កូនអ្នកស្រី ទេព វន្នី​ មានជំងឺប្រចាំកាយរង់ចាំម្តាយចេញពីពន្ធនាគារ

​កុមារី អ៊ួ គង់បញ្ញា កូនស្រីច្បងរបស់អ្នកស្រី ទេព វន្នី

កូនស្រីច្បងរបស់អ្នកស្រី ទេព វន្នី ថ្លែងថា ពេលនេះគាត់កំពុងតែមានជំងឺឈឺក្បាលជាប្រចាំ ហើយមានអារម្មណ៍ឯកោ និងសង្ឃឹមថា ម្តាយខ្លួនចេញពីពន្ធនាគាររស់នៅជុំគ្នាវិញឆាប់ៗ។​

កូនស្រីច្បងរបស់អ្នកស្រី ទេព វន្នី ថ្លែងថា ពេលនេះគាត់កំពុងតែមានជំងឺឈឺក្បាលជាប្រចាំ ហើយមានអារម្មណ៍ឯកោ និងសង្ឃឹមថា ម្តាយខ្លួនចេញពីពន្ធនាគាររស់នៅជុំគ្នាវិញឆាប់ៗ។​

ខណៈតុលាការកំពូលកំពុងកាត់ទោសម្តាយនោះ កុមារី អ៊ួ គង់បញ្ញា អង្គុយនៅខាងមុខតុលាការជាមួយអ្នកភូមិផ្សេងទៀត ក្នុងចិត្តសង្ឃឹមថា ចៅក្រមដោះលែងម្តាយឲ្យមានសេរីភាពវិញ។

កុមារីអាយុ១៤ឆ្នាំរូបនេះ ថ្លែងថា គាត់មានអារម្មណ៍ស្មុគស្មាញ ហើយចង់ដេកអោបម្តាយដូចមុន។

កុមារីថា៖ «អត់សប្បាយចិត្ត ព្រោះខានដេកអោបគាត់យូរហើយ ចង់ដេកអោបគាត់!​ចង់ឲ្យតុលាការឲ្យម៉ាក់ចេញមកវិញ ១ ឆ្នាំ ជិត២ ឆ្នាំហើយ នឹកគាត់បានជួបគាត់មួយភ្លេចដែរ មិញហ្នឹង មកពីសល់ពេលអត់ទាន់ដល់ពេលទៅរៀនជួបគាត់មួយភ្លេចទៅ»។

គង់បញ្ញា ថ្លែងថា ពេលនេះ គាត់មានជំងឺខួរក្បាលត្រូវការប្រើប្រាស់ថ្នាំជាប្រចាំ។ បញ្ញារំឭកថា កាលមុនពេលឈឺ​មានម្តាយមើលថែ ជួបការលំបាកអីគាត់ជួយ ប៉ុន្តែពេលនេះម្តាយបានតែត្រឹមសួរសុខទុក្ខម្តងម្តាល ពេលនាងទៅជួបនៅពន្ធនាគារតែប៉ុណ្ណោះ។​

កុមារីថា៖ «ពេលឈឺវិញ បើនៅនោះគាត់ឧស្សាហ៍មើលតែបើនៅនោះគាត់អត់បានមើលទេ គាត់បានមានពេលតែសួរសុខទុក្ខ ពេលទៅសួរគាត់! គាត់សួរម៉េចហើយ ឈឺនឹងបាត់នៅ ឈឺដូចមុននៅតិចៗដែរ វាអត់ទាន់បាត់ម៉ង់ទេ ឥឡូវគ្រាន់តែឈឺក្បាលតិចៗ តែអត់អីទេ ពេលទៅដល់ផ្ទះញុំបាយ លេបថ្នាំលែងអីហើយ»។

កុមារី អ៊ួ គង់បញ្ញា មិនសូវពូកែនិយាយដូចម្តាយរបស់នាងនោះទេគឺ ពេលខ្លះសួរមួយម៉ាត់ ឆ្លើយមួយម៉ាត់។ នាងចូលចិត្តនៅកន្លែងស្ងៀមស្ងាត់ ទឹកមុខស្រពោនខុសពីកុមារដទៃទៀត។​

អ្នកស្រី ទេព វន្នី មានកូនប្រុសម្នាក់ទៀត អាយុ១១ឆ្នាំ ឈ្មោះ អ៊ូ គង់នាគរាជ្យ។ កូនប្រុសម្នាក់នេះក៏មានលក្ខណៈមិនខុសបងស្រីប៉ុន្មានដែរ ហើយចំពោះអ្នកផ្សេងមិនដែលស្គាល់នោះ កុមាររូបនេះមិននិយាយជាមួយទេ។​

សកម្មជនដីធ្លីម្នាក់កញ្ញា សុង ស្រីលាភ ដែលតែងតែទៅមើលកូនៗរបស់អ្នកស្រី ទេព វន្នី លើកឡើងថា តាំងពីម្ដាយជាប់ពន្ធនាគារមក កូនៗទាំងនេះ​ មិនដែលចេញមកលេងខាងក្រៅជាមួយក្មេងផ្សេងៗទៀតនោះ។

កញ្ញាថា «គាត់ខ្លាចពាក្យនិយាយខាងក្រៅ មានអ្នកខ្លះសួរគាត់ម៉ាក់ឯងទៅណា ឬក៏ម៉ាក់ឯងធ្វើអី ឬក៏ខ្លាចទៀតអាចថា ម៉ាក់ឯងជាប់គុក ដល់ពេលអញ្ចឹងទៅមកពីអារម្មណ៍គាត់ខ្លាចលឺពាក្យអស់ទាំងហ្នឹងហើយ បានជាគាត់ចេះតែសំងំនៅក្នុងផ្ទះ»។

កញ្ញាបន្តថា  ពេលដែលពួកគាត់ទៅមើលអ្នកស្រី ទេព វន្នី នៅពន្ធនាគារ អ្នកស្រី ទេព វន្នី តែងតែព្រួយបារម្ភពីកូនរបស់គាត់ ដោយសារ នាងមានជំងឺច្រើនជាពិសេសបញ្ហាខួរក្បាល។

កាលពីឆ្នាំ២០១៧ ពេលនាំខ្លួនចូលរួមសវនានៅសាលាឧទ្ធរណ៍ អ្នកស្រី ទេព វន្នី បានស្រែកទ្រហោយំសុំឲ្យដោះលែងអ្នកស្រី ដើម្បីបានទៅមើលថែកូនស្រី សម្រាកនៅមន្ទីរពេទ្យវះកាត់ពោះវៀនដុះខ្នែង។ ប៉ុន្តែសំណើនេះ មិនមានការឆ្លើយតបទេ។​

នៅថ្ងៃពុធនេះ ចៅក្រមជំនុំជម្រះតុលាការកំពូល បានសម្រេចឲ្យបន្តឃុំខ្លួនអ្នកស្រីបន្តទៀត  ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែលគឺជាប់ពន្ធនាគារ២ឆ្នាំ៦ខែ។ លទ្ធផលនៅថ្ងៃនេះធ្វើឲ្យក្តីរំពឹងរបស់កូនៗ អ្នកស្រី ទេព វន្នី នៅតែមើលមិនឃើញកោះត្រើយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។