាររបស់សម្ដេច ជា ស៊ីម អ៊ីចឹងមែនតែលោកបានធ្វើជាសមាជិករបស់គណបក្សមួយដោយមិនយកតួនាទីរបស់ប្រធានសមាគមទៅឡូកឡំនោះទេ ក្នុងពេលដែលលោករាល់ពេលចុះធ្វើសកម្មភាពបក្សក៏ធ្វើក្នុងលក្ខណៈបុគ្គល ដោយមិនយកឈ្មោះប្រធានសមាគមទៅប្រើ។
លោកថាលោកមិនដែលដឹកនាំតារាសិល្បៈក្នុងសកម្មភាពបក្សនោះទេ ដោយសារតែលក្ខន្តិកៈរបស់សមាគមគឺបានចែងច្បាស់លាស់ពីរឿងមិនអោយបម្រើបក្ស។
លោករំពឹងថាប្រធានថ្មីដែលនឹងជាប់ឆ្នោតសម្រាប់អណត្តិទី៥នៅថ្ងៃទី៧ ខែកក្កដានេះ នឹងអាចធ្វើអោយសមាគមមានតម្លៃ ហើយមិនរងការរិះគន់ណាមួយ ដោយសារតែការដឹកនាំសមាគមផ្ទុយពីអ្វីដែលបានចែងច្បាស់។
លោកមិនបានបង្ហើបថាអ្នកណាខ្លះនឹងត្រូវបានឈរជាប្រធានរបស់សមាគមនោះទេ តែយោងតាមការទិន្នន័យត្រួសៗគឺមានតារាសិល្បៈជើងចាស់ច្រើននាក់ដោយក្នុងនោះក៏មានលោក កុយ ស៊ីឌឿន ដែលជាប្រធានក្លឹបសិល្បៈឌីភីឈរឈ្មោះម្នាក់ផង។
លោកថា សុះ ម៉ាច សមាគមសិល្បករមានរយៈពេល៣ឆ្នាំសម្រាប់មួយអណត្តិ ដោយលោកបានឈរចំនួន២អណត្តិមានរយៈពេល៦ឆ្នាំមកហើយ ទើបមិនអាចបន្តដឹកនាំសមាគមនេះទៀតបានក្នុងពេលខាងមុខ។
យ៉ាងណាមិញលោកថានឹងបន្តជួយតម្រែតម្រង់ទិសដៅរបស់សមាគម ប្រសិនបើប្រធានថ្មីពេញចិត្តអោយលោកធ្វើជាទីប្រឹក្សា ឬជាប្រធានកិត្តិយស ដែលអាចលោកបន្តចូលរួមជាមួយសកម្មភាពរបស់សមាគមផងដែរ។
លោកថារយៈពេល៦ឆ្នាំដែលលោកដឹកនាំ មិនទាន់បានជួយជម្រុញសកម្មភាពសិល្បៈតាមអ្វីដែលលោកចង់បានទាំងស្រុងទេ ដោយសារតែបញ្ហាធនធានមនុស្ស និងការខ្វះការសហការពីសំណាក់តារាសិល្បៈមួយចំនួន។
ក្នុងនោះសូម្បីតែការចូលរួមពីតារាភាគច្រើនក៏មិនទាន់មានអោយពេញទំហឹងនោះដែរ ទើបលោកយល់ថានោះគឺជាអ្វីដែលប្រធានទើបឡើងថ្មីត្រូវតែបន្តចាត់ចែងអោយបានល្អដើម្បីអោយតារាសិល្បៈច្រើនឡើងយល់ពីតម្លៃសមាគមហើយរួមគ្នាចូលរួមអោយសកម្ម។
ការបោះឆ្នោតដែលនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី៧ ខែកក្កដានោះលោកថានឹងមានការចូលរួមពីតារាសិល្បៈច្រើនរូបចូលរួមបោះឆ្នោត ដោយគណៈអធិបតីរួមមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងតំណាងមន្ត្រីជាន់ខ្ពស់ច្រើនទៀត ដើម្បីធ្វើជាសាក្សីសម្រាប់ការបោះឆ្នោតផង និងប្រកាសសុពលភាពប្រធានថ្មីនិងគណៈគ្រប់គ្រងថ្មីនាថ្ងៃនោះផង។
លោករំពឹងថាប្រធានថ្មីនិងក្រុមប្រឹក្សាភិបាលដែលជ្រើសរើសបាននឹងដឹកនាំសមាគមអោយមានការរីកចំរើន ដើម្បីជាតម្លៃនិងជាប្រយោជន៍របស់តារាសិល្បៈនៅក្នុងប្រទេសកម្ពុជា។ លោកទទូចអោយតារាសិល្បៈចូលរួមបោះឆ្នោតអោយបានច្រើន ដោយលោកប្រកាសថាពិធីដែលត្រូវធ្វើឡើងនៅភោជនីយដ្ឋានស្ទឹងមាសនៅព្រែកលាភនោះ គឺបើកចំហសម្រាប់តារាសិល្បៈគ្រប់រូបដោយមិនមានប្រកាន់ថាទាល់តែតារាល្បីឬមានឈ្មោះបោះសំឡេងទើបអាចចូលរួមបោះឆ្នោតបាននោះទេ៕