លោក ហ៊ុន សែន ថា​លោក​ត្រូវ​ទទួល​ខុសនិងត្រូវ​ជាមួយ​គ្នា​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពីពេល​កន្លងមក

លោក​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​ថ្លែង​ថា​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្រ្តី លោក​តែ​ង​ទទួល​ខុសនិង​ត្រូវ​ព្រមគ្នា​ នៅពេល​មាន​រឿងអ្វីមួយ​កើតឡើង។​

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុងពិធីសម្ពោធមហាកុដិនៅវត្តក្រពើហា ក្រុងតាខ្មៅ ស្រប​ពេល​ដែល​លោក​​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទនិង​អាជ្ញាធរ ការ​ពារ​សន្តិសុខ​និង​សុវត្ថិភាព​ជូន​ប្រជា​ពលរ​ដ្ឋ​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខនេះ។ លោក​បន្ត​ថា​នៅពេល​ចូល​ឆ្នាំ​ម្តងៗ លោក​តែងតែ​យក​ចិត្ត​ទុក​ដាក់​គ្រប់ពេលវេលា សូម្បីតែ​ពេល​យប់​ក៏​ដោយ។​

លោក ហ៊ុន សែន បានថ្លែង​ថា៖ “នៅពេលដែល​​មន្រ្តីរបស់​យើ​ងលង់លក់​ក្នុងដំណេកឬ​ប្រជា​ពលរដ្ឋ​​លង់លក់​នៅក្នុងដំណេក​ ខ្ញុំព្រះកុរណាខ្ញុំ នៅតាមដានសភាពការណ៍នៅឡើយ​ទេ ជាមួយមន្រ្តី​មួយ​ចំនួន​ដែល​អាច​ធ្វើទំនាក់ទំនងបាន។ ពេលហ្នឹង​អត់មានមេទ័ព មេប៉េអឹម មេប៉ូលិសណា បិទទូរស័ព្ទ​ ហៅ​ទូរស័ព្ទ​រក​មិនឃើញ ហើយ​អាឡៃ​ស្រវឹងទេ។ តិ​ច​ថាអូ​លោក ហ៊ុន សែន សប្បាយណាស់​ពេល​ចូលឆ្នាំ ទូរស័ព្ទប៉ុន្មានបើក​ទាំងអស់”។ លោក​បញ្ជាក់​បន្ថែម​ថា៖ “ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្រ្តី ខ្ញុំ​ព្រះករុណាខ្ញុំ មិនដែល​បាន​ធូរ​ចិត្ត​ នៅពេល​វេលា​បុណ្យធំៗនោះទេ។ …នេះ​ជា​កាតព្វកិច្ច​ពីលើ​ដល់​ក្រោម ព្រោះគេ​ឲ្យ​យើង​មក​ឈរ​កន្លែង​ហ្នឹង គេឲ្យ​យើងទទួល​ខុសនិងត្រូវ មិន​មែន​ទទួល​តែ​អា​ត្រូវទេ”។​

កាលពីថ្ងៃអង្គារ​ លោក​ ហ៊ុន សែន ​បាន​ថ្លែង​ថា​ប្រជា​ពលរដ្ឋ​បាន​ទទួល​ផល​ប្រយោជន៍​ពី​គណបក្ស​ប្រជាជនកម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រូប​លោក តែ​លោក​ថា​ពលរដ្ឋ​មិនពេញចិត្ត​នឹង​មន្រ្តីថ្នាក់ក្រោម​មួយចំនួន។លោកមានប្រសាសន៍ថា៖ “ប្រជា​ពលរដ្ឋ​ទទួល​ផលប្រយោជន៍ធំណាស់ ពីការដឹកនាំ​របស់គណបក្ស​ប្រជាកម្ពុជាំ ពីការដឹកនាំរបស់រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ ហ៊ុន សែនផ្ទាល់ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មិនសប្បាយ​ចិត្តជាមួយ​​នឹងអំពើ​ខ្លះ​ដែល​មន្រ្តីថ្នាក់ក្រោមរបស់យើង​ធ្វើមិនបានល្អ ដែលនាំទៅ​ដល់​ខឹងគោ វាយរទេះតែម្តង។ កុំ​បានកន្លែងធ្វើការល្អហើយ​ មិនព្រមទៅ​មើលប្រជាជន ក្រវ៉ាត់តែក ត្រង់ផ្លូវ យ៉ាងម៉េច លូស្ទះយ៉ាងម៉េច សំរាមស្ទះយ៉ាងម៉េច អញមិនដឹង​ អញដឹង​ថា​អាទិត្យទីបីបើកប្រាក់ខែម្មង”

លោក​ ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​​លោក​មិន​បាន​ក្តោ​បអំណាយ​ក្នុង​ដៃ​តែម្នាក់​ឯង​ហើយ​ថា​លោកក៏​​​មិនដែល​​បាន​បំពាន​ការងាររបស់​​រដ្ឋមន្រ្តី​នៅក្រោម​ឱវាទនោះទេ។​ លោក​​បានថ្លែង​បែប​នេះ​ ស្រប​ពេល​ដែល​លោក​បាន​ស្នើ​ឲ្យ​មាន​ការរុះរើគណៈរដ្ឋមន្រ្តីហើយ​រដ្ឋសភា​បានអនុម័ត​កាលពីថ្ងៃ​ចន្ទ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ