អាជ្ញាធរកម្ពុជាថាវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមនៅតំបន់ហាមឃាត់ក្នុងខេត្តរតនគិរី

តំបន់មួយនៃប៉ុស្តិ៍យាមរបស់វៀតណាម (រូបភាពតំណាង)

អាជ្ញាធរកម្ពុជាអះអាងថា ភាគីវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមចំនួនពីរក្នុងតំបន់ហាមឃាត់ជាប់ព្រំដែនស្ថិតក្នុងខេត្តរតនគិរី បើទោះជាភាគីទាំងបានជួបគ្នាស្វែងរកការបញ្ឈប់ការសាងសង់ក៏ដោយ។

កាលពីចុងខែសីហា គណៈកម្មការជំនាញព្រំដែនកម្ពុជា-វៀតណាមបានពិភាក្សាចំនួនពីរថ្ងៃ ដោយនៅក្នុងកិច្ចប្រជុំនោះ កម្ពុជាស្នើឲ្យភាគីវៀតណាមបញ្ឈប់សកម្មភាពធ្វើផ្លូវ ជីកស្រះ និងធ្វើប៉ុស្ដិ៍យាមនៅតំបន់ហាមឃាត់ឬតំបន់ស ព្រមទាំងព្រមានថាកម្ពុជានឹងចុះទប់ស្កាត់ បើភាគីវៀតណាមនៅតែមិនគោរពកិច្ចព្រមព្រៀង។

ក្រោយពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជានិងជាអនុប្រធានទី១ គណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោក ឡុង វិសាលោ ប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើភាគីវៀតណាមនៅតែមិនបញ្ឈប់សកម្មភាពសាងសង់ទេ លោកនឹងបញ្ជាឲ្យរុះចេញ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរកម្ពុជាថាភាគីវៀតណាមមិនព្រមបញ្ឈប់សកម្មភាពនោះទេ។

អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន ប្រាប់វីអូឌីនៅព្រឹកថ្ងៃអង្គារនេះថាវៀតណាមនៅតែបន្តសង់បាន៦០%ហើយ បើទោះជាមានការស្នើឲ្យផ្អាកពីភាគីកម្ពុជា។

លោកមានប្រសាសន៍ថា៖ “យើងហាមគេ គេថាគេសងនៅលើទឹកដីគេ យើងថាឡូវសុំឲ្យមានការបញ្ឈប់ ចាំមានកិច្ចព្រមព្រៀងពីភាគីទាំងពីរចឹងឬក៏មានពីប្រមុខរដ្ឋាភិបាលយើង គេថាគេធ្វើនៅក្នុងទឹកដីគេ ហើយក្នុងករណីគេឈប់បាន វាទាល់តែរដ្ឋាភិបាលគេ របស់គេឲ្យគេឈប់ បានគេឈប់

លោកបន្តថា ករណីដែលវៀតណាមនៅបន្តសាងសង់ប៉ុស្តិ៍នេះ លោកបានរាយការណ៍ទៅថ្នាក់លើហើយ ប៉ុន្តែមិនទាន់មានចំណាត់ការនៅឡើយ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថារដ្ឋាភិបាលតែងចាត់ទុកថាភាគីទាំង ជាដៃគួរមួយស្មើភាពគ្នាដោយមិនមានអ្នកណានៅក្រោមអ្នកណា ប៉ុន្តែវៀតណាមហាក់ដូចជាមិនបានចាត់ទុកកម្ពុជាស្មើភាពគ្នាទេ។ លោកបន្តថាកន្លងមករដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់តវ៉ាជាច្រើនលើក ករណីវៀតណាមធ្វើសកម្មភាពរំលោភតាមព្រំដែននេះ តែភាគីវៀតណាមនៅតែមិនព្រមឆ្លើយនិងមិនបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ ដោយលោកថាវៀតណាមគិតថារដ្ឋាភិបាលកម្ពុជាមិនអាចធ្វើអ្វីគេបាន។

លោកមានប្រសាសន៍ថា៖ “យើងឃើញមានការចរចា ប៉ុន្តែការចរចាហ្នឹងទៀតនៅថ្ងៃទី១ មិនអីទេ ប៉ុន្តែនៅថ្ងៃទី ២ ហាក់ដូចជាយើងនៅក្រោមគេទៀត រងចាំគេ យើងជាអ្នកម្ចាស់ផ្ទះទៅរងចាំគេប្រជុំ គេអត់ទាន់មក យើងអត់ទាន់ប្រជុំបាន។ ចឹងយើងមើលទៅហាក់ដូចជា ការចាត់ទុកគ្នាជាមិនស្មើភាពឬក៏គិតថាយើងមិនមានសមត្ថភាពអីក្នុងការមានឥទ្ធពលអី ដើម្បីឲ្យគេដកចេញឬក៏ផ្អាក គឺគេអត់ស្ដាប់យើងបើនិយាយឲ្យដល់ទៅ។ ចឹងបានជាខុសគ្នាស្អីដែលរាជរដ្ឋាភិបាលបានអះអាងថា យើងមិននៅទាបជាងវៀតណាម គឺយើងជាដៃគួស្មើភាព ស្មើភាពអីគេអត់បានចាត់ថាយើងស្មើភាពគេផង

អ្នកស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិត្យសភា លោក សុខ ទូច លើកឡើងថាបានព្រមានថា ប្រសិនបើវៀតណាមនៅតែរំលោភតំបន់ហាមឃាត់ជាប់ព្រំដែនកម្ពុជា លោកថាភាគីទាំងពីរគួរដកស្ថានទូតចេញ។

លោកមានប្រសាសន៍ថា៖ “យើងត្រូវដោះស្រាយដោយសន្តិវិធី ដោយប្រើកិច្ចការទូតឲ្យអស់លទ្ធភាព មុននឹងធ្វើចំណាត់ការបន្តទៀត។ ហើយចំណាក់កាលទី២ យើងអាចហៅទូតនៅព្រះរាជាណាចក្រកម្ពុជាមកសួរ ហើយនឹងធ្វើបទបង្ហាញថាមូលហេតុអី? ចំណាត់ការទី៣ យើងអាចដកទូតយើងចេញពីប្រទេសវៀតណាម ហើយបញ្ហាទី៤ យើងអាចដេញទូតវៀតណាមចេញពីប្រទេសកម្ពុជា ប្រសិនជាក្នុងករណីអ្វីដែលវាមិនគោរព អ្វីដែលជាប្រទេសជិតខាងល្អ”

កាលពីថ្ងៃ២៩ដល់ថ្ងៃទី៣០ ខែសីហា កម្ពុជានិងវៀតណាមបានបើកកិច្ចប្រជុំពិភាក្សាបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីរកដំណោះស្រាយពីភាពចម្រូងចម្រាសនៃការបោះបង្គោលព្រំដែនដែលនៅសេសសល់ ប៉ុន្តែនៅតែមិនទទួលលទ្ធផលអ្វីឡើយ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១រហូតពាក់កណ្តាលខែសីហាឆ្នាំ២០១៦នេះ កម្ពុជាបានធ្វើកំណត់ទូតសរុប២៣ហើយ ដោយស្នើឲ្យវៀតណាមបញ្ឈប់សាងសង់ឬធ្វើផ្លូវនៅតំបន់ហាមឃាត់ជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ។ បើទោះបីជាកម្ពុជាស្នើឲ្យបញ្ឈប់ក្ដី ប៉ុន្តែភាគីវៀតណាមនៅតែបន្តធ្វើ ពិសេសនៅខែសីហានេះ ភាគីវៀតណាមបានសាងសង់ប៉ុស្តិ៍យោធាចំនួនពីរទៀតនៅស្រុកអូយាដាវ ខេត្តរតនគិរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ