វិភាគ៖ កំណើន​ឥទ្ធិពល​មហា​យក្ស​ចិន​លើ​សេដ្ឋកិច្ច​កម្ពុជា (ភាគ ១)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមេដឹកនាំចិន លោក ស៊ី ជីពីង (រូបភាពពី AKP)

នៅ​ក្នុង​សប្ដាហ៍​នេះ យើង​ដក​ឃ្លា​មិន​និយាយ​អំពី​ជម្លោះ​នយោបាយ​រវាង​ក្រុម​មេដឹកនាំ​​នយោបាយ​កម្ពុជា​នោះ​ទេ ប៉ុន្តែ យើង​ងាក​ទៅ​​ពិនិត្យ​មើល​​ជ្រុង​មួយ​ទៀត​នៃ​ប្រទេស​កម្ពុជា នៅ​ចំពោះ​មុខ​នៃ​កំណើន​កាន់​តែ​ខ្លាំង​ក្លា​នៃឥទ្ធិពល​មហា​យក្ស​ចិន ខណៈ​ដែល​ទំនាក់​ទំនង​ការទូត​កម្ពុជា-ចិន បាន​ឈាន​ដល់​វ័យ ៦០​ឆ្នាំ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។

ជា​ប្រវត្តិសាស្ត្រ ទំនាក់​ទំនង​កម្ពុជា-ចិន បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​សម័យ​អាណាចក្រ​​ភ្នំ​មក​ម៉្លេះ ដោយ​ប្រវត្តិវិទូ​សម័យ​ទំនើប​ បាន​រក​ឃើញ​នូវ​ការ​ផ្លាស់​ប្ដូរ​​បេសកកម្ម​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​នា​សម័យ​នោះ ហើយ​ទំនាក់​ទំនង​បែប​នេះ បាន​បន្ត​រហូត​ដល់​សម័យ​អង្គរ បើទោះបី​ជា​អាក់​ខាន​ខ្លះៗ ដោយសារ​បញ្ហា​នានា​ក៏​ដោយ។

​និយាយ​ដោយ​ត្រួសៗ ទំនាក់​ទំនង​កម្ពុជា-ចិន​នៅ​សម័យ​ទំនើប បាន​ឆ្លង​កាត់​ទាំង​​ភាព​ផ្អែម​ល្ហែម និង​ភាព​ជូរ​ចត់ ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​បង្កើត​ចំណង​ការទូតផ្លូវការ​នឹង​គ្នា​កាល​ពី​ឆ្នាំ​១៩៥៨។ ទំនាក់​ទំនង​ការទូត​ដ៏​ផ្អែម​ល្ហែម ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ដោយ​មេដឹកនាំ​កម្ពុជា​អតីត​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ និងបិតា​ប្រទេស​ចិន​កុម្មុយនីស្ត លោក ម៉ៅ សេទុង។ ទំនាក់​ទំនងនេះ​ រឹង​រឹត​តែ​រឹង​មាំ​ថែម​ទៀត​ នៅ​ពេល​ដែល​​ប្រទេស​ចិន​ បាន​ក្លាយ​​ជា​មូលដ្ឋាន​នៃ​រដ្ឋាភិបាល​និរទេស​របស់​សម្ដេច សីហនុ និង​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត​នៅ​ក្នុង​​រណសិរ្ស​រួប​រួម​ជាតិ​កម្ពុជា បន្ទាប់​ពី​រដ្ឋ​ប្រហារ​ទម្លាក់​ទ្រង់​នៅ​ដើម​ឆ្នាំ​១៩៧០ ពី​សំណាក់​លោកសេនា​ប្រមុខ លន់ នល់ និង​មេដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត ដែល​ត្រូវ​បាន​គេ​ដឹង​ថា ទទួល​បាន​ការ​គាំ​ទ្រ​ពី​អាមេរិក​អំឡុង​សង្គ្រាម​ឥណ្ឌូចិន។

ទំនាក់​ទំនង​ផ្អែម​ល្ហែម​នេះ បាន​ផុត​រល់ត​ទៅ​វិញ បន្ទាប់​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ចិន​កុម្មុយនីស្ត​នោះ ត្រូវ​បាន​ផ្ដួល​រំលំ​​នៅ​ដើម​ឆ្នាំ​១៩៧៩ ពី​សំណាក់​​កម្លាំង​បះ​បោរ​មក​ពី​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា និង​ដែល​គាំ​ទ្រ​ដោយ​កង​ទ័ព​កុម្មុយនីស្ត​វៀតណាម។ រដ្ឋាភិបាល​នៃ​របប​សាធារណ​រដ្ឋ​ប្រជា​មានិតុ​កម្ពុជា ដឹកនាំ​ដោយ​លោក ហេង សំរិន លោក ហ៊ុន សែន និង​លោក ជា ស៊ីម នៅ​អំឡុង​ទសវត្សរ៍១៩៨០ បាន​បរិហារ​​ប្រទេស​ចិន​តាម​គ្រប់​វិធីសាស្ត្រ​ទាំង​អស់ ខណៈ​ដែល​ចិន​រួម​ដៃ​ជាមួយ​ប្រទេស​សេរី​ដទៃ​ទៀត នៅ​តែ​បន្ត​គាំ​ទ្រ​ក្រុម​ខ្មែរ​ក្រហម និង​កម្លាំង​តស៊ូ​ប្រដាប់​អាវុធ​ដទៃ​ទៀត នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ។

ទំនាក់​ទំនង​កម្ពុជា-ចិន បាន​ចាប់​ផ្ដើម​ប្រែ​ក្លាយ​ពី​សត្រូវ មក​ជា​មិត្ត និង​វិវត្តទៅ​ជា​មហាមិត្ត​នៅ​ក្នុង​រយៈ​ពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ការ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​កម្ពុជា​តាម​រយៈ​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ តើ​ចិន​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច​ទៅ​លើ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​រយៈ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ?

ប្រជាជន និង​រដ្ឋាភិបាល​ចិន បាន​ចូល​មក​ពាក់​ព័ន្ធ​លើ​​វិស័យ​ជា​ច្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​ជំរុញឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​សន្ទុះ​ខ្ពស់ ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក្លា​នៅ​តំបន់​អាស៊ី។

ជាច្រើន​ឆ្នាំ​មក​ហើយ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម តែង​តែ​នាំ​មុខ​គេ​នៅ​លើ​កំពូល​តារាង​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កាន់​ប្រទេស​កម្ពុជា ប៉ុន្តែ នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក​នេះ ​ប្រទេស​ចិន​បាន​នាំ​មុខ​វិញ​ម្ដង។ របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា បាន​ហក់​ឡើង​រហូត​ដល់ ១​លាន ២​សែន​នាក់​ហើយ​កាល​ពី​ឆ្នាំ​មុន ជាមួយ​កំណើនជាង ២១​ភាគរយ បើធៀប​នឹង​ឆ្នាំ​២០១៦​កន្លង​មក ខណៈ​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម មាន​ត្រឹម​ជាង ៨៣​ម៉ឺន ៥​ពាន់​នាក់​ប៉ុណ្ណោះ នៅ​ក្នុង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៥​លាន ៦​សែន​នាក់។ ថ្វី​បើ​ស្ថិត​លើ​និន្នាការ​បែប​នេះ​ក្ដី ប៉ុន្តែ កម្ពុជា​នៅ​តែ​ចង់​ឃើញ​កំណើន​ភ្ញៀវ​​ទេសចរ​ចិន​ចូល​មក​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ចូល​រួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

ខណៈ​ដែល​ចិន​គឺ​ជា​ប្រភព​​ធំ​នៃ​ទុន​វិនិយោគ​បរទេសដោយ​ផ្ទាល់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នោះ ចិន​ក៏​ជា​ប្រភព​នៃ​កម្ចី ឬ​ជំនួយ​ហិរញ្ញវត្ថុ ព្រម​ទាំង​បំណុល​សម្រាប់​កម្ពុជា​ផង​ដែរ។

ប្រទេស​ចិន​ឈរ​នៅ​ទី​១ នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នានា ដែល​បាន​បង្ហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់​ចូល​មក​កម្ពុជា ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ចុង​ក្រោយ ឬ​គិត​ត្រឹម​ឆ្នាំ​២០១៦។ របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ទំហំ​ទុន​វិនិយោគ​ពី​បរទេស​ដោយ​ផ្ទាល់ បាន​កើន​ឡើង ២៤​ភាគរយ ពោល​គឺ​បាន​កើន​ឡើង​ពី ២.៩​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២ ឡើង​ទៅ​ដល់ ៣.៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ដោយ​ក្នុង​នោះ ទំហំ​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន មាន​ចំណែក​ដល់​ប្រហែល ៣០​ភាគរយ។ បើ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចិន​បាន​បង្ហូរ​ទុន​វិនិយោគ​ចូលវិស័យ​​កសិកម្ម ឧស្សាហកម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ទេសចរណ៍ ដែល​​វិស័យ​សំខាន់ៗ​ទាំង ៤ ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ដើម​ឆ្នាំ​២០១៧​ថា រដ្ឋាភិបាល​ចិន​កុម្មុយនីស្ត្ត បាន​ផ្ដល់​ជំនួយ និង​កម្ចី​ឥណទាន​សរុប​ដល់​ទៅ ៤​ ២០០​លាន​ដុល្លារ គិត​ត្រឹម​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន។

ជាមួយ​កំណើន​នៃ​កម្ចី​ឥណទាន​បែប​នេះ របាយការណ៍​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​បង្ហាញ​ថា ចិន​គឺ​ជា​ម្ចាស់​បំណុល​ធំ​ជាង​របស់​កម្ពុជា ដោយ​មាន​ចំណែក​ដល់​ទៅ​ជាង ៧០​ភាគរយ​នៃ​ទំហំ​បំណុល​បរទេស​សរុប​របស់​កម្ពុជា​ជាង ៦​ពាន់ ៤៥០​លាន​ដុល្លារ។

បំណុល​កម្ពុជា​ជំពាក់​ចិន នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត​ទាំង​នៅ​ក្នុង​ឆ្នាំ​នេះ និង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ ខណៈ​ដែល​កម្ពុជា​ត្រូវ​ការប្រាក់​កម្ចី​មិន​តិច​ជាង ១​ពាន់​លាន​ដុល្លារ​នោះ​ឡើយ សម្រាប់​បំពេញ​តម្រូវ​ការ​កញ្ចប់​ថវិកា​ជាតិ​ដែល​ត្រូវ​បាន​បង្កើន​ជា​រៀង​រាល់​ឆ្នាំ​នោះ។

រដ្ឋាភិបាល​កម្ពុជា​បាន​អះ​អាង​ជា​សាធារណៈ​ថា ទំហំ​បំណុល​កម្ពុជា​ជំពាក់​បរទេស នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ បើទោះបី​ទំហំ​បំណុល​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្ដី ប៉ុន្តែ អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម តែង​តែ​លើក​ឡើង​ពី​បញ្ហា​ប្រសិទ្ធិភាព​នៃ​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​បាន​មក​ពី​បរទេស​នោះ៕

 

សូមរង់ចាំអានភាគបន្តនៅសប្តាហ៍ក្រោយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ