គណបក្ស​ប្រឆាំង​និង​អ្នក​វិភាគខក​ចិត្ត​នឹង​រដ្ឋាភិបាលដែល​មិន​មាន​ចំណាត់​ការ​លើអ្នក​​គំរាម​​

សារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលបានគំរាមដល់អាយុជីវិតរបស់ឥស្សរជនមួយចំនួន (រូបភាពពីហ្វេសប៊ុកលោក សុខ ទូច)

គណបក្សប្រឆាំងនិងអ្នកវិភាគ សំដែងការខកចិត្តទៅនឹងរដ្ឋាភិបាលដែលមិនមានចំណាត់ការណាមួយទៅលើអ្នកគំរាមសម្លាប់ពួកគេ ហើយអ្នកខ្លះថាបើទោះបីជាខ្លួនដាក់ពាក្យបណ្តឹង ក៏មិនមានប្រសិទ្ធិភាពដែរ ព្រោះរដ្ឋាភិបាលបង្ហាញឆន្ទៈដូចជាមិនចង់ស្វែងរក។

កាលពីពេលថ្មីៗនេះមានសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលបានគំរាមដល់អាយុជីវិតរបស់ឥស្សរជនមួយចំនួនរួមមាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក សុខ ទូច, លោក អ៊ូ វីរៈ, លោក ឡៅ ម៉ុងហៃ, លោក ជុន ច័ន្ទបុត្រ, លោក កឹម សុខា, និងកញ្ញា ខុម ចាន់តារ៉ាទី។

លោកបណ្ឌិត សុខ ទូច ដែលទទួលរងនូវការគំរាមនេះបានឲ្យវីអូឌីដឹងថា លោកមានការខកចិត្តទៅនឹងក្រសួងមហាផ្ទៃដែលមិនមានចំណាត់ការទៅលើការគំរាមនេះ។ លោកថាលោកមានបំណងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចការពារសុវត្ថិភាព។

លោកបន្តថា៖ ខ្ញុំអត់ទាន់បានប្តឹងបានអីទេ ប៉ុន្តែគ្រាន់ថា ខ្ញុំជាមន្ត្រីរាជការ អញ្ចឹងអ្នកទាំងអស់នោះគួរតែជួយថែរក្សាសន្តិសុខសម្រាប់មន្ត្រីរាជការក៏ដូចជាប្រជាជនផងដែរ។ខ្ញុំធ្វើការបម្រើរដ្ឋ ហើយក្រសួងមហាផ្ទៃក៏ធ្វើការបម្រើរដ្ឋដូចគ្នា អញ្ចឹងក្រសួងមហាផ្ទៃគួរតែចាត់វិធានការ ពីព្រោះនេះជាបទល្មើសជាក់ស្តែង នេះជាភារកិច្ចរបស់ក្រសួងមហាផ្ទៃ មិនបាច់ខ្ញុំប្តឹង ក៏ត្រូវតែធ្វើដែរ ព្រោះបទល្មើសជាក់ស្តែង!”។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សមិនមានគំរោងក្នុងការដាក់ពាក្យបណ្តឹងទេ ដោយលោកថាគណបក្សមិនមានជំនឿ ហើយបើទោះបីជាប្តឹងក៏មិនមានប្រសិទ្ធភាពដែរ។  លោកបន្ថែមថា ការគំរាមជាករណីព្រហ្មទណ្ឌដែលរដ្ឋាភិបាលត្រូវតែមានចំណាត់ការដោយមិនចាំបាច់មានពាក្យបណ្តឹងជាមុននោះទេ។

លោកមានប្រសាសន៍ថា៖ ករណីព្រហ្មទណ្ឌបែបហ្នឹង ត្រូវតែរក មិនចាំបាច់មានពាក្យបណ្តឹងទេ គួរតែស្រាវជ្រាវ។ នៅប្រទេសគេប្រកាន់លិទ្ធិប្រជាធិបតេយ្យ គេគោរពសិទ្ធិមនុស្សច្បាប់។ គេនីតិរដ្ឋនោះ បើមានករណីចឹងៗ គេធ្វើហើយ អត់ចាំបាច់មានពាក្យបណ្តឹងទេ។មិនចាំបាច់ទេ ពីព្រោះកន្លងមកវាមិមានប្រសិទ្ធភាព បើទោះជាធ្លាក់ដល់ករណីហ្នឹង ទោះបីជាប្តឹងក៏គ្នានប្រសិទ្ធភាព។ មិនដែលនឹងរកឃាតកររកអី សូម្បីតែបាញ់សម្លាប់ប្រជាជនជនក៏ពិបាកនឹរក យើងមិនសូវជាមានជំនឿទៅទេ”។

ប្រធានវេទិការអនាគត លោក អ៊ូ វីរៈដែលទទួលរងការគំរាមនេះដែរ បញ្ជាក់ថាករណីគំរាមសម្លាប់នេះ រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវក្នុងការពារសុវត្ថិភាព។ លោកបានសម្តែងការសោកស្តាយទៅលើក្រសួងមហាផ្ទៃដែលមិនមានចំណាត់ការលើករណីនេះ។

លោកមានប្រសាសន៍ថា៖ ក្រសួងមហាផ្ទៃគាត់បង្ហាញឆន្ទៈមិនស៊ើបអង្កេតនេះ គាត់បង្ហាញថាគាត់មិនខ្វល់មួយក៏គាត់ដឹងរឿងអីមួយ ហើយមិនចង់ស៊ើបអង្កេត។ ជាទូទៅគេនឹចោទក្រសួងមហាផ្ទៃនិងរដ្ឋាភិបាលហើយពេលដែលគាត់បង្ហាញឆន្ទៈបែបហ្នឹង។ហើយការបង្ហាញថាគ្មានឆន្ទៈគឺមានតែទេ ទីមួយគាត់អត់បំពេញការងារគាត់ ទីពីរគាត់ការពារអ្នកប្រព្រឹត្តបទល្មើសខុសច្បាប់”។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីបញ្ជាក់ពីចំណាត់ការរបស់ក្រសួងទៅលើរឿងនេះបាននៅឡើយទេ។

លោកមេធាវី សេក សោភ័ណ ពន្យល់ថាព្រះរាជអាជ្ញាមានសិទ្ធិក្នុងការធ្វើពាក្យបណ្តឹងឬក៏មិនធ្វើ តែសម្រាប់រដ្ឋាភិបាលវិញ បើទោះបីជាមិនមានពាក្យបណ្តឹងក៏ដោយ ក៏រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឲ្យជនរងគ្រោះទាំងនោះមានអាម្មណ៍ថាខ្លួនមានសុវត្ថិភាពនិងត្រូវការពារសន្តិសុខជូនពួកគាត់ផងដែរ។

លោកបន្តថា៖ តួនាទីរបស់រដ្ឋនៅពេលមានការបំភិតបំភ័អញ្ចឹង ព័ត៌មាននេះសម្រាប់បុគ្គលមិនមែនជារឿងតូតាចទេ សម្រាប់បុគ្គលដែលមានឈ្មោះហ្នឹង ខ្ញុំយល់ថាវាជាការគំរាមកំហែងបំបាក់ស្មារតី នេះតាមខ្ញុំយល់ទេ។ អញ្ចឹងរដ្ឋមានតួនាទីនិងការទទួលខុសត្រូវមួយ ចំពោះសន្តិសុខរបស់អ្នកដែលទទួលរងនូវការបំភិតបំភ័យទាំងនោះវាជាអាណត្តិនីតិប្រតិបត្តិអញ្ចឹងត្រូវតែធ្វើ បើអញ្ចឹងចាំបាច់មាននគរបាយុត្តិធម៌មាននគរបាល មានប៉ូលីស មានក្រសួងមហាផ្ទៃធ្វើអី បើចាំបាច់ទាល់តែគេប្តឹង”។

គួរបញ្ជាក់ផងដែរថា កន្លងទៅអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនត្រូវបានចាប់ខ្លួន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានសរសេរបង្ហោះគំរាមសម្លាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងលោកបណ្ឌិត សុខ ទូច។ ជាមួយគ្នានោះដែរយុវជនម្នាក់នៅខេត្តកំពង់ធំ លោក ម៉ាន់ សំអ៊ន់ ត្រូវបានឃាត់ខ្លួន ហើយតុលាការក្រុងភ្នំពេញចោទប្រកាន់កាលពីដើមឆ្នាំនេះពីបទគំរាមសម្លាប់លោក ហ៊ុន សែន នៅក្នុងសារតាមហ្វេសប៊ុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ