ក្រសួងថា រក​ឃើញ​ស្រា​មាន​ជាតិ​ពុល​ខ្ពស់ ខណៈ​ចំនួន​អ្នក​​ស្លាប់​នៅ​ក្រចេះ​កើន​ដល់​១១​នាក់

រូបភាព៖ ពលរដ្ឋ​មក​ពី​ស្រុក​ចិត្របុរី សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ ។ រូបថត៖ គេហទំព័រ​នគរបាល​ជាតិ

ក្រសួងសុខាភិបាល បាន​អះ​អាង​ថា ពលរដ្ឋ​ដល់​ទៅ ១១​នាក់​ហើយ បាន​ស្លាប់ ហើយ​អ្នក​ភូមិ ១៤៩​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ ដោយ​ក្រសួង​បាន​បន្ទោស​ទៅ​លើ​ស្រា​ផ្ទុក​ទៅ​ដោយ​ជាតិ​ពុល​ខ្ពស់ និង​ការប្រើ​ប្រាស់​ទឹក​ព្រែក​នៅ​មូលដ្ឋាន។

អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ពលរដ្ឋ ១០​នាក់​នៅ​ ភូមិ​អាលច ឃុំ​កន្ទួត ស្រុក​ចិត្របុរី បាន​ស្លាប់ ហើយ ១២១​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ក្នុង​នោះ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​អ្នក​ភូមិ​ទាំង​នោះ មាន​អការៈ​ក្អួត​ចង្អោ អស់​កម្លាំង ទន់​ដៃ​ជើង វិល​មុខ និង​ថប់​ដង្ហើម​ជា​បន្ត​បន្ទាប់។

ប៉ុន្តែ របាយការណ៍ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ បាន​ឲ្យដឹងថា គិតត្រឹមថ្ងៃទី៧ឧសភាពនេះ ចំនួនអ្នកស្លាប់កើនដល់ ១១នាក់ ហើយ​ពលរដ្ឋ​ធ្លាក់​ខ្លួន​ឈឺ បាន​កើន​ឡើង​ដល់​ចំនួន ១៤៩​នាក់ ក្នុងនោះ មាន​ស្រី ៧៥នាក់។

ក្នុងចំណោមជនរងគ្រោះទាំងនោះ ក្រសួងថា មនុស្សចំនួន ១២នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ និងរកឃើញថា មានរោគសញ្ញាពុលស្រា ដែលមានជាតិមេតាណុលខ្ពស់។ ចំណែក ការវិភាគលើសំណាកទឹកព្រែកវិញ ក្រសួងថា មិនទាន់រកឃើញមូលហេតុជាក់លាក់នៅឡើយ។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវត្ថា ប្រាប់ថា ក្រុមការងារ​កំពុងសិក្សាស្រាវជ្រាវលើបញ្ហានេះ ហើយលទ្ធផល នឹងចេញជាផ្លូវការនាពេលក្រោយ។

ក្នុងសេចក្ដីសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានក្រើនរំលឹកប្រជាពលរដ្ឋរស់នៅក្នុងខេត្ដក្រចេះ ការពារសុខភាពផ្ទាល់ខ្លួន ដោយអនុវត្តអនាម័យស្អាត រស់នៅស្អាត កុំបរិភោគស្រាគ្មានប្រភពច្បាស់លាស់ និងកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ ចូលក្នុងព្រែក ទន្លេ ឬបឹង ដែលជាប្រភពទឹកប្រើប្រាស់របស់ពួកគេ។

កាលពីថ្ងៃទី៦ឧសភាម្សិលមិញនេះផងដែរ ក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ មនុស្សចំនួន៤៤នាក់ ត្រូវបានគេសង្ស័យថាពុលនំអន្សមអាំង ក្នុងនោះមានស្រី ២៣នាក់ ខណៈ ២៨នាក់ មានសភាពធ្ងន់ធ្ងរ។ អ្នកបើតាមហ្វេសប៊ុកអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធិ នៅថ្ងៃចន្ទនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ