អង្គភាពប្រឆាំងអំពើពុករលួយនឹងបន្ត​ស៊ើប​អង្កេត​បទល្មើសបន្ថែម​ទៀត​ ករណី​​លោក ស៊ុត ឌីណា​

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​នៅ​ក្នុងសន្និសីទ​កាលពីពេលកន្លងទៅ។

ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឲ្យដឹងថាអង្គភាព​នឹង​​ស៊ើប​អង្កេត​បន្តទៀត ករណី​​លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាង​ត្បូង ក្រោយ​ពី​អង្គភាពបាន​ស្នើ​តុលាការ​ចោទប្រកាន់​រូបលោក​ចំនួនពីរ​បទល្មើស​ជាមុនសិន។​ ​​

ក្នុង​សន្និសីទ​សារព័ត៌មាន ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ លោក​ ឱម យ៉ិន​ទៀង បានថ្លែង​ថាអង្គភាព​​​បាន​ស្នើ​តុលាការ​ចោទប្រកាន់​ លោក ស៊ុត ឌី​ណា ដែលអង្គភាពបានឃាត់ខ្លួនកាលពីថ្ងៃច​ន្ទ​ ចំនួន​ពីរ​បទល្មើស​គឺ​កេងយក​ផល​ប្រយោជន៍ដោយខុសច្បាប់​និង​រំលោភ​អំណាច​ដោយ​មានប្រសិទ្ធភាព។​ លោក​បានបញ្ជាក់​ថាក្នុងនោះ​មាន​ការយក​លុយស្ទីកឃ័រសម្រាប់​ទិដ្ឋាការសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន​និង​ការកេង​យក​លុយ​ពីក្រុមគ្រួសារពល​ករដែលស្លាប់​នៅប្រទេស​កូរ៉េ។​ ​លោក​បន្ត​ថាលោក​បាន​រកឃើញ​​បួន​​ប្រាំ​ប​ទ​ល្មើសទៀត​ តែ​លោកថា​អង្គភាព​បញ្ជូនទៅតុលាការ​តែ​ពីរ​បទល្មើសជា​មុនសិន។

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ​បាន​​បញ្ជាក់​បន្ថែម​ថា​លោក ស៊ុត ឌីណា ​ក៏បានជួយ​រត់ឯកសា​រ​សម្រា​ប់​​​​ខ្មែរ​រៀបការ​ជាមួយ​ជនជាតិកូរ៉េផងដែរ ដែល​លោក​ថានេះ​ជា​បទល្មើស​ផ្សេងទៀត ហើយ​លោក​ថា​លោក​មានភស្តុតាងពីរភាគបី​ ដែល​មិនទាន់​ផ្ញើទៅតុលាការ។​ លោក​មានប្រសា​សន៍ថា​អង្គភាព​​មាន”ភស្តុតាងរឹងជាច្រើន” ទាក់ទង​នឹង​ការ​ចោទប្រកាន់នេះ។​ លោក​បញ្ជាក់​ថា​លោក ​ស៊ុត ឌីណា មិនមែន”ក្រ”ដូច​ការចុះផ្សាយ​តាមហ្វេសប៊ុក​នោះ​។

តាមក្រមព្រហ្មទណ្ឌ ​មាត្រា​៥៩៨ លោក ស៊ុត ឌីណា អាច​ត្រូវ​ផ្តន្ទាទោសពី២ទៅ​៥ឆ្នាំនិងពិន័យជាប្រាក់ពី​៤លាន​ទៅ​១០លានរៀល ប្រសិន​បើ​រក​ឃើញ​ជាប់បទល្មើស​កេងផលប្រយោជន៍​ដោយ​ខុសច្បាប់។​ លោក ឱម ​យ៉ិន​​ទៀង ​បញ្ជាក់​ថា​ចំណែក​បទល្មើស​រំលោភអំណាចមានប្រសិទ្ធភាព លោក ស៊ុត ឌីណា អាចជាប់ពន្ធនា​គារពី​៥ទៅ​១០ឆ្នាំ។​

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ​ អង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថាយោង​តាម​ការចុះស៊ើបអង្កេតរបស់ACU នៅក្នុងប្រទេស​និងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងចម្លើយសារ​ភាពរបស់លោក ស៊ុត ឌីណានិងសាក្សីជាច្រើនទៀត អង្គភាពបានរកឃើញថាលោក ស៊ុត ឌីណា មាន​លុយនៅក្រៅធានាគារចំនួន៧,២លានដុល្លារនិងមានមាស១២,៤៧គីឡូក្រាម។ អង្គភាពឲ្យដឹងទៀតថាចំនួនទឹកប្រាក់នេះបង្ហាញថាកំណើនសាច់ប្រាក់រ​បស់លោក ស៊ុត ឌីណា ក្នុងរយៈពេល៣ឆ្នាំមានចំនួន៣លានដុល្លារ ដោយក្នុងឆ្នាំ២០១៣ លោកមានប្រាក់ចំនួន៤,២លានដុល្លារអាមេរិក។ លោក ឱម យ៉ិនទៀង បញ្ជាក់ថា​លោក​មិន​ទាន់ដឹង​ថា​លុយ​ក្នុងកុងធានាគារមានចំនួន​ប៉ុន្មាននោះទេ។​

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល អង្គភាពបញ្ជាក់​ថា​ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាពេល លោកចាកចេញទៅធ្វើជាឯកអគ្គរាជទូតប្រចាំប្រទេស​កូរ៉េខាងត្បូង រហូតមកដល់បច្ចុប្បន្ន លោក ស៊ុត ឌីណា បានធ្វើដំណើរទៅមករវាងប្រទេសកូរ៉េនិងប្រទេសកម្ពុជាចំនួន២១លើក ក្នុងរយៈពេល​២៥ខែនោះ ដែលមានន័យថាស្ទើរតែ១ខែ១លើក។ អង្គភាពលើក​ឡើង​ថា​ខ្លួនមានភស្តុតាងគ្រប់គ្រាន់ដើម្បីកសាងសំណុំ​បែបបទបញ្ជូនលោក ស៊ុត ឌីណា ទៅតុលាកា​រ។ អង្គភាពឲ្យដឹងទៀតថាអាស្រ័យដោយពេលវេលាកាសងបែបបទមានតែ៤៨ម៉ោង អង្គភាពបានសម្រេចកាសងសំណុំរឿងប្រមូលផ្ដុំលើ២បទល្មើសសិន។

អង្គភាព​បញ្ជាក់​ថា​ការ​ឃាត់ខ្លួន​លោក ស៊ុត ឌីណា ធ្វើឡើ​ងតាមពាក្យ​បណ្តឹង​របស់​ពលករខ្មែរ​នៅប្រទេស​កូរ៉េខាងត្បូង​និង​ពាក្យ​បណ្តឹង​របស់​មន្រ្តីក្រសួងការបរទេស​កម្ពុជានិង​កំណត់​ហេតុ​សវនកម្ម​នៃ​ប្រតិភូចម្រុះក្រសួងសេដ្ឋកិច្ច​និងក្រសួងការបរទេសដែល​អង្គភាព​បានអះអាង​ថា​លោក​ ស៊ុត ឌីណា បាន​ឃើញ​និង​ឯកភាព​កាលពីថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦។​

ម្តាយ​របស់​លោក ស៊ុត ឌីណា អ្នក​ស្រី យ៉ាំ ឈីវអេង អាយុ​៦៧ ឆ្នាំ បាន​បដិសេធ​នឹង​ការលើក​ឡើង​របស់អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ ដោយ​ថា​កូន​របស់អ្នកស្រីមិន​មានលុយ​ទៅដល់​ថ្នាក់ហ្នឹងនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “កុហកទាំងស្រុង ​មាន​មាស​ប៉ុន្មាន​១០គីឡូ​ អាណាស្អី។ ឲ្យ​ដើ​រសួរធនាគារ​គ្រប់ទៅ វា​មិនពិត​ទេអូន ខ្ញុំ​ឲ្យគាត់​ដើរសួរតាមធនាគារទាំងអស់ទៅ​​ ទៅ​ដាក់ធនាគារ​ឯណា៧លាន ៧សែន ឯណោះ​ បើ​មានលុយប៉ុណ្ណោះ ​ទិញឡានជិះ ខ្ញុំ​​លើកផ្ទះថ្មនៅ​”

អ្នកស្រីបន្តថា​លោក​ត្រូវ​បាន​រដ្ឋមន្រ្តីក្រសួង​ការបរទេស​លោក ហោ ណាំហុង ហៅ​មកប្រជុំ ទើប​លោក​មក​ ហើយ​មានការ​ចាប់ខ្លួន​នៅ​ក្រសួងការបរទេសកាលពីថ្ងៃចន្ទ។​

ឪពុករបស់លោក ស៊ុត ឌីណា ​លោក ស៊ុត ប៉េងគុណ បានអំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ជួយ​រកយុត្តិធម៌ឲ្យកូន។ លោក​មានប្រសាសន៍ថា៖ “កូនខ្ញុំ​មិនអញ្ចឹង​ទេ សូមសម្តេចជួយ កូន​មក​ឃើញ​តែ​ល្ហេមល្ហាម​ ទៅ​កូរ៉េ​មិនដែលផ្ញើលុយ​មកប៉ា”។

គួរបញ្ជាក់ថាលោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ ពេលត្រូវនាំខ្លួនចូលទៅក្នុងសាលាដំបូងរាជធានី លោក ស៊ុត ឌីណា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា នេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក៕​ ដោយ​ កាន់ វិច្ឆិកា និង​ស៊ុន ណារិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ