រដ្ឋាភិបាលប្រកាសកែសម្រួលទីតាំងចំណតរថយន្តក្រុងរបស់រដ្ឋ ដែលគ្រោងដឹកអ្នកដំណើរ ទៅលេងស្រុកកំណើត នារដូវចូលឆ្នាំថ្មីនេះ ដោយឥតគិតថ្លៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ខែមេសា បានប្រកាសថា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ មុននិងក្រោយចូលឆ្នាំ រថយន្តក្រុង របស់សាលាររាជធានីភ្នំពេញ ចំនួន៦០គ្រឿង នឹងដឹកពលរដ្ឋចេញពីរាជធានី ឆ្ពោះទៅបណ្តាខេត្តនានា ក្នុងពិធីបុណ្យចូលឆ្នាំដោយឥតគិតថ្លៃ ។
បន្ថែមពីនេះ សាលារាជធានីភ្នំពេញ ឲ្យដឹងតាមសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី៣ខែមេសាថា ពលរដ្ឋដែលមានបំណង ជិះរថយន្តឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងពិធីបុណ្យចូលឆ្នាំនេះ អាចទៅកាន់ ចំណត៥ទីតាំង ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ។
សាលារាជធានីថា ទីតាំងទាំងនោះមាននៅផ្លូវ៦០ម៉ែត ចូលតាមផ្លូវមុខវត្តចាក់អង្រែក្រោម ឬតាមមហាវិធីថីព្រះមុនីវង្ស។ ទីតាំងទី២នៅផ្លូវជាតិលេខ៣ហួសរង្វង់មូលចោមចៅ ជិតបញ្ជាការដ្ឋានកងពលតូចលេខ៧០ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ចំណតទី៣នៅប្រសព្វផ្លូវជាតិលេខ៤ និងមហាវិថី ឈ្នះឈ្នះ( កប់ស្រូវ)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទីតាំងទី៤ នៅសួនឫស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី)ជាប់ផ្លូវជាតិលេខ៥ និងមួយកន្លែងទៀត នៅតំបន់អភិវឌ្ឍជ្រោយសង្វារ របស់ក្រុមហ៊ុន OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បើតាមសេចក្តីជូនដំណឹង រថយន្តនឹងចេញដំណើរនៅម៉ោង៥ព្រឹក។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ឲ្យVOD ដឹងថា ពលរដ្ឋគ្រប់និន្នាការ អាចជិះរថយន្តក្រុងរដ្ឋាករស្វ័យយ័តបាន ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
លោកថា៖«សម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃនិងមានផ្លូវជាតិលេខ១ លេខ៣ លេខ៤ លេខ៥ និងលេខ៦ហ្នឹង គឺម៉ោង៥ព្រឹក លោក អញ្ចឹងទៅទីតាំងកន្លែងឡើងឡានទៅ ហើយយើងមានលំអិតក្នុងសេចក្តីជូនដំណឹងរបស់យើងហើយ ។ អ្នកទៅដល់មុនគាត់អាចឡើងឡានបានមុន ហើយពេញគេចេញទៅ ដឹកបងប្អូនយើងជូនទៅស្រុក រយៈពេល៧ថ្ងៃហ្នឹងឥតគិតថ្លៃទេនរណាក៏ដោយ»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានសាទរទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលនេះ ដោយថា ការបញ្ចេញរថយន្តក្រុង របស់រដ្ឋដឹកនាំអ្នកដំណើរក្នុងពិធីបុណ្យជាតិនេះ ជាការជួយសម្រួលដល់អ្នកដែលមានចំណូលទាបផង និងជាសារព្រមានទៅក្រុមហ៊ុនឯកជនផងដែរថា ពួកគេនៅតែឆ្លៀតដំឡើងថ្លៃសំបុត្រ ក្នុងរដូវបុណ្យជាតិនេះ ។
លោកថា៖«ការបញ្ចេញរថយន្ត៦០គ្រឿននេះអាចស្រូបទាញនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋមួយចំនួន ហើយវិស័យឯកជនអាចនឹងមានគូប្រកួតប្រជែងមួយ។អញ្ចឹងយើងសង្ឃឹមថាឆ្នាំក្រោយៗពួកគេនឹងរកមធ្យោបាយសម្រួលកុំឲ្យសេវារបស់ពួកគេប្រឈមនឹងហានិភ័យខ្ពស់។ព្រោះថាបើនៅតែឡើងថ្លៃទៀត គេនាំគ្នាសម្រុកមកជិះឡានក្រុង របស់រដ្ឋអត់បង់ថ្លៃអស់ពេលហ្នឹងអាចប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ»។
ជាការកត់សម្គាល់ ពេលមានពិធីបុណ្យចូលឆ្នាំ ឬពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋជាច្រើនបានចេញយ៉ាងគំហុក ពីរាជធានីភ្នំពេញ ធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ ដើម្បីចូលរួមអបអរសារទរពិធីបុណ្យជាតិនោះ។
ការសម្រុកចេញព្រមគ្នាក្នុងពេលតែមួយបែបនេះ ជំរុញឲ្យតម្លៃសំបុត្ររថយន្ត ឯកជនមួយចំនួន ឆ្លៀតដំឡើងថ្លៃខ្ពស់ កន្លែងខ្លះដំឡើងថ្លៃទ្វេរដង និងខ្លះទៀតលើសពីនេះ បង្កឲ្យប៉ះពាល់ដល់ជីវភាពអ្នកធ្វើដំណើរ ដែលមានប្រាក់ចំណូលទាប ។