ប្រធាន​ACUថាកំពុង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​​ការលាក់លុយក្រៅប្រទេស​របស់​រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ(ACU) លោក ឱម យ៉ិនទៀង នារសៀល​នេះ​លើកឡើងថាលោកបាន​ដឹងពីឯកសារ​​​ដែល​បង្ហាញ​​ថា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ​បាន​ទិញភាគហ៊ុន​នៅក្រៅ​ប្រទេស ដែល​ត្រូវ​បានចាត់ទុក​ថា​ជា​មធ្យោបាយ​មួយ​នៃ​ការលាក់លុយក្រៅប្រទេស​ហើយ​ថា​អង្គភាព​​កំពុង​ផ្ទៀងផ្ទាត់​លើ​ករណីនេះ។

លោក ឱម យ៉ិនទៀង លើកឡើង​បែប​នេះ​ក្នុង​សន្និសីទសារព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​របស់​អគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា។ ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន លោកមានប្រសាសន៍ថាអង្គភាព​​បានទទួល​ព័ត៌មាន​ពី​ការ​បង្ហាញ​របស់​ឯក​សារ​បរទេសមួយ​ដែល​ថា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លាក់​លុយ​ក្រៅ​ប្រទេស​ ហើយលោក​ថា​អង្គភាព​​កំពុង​​​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះតែមិនទាន់សម្រេចថាបើកការស៊ើប​អង្កេតនៅឡើយ។

លោកមានប្រសាសន៍ថា៖ “ពាក្យ​ស៊ើបអង្កេតគឺអត្ថន័យជំហានរបស់វាជ្រៅ ព្រោះអានេះជាដំណឹង អញ្ចឹង​យើងក៏ដំណឹងស្វែងរកស្រាវជ្រាវ តើវាពិតប៉ុណ្ណា​វាទុកចិត្តបានទេ ហើយបើទុកចិត្តបានហើយយើងទៅជួបអ្នកណាទៀត វាចេះតែកៀកៗៗទៅ ក្នុង​គោលដៅ​ដើម្បី​អាចឃើញការ​សន្និដ្ឋានមួយ​​បើកស៊ើបអង្កេត ឬមិនបើក​លើ​បញ្ហា​ហ្នឹង។

ក្រោយសារព័ត៌មានមួយចំនួន​បាន​ផ្សព្វ​ផ្សាយពី​ការ​លាក់​លុយ​នៅ​ក្រៅ​ប្រទេស​របស់​​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ក្រសួ​ង​យុត្តិធម៌កាលពី​ថ្ងៃទី៤ ខែ​មេសា ​បាន​ចេញ​សេចក្តីប្រកាសមួយ​​បដិសេធ​នឹង​ការ​លើក​​ឡើង​ថា​រដ្ឋមន្រ្តី​​បាន​ទិញភាគហ៊ុន​នៅក្រៅ​ប្រទេស។ នៅក្នុងសេចក្តីប្រកាស​ដដែល អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក សន សោភ័ណ​ បាន​បញ្ជាក់ថា​មាន​ការ​ចុះផ្សាយ​ថា​លោក អង្គ វង្ស វឌ្ឍានា ​បាន​ចំណាយ​ប្រាក់​៥ពាន់​ដុល្លារដើម្បី​ទិញភាគហ៊ុនចំនួន​៥ពាន់ក្នុង​​ឆ្នាំ​២០០៧ ក្នុងក្រុម​ហ៊ុន​មួយ​ដែល​បាន​ចុះ​បញ្ជី​នៅ​British Virgin Island​s។ លោក​បញ្ជាក់ថា៖ “ឯក​ឧត្តម​រដ្ឋមន្រ្តីមិន​ធ្លាប់​ស្គាល់ក្រុមហ៊ុន​ខាង​លើ​នេះ ហើយ​ក៏​មិន​ធ្លាប់​បាន​ទិញភាគហ៊ុន ក្នុងក្រុមហ៊ុន​បរទស​ណាមួយ​ឡើយ”។

នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា​អង្គភាពប្រឆាំង​អំពើពុករលួយមានតួនាទីយ៉ាងសំខាន់ក្នុងការ​អនុវត្ត​ច្បាប់ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំងអំពើពុករលួយឲ្យ​ស្មើ​ភាព​គ្នា​​រវាង​មន្រ្តី​សាធារណៈនិង​មនុស្សជាទូទៅដោយ​ស្មោះ​ត្រង់។

លោកមានប្រសាសន៍ថា៖ “រដ្ឋាភិបាល​ត្រូវ​តែមាន​វិធានការ​នៅ​ក្នុងការ​ទប់​ស្កាត់រូបភាពធ្វើ​ម៉េចរក្សាការពារ​មិន​ឲ្យ​មន្រ្តី​របស់​ខ្លួន​ហ្នឹង​ស្ថិត​ក្នុងភាព​បែបហ្នឹង ​ទោះ​បីជាកន្លង​មក​ហ្នឹង​រដ្ឋមន្រ្តី​​ក្រសួង​យុត្តិធម៌ហ្នឹង​​បាន​បដិសេធថាខ្លួន​ពិតជា​មិនបានពាក់ព័ន្ធ​មែនក៏​ដោ​យ តែ​នេះជារូបភាពកម្រិតសកលលោក យើង​ចាំបាច់​ត្រូវ​មាន​វិធានការ​មួយ​ចំនួន​ពីរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់ ឬក៏​ដើម្បី​ការពារឬក៏​ធានាថា​មន្រ្តី​របស់​ខ្លួន​មិនមានការ​​ពាក់ព័ន្ធឬរារាំង​​ទប់​ស្កាត់កុំ​ឲ្យមាន​​ការ​លេនូវ​ព័ត៌មាន​បែបនេះ​ជាបន្ត​ទៀត”

​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ត្រូវបានគេ​រក​​ឃើញ​ឈ្មោះ​នៅ​ក្នុង​បញ្ជី«Panama Paper»ដែល​ជា​ការ​បែក​ធ្លាយ​នៃ​កំណត់​​ត្រា​ធនាគារ​ពាក់​ព័ន្ធ​​នឹង​ការ​លាក់​លុយ​នៅ​ក្រៅស្រុក​។ ​បុគ្គលមួយចំនួន​​ដែល​មាន​ទ្រព្យ​សម្បត្តិនិង​មាន​អំណា​ច​​ជាង​គេ​នៅ​ជុំវិញ​ពិភព​លោកត្រូវ​បាន​ដាក់នៅ​ក្នុង​បញ្ជីមួយនេះ។​ ឯកសារ​បែកធ្លាយនោះ​ត្រូវ​បាន​​ពិនិត្យ​ដោយក្រុ​ម​អ្នក​សារព័ត៌មានជាង​៣៧០នាក់ មក​ពីប្រទេស​ជាង​៧០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ