មន្ត្រី​សិទ្ធិមនុស្ស​នឹង​ពាក់​អាវ​ខ្មៅ​ជួបជុំគ្នា​មុខ​ពន្ធនាគារ​ព្រៃ​ស​ប្រឆាំង​ការចាប់​ឃុំខ្លួន​មន្ត្រី​អាដហុក

សង្គមស៊ីវិល អ្នកមានជម្លោះដីធ្លី ប្រកាសថា ពួកគេនឹងជួបជុំគ្នា នៅមុខពន្ធនាគារព្រៃស ដើមសប្តាហ៍ក្រោយនេះ ធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ ដែលពួកគេថា ជាសារបង្ហាញថាពួកគេមិនពេញចិត្តទៅនឹងរដ្ឋាភិបាល ដែលចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក។

ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី៦ខែឧសភា សហគមន៍ដែលមានជម្លោះដីធ្លីឲ្យដឹងថា ក្រៅពីធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ មុខពន្ធនាគារ នៅថ្ងៃទី៩ខែមេសានោះ ក៏មាន និមន្តព្រះសង្ឃសូតធម៌ ឲ្យពរជ័យតាមបែបជំនឿសាសនាដល់មន្ត្រីការពារសិទ្ធិមនុស្សទាំង៥នាក់ ដែលតុលាការសម្រេចឲ្យឃុំខ្លួននោះដែរ។

សេចក្តីជូនដំណឹងដដែលឲ្យដឹងទៀតថា យុទ្ធនាការពាក់អាវខ្មៅនោះ ក៏ជាសារមួយបង្ហាញទៅសហគមន៍អន្តរជាតិថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងជាសារជំរុញឲ្យរដ្ឋាភិបាលពិចារណាដោះលែងអ្នកទាំងនោះ ឲ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រីគ.ជ.បនិងមន្ត្រីអង្គការសហប្រជាជាតិ ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្ត្រីអាដហុក៤ រូបនោះ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។

ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី (មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ទាក់ទិននឹងសំនុំរឿងស្នេហាឯកជនមួយរបស់ស្រី មុំ ជាមួយមេដឹកនាំបក្សប្រឆាំងមួយរូប ដែលសង្គមស៊ីវិលសង្ស័យថា សំនុំរឿងនោះជាការរៀបចំរបស់អ្នកនយោបាយ។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានបក្សកាន់អំណាចច្រានចោល។

យ៉ាងណាក៏ដោយសង្គមស៊ីវិល បានអំពាវនាវឲ្យពលរដ្ឋ ដែលចង់ចូលរួម តស៊ូមតិប្រឆាំងនឹងការចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុកនេះ ពួកគេអាចពាក់អាវខ្មៅ ក្នុងមួយអាទិត្យម្តង រៀងរាល់ថ្ងៃចន្ទ នៅកន្លែងធ្វើការ ការធ្វើដំណើរ នៅកន្លែងលក់ដូ និងតាមផ្ទះក៏បាន ដែលសង្គមស៊ីវិលថា ដើម្បីជំរុញឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ