និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានបញ្ឈប់ពីការងារក្រោយដូរម្ចាស់ថ្មី

និពន្ធ​នាយក​កាសែត​ភ្នំពេញ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​នៅ​ថ្ងៃ​នេះ​ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​កាសែត​នេះ​ប្រកាស​ថា ត្រូវ​បាន​លក់​ទៅ​ឲ្យ​ម្ចាស់​ថ្មី​ជា​ជន​ជាតិ​ម៉ាឡេស៊ី ដែល​មាន​ទំនាក់​ទំនង​នឹង​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

និពន្ធ​នាយក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ លោក កៃ គឹមសុង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ការិយាល័យ​កាសែត​នៅ​រសៀល​ថ្ងៃ​នេះ​ថា លោក​ពិត​ជា​ត្រូវ​បាន​ម្ចាស់​ថ្មី​នៃ​កាសែត​នេះ បញ្ឈប់​ពី​ការងារ​ពិត​ប្រាកដ​មែន ដោយ​ពុំ​បាន​ជូន​ដំណឹង​មុន​នោះ​ឡើយ។

បើ​តាម​លោក គឹមសុង ម្ចាស់​ថ្មី​នៃ​កាសែត​មួយ​នេះ បាន​ប្រាប់​លោក​ថា លោក​បាន​សាង​កំហុស​ធំ​មួយ ក្រោយ​ពី​បាន​អនុញ្ញាត​ឲ្យ​ចុះ​ផ្សាយ​អត្ថបទ​មួយ​នៅ​លើ​ទំព័រ​មុខ​នៃ​កាសែត​មួយ​នេះ ក្រោម​ចំណង​ជើង​ថា «កាសែត​ភ្នំពេញ ប៉ុស្តិ៍ ត្រូវ​បាន​លក់​ទៅ​ឲ្យ​វិនិយោគិន​ម៉ាឡេស៊ី»។

លោក គឹមសុង​ ប្រាប់​ថា៖ «តាម​ Owner [ម្ចាស់]​ថ្មី គាត់​គិត​ថា ខ្ញុំ​បាន​សាង​កំហុស​ដ៏​ធំមួយ គឺ​អនុញ្ញាត​ឲ្យ​អត្ថបទ​មួយ​ចេញ​នៅ​ទំព័រ​មុខ គឺ​អត្ថបទ​ពាក់​ព័ន្ធ​នឹង​លក់​ភ្នំពេញ ប៉ុស្តិ៍ ហើយ​ក្នុង​នាម​ជា Editor-in-Chief [និពន្ធ​នាយក] គេ​គិត​ថា មិន​គួរ​ឲ្យ​ចេញ​អត្ថបទ​អញ្ចឹង​ទេ។ បើ​កាល​ណា​ចេញ​អត្ថបទ​ហ្នឹង គឺ​ជា​ការ​សាង​កំហុស​ដ៏​ធំ​មួយ អញ្ចឹង​ក្រុមហ៊ុន​ថ្មី​មិន​អាច​ទទួល​យក​បាន»

បើទោះបី​ជា​លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង​ជា​មុន​ក៏​ដោយ ក៏​លោក គឹមសុង ប្រាប់​ថា លោក​នឹង​តវ៉ា​នោះ​ឡើយ​ជុំ​វិញ​ការ​បណ្ដេញ​បែប​នេះ ហើយ​លោក​ប្រាប់​ឲ្យ​ចាំ​មើល​ដំណើរ​វិវឌ្ឍន័​នៃ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​។

លោក​បន្ថែម​ថា៖ «អត់​មាន​អី​តវ៉ា ព្រោះ​គាត់​បណ្ដេញ​ខ្ញុំ​ចេញ​ហើយ។ ជា​ការសម្រេច​របស់​ Owner ថ្មី។ គាត់​អត់​ពេញ​ចិត្ត គាត់​មាន​សិទ្ធិ​ដេញ​ខ្ញុំ​បាន ព្រោះ​គាត់​ជា​ម្ចាស់។ […] You will see, I have no comment [អ្នក​នឹង​បាន​ឃើញ ខ្ញុំ​គ្មាន​មតិ​អី​ទេ]»

​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​មុខ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា កាសែត​ភាសា​អង់គ្លេស​មួយ​នេះ ត្រូវ​បាន​លក់​ទៅ​ឲ្យ​វិនិយោគិន​ម៉ាឡេស៊ី លោក Sivakumar G. (Siva) ជា​ម្ចាស់​ក្រុមហ៊ុន Asia PR ដែល​ធ្លាប់​សម្រេច​ការងារ​កាល​ពី​ពេល​កន្លង​មក​សម្រាប់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ជា​ការី​និពន្ធ​​ម្នាក់​នៅ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ លោក Ananth Baliga ដែល​ជា​ម្ចាស់​សំណេរ​នៃ​អត្ថបទ​នោះ បាន​បង្ហោះ​សារ​នៅ​លើ Twitter របស់​លោក​ថា ម្ចាស់​ថ្មី​របស់​កាសែត​នេះ បាន​បញ្ជា​ឲ្យ​លោក និង​អ្នក​កាសែត​បរទេស​មួយ​រូប​ទៀត ដក​ចេញ​អត្ថបទ​ចុះ​ផ្សាយ​អំពី​ការ​ផ្លាស់​ប្ដូរ​ម្ចាស់​ថ្មី​របស់​កាសែត​នេះ។

លោក​ Ananth បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​នឹង​មិន​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​ ប៉ុស្តិ៍ វិញ​ទេ។ គេ​បំផ្លាញ​ខ្ញុំ មិន​ឲ្យ​ខ្ញុំ​អាច​ធ្វើការ​រាល់​ថ្ងៃ​ជាមួយ​អ្នក​កាសែត​ឆ្នើម​មួយ​ចំនួន​ដែល​ខ្ញុំ​ស្គាល់។ ខ្ញុំ​ជូន​ពរ​ពួកគេ​បាន​សុខ​សប្បាយ»។

អ្នក​កាសែត​ លោក Brendan O’Byrne ដែល​បាន​សរសេរ​អត្ថបទ​នេះ ក៏​បាន​ឆ្លើយ​តប​ថា លោក​បាន​បដិសេធ​ដក​ចេញ​អត្ថបទ​នេះ ហើយ​លោ​ក​បាន​ដាក់​ពាក្យ​លា​ឈប់​ពី​ការងារ​ផង​ដែរ បន្ទាប់​ពី​មាន​បញ្ជា​ឲ្យ​ដក​រឿង​នេះ​ចេញ​ពី​គេហ​ទំព័រ​នោះ។

នាយក​ក្រុមហ៊ុន Post Media Co., Ltd លោក Bill Clough បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា កាសែត​ភ្នំពេញ ប៉ុស្តិ៍ ដែល​មាន​អាយុ​កាល ២៦​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​លក់​ទៅ​ឲ្យ​លោក Sivamukar G. (Siva) ដែលលោក Clough អះ​អាង​ថា ជា​តំណាង​ក្រុម​វិនិយោគ​ដ៏​រឹង​មាំ​មកពី​​ម៉ាឡេស៊ី និង​ជា​អ្នក​កាសែត​ម្នាក់​ដ៏​គួរ​ឲ្យ​គោរព។

ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ លោក Sivakumar បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា អត្ថបទ​ដែល​ចុះ​ផ្សាយ​នោះ មាន​កំហុស​រហូត​ដល់​ទៅ ៧​ចំណុច ក្នុង​នោះ​មាន​ទាំង​ការ​ភ្ជាប់​រូប​ទៅ​នឹង​ការងាររបស់​លោក​ជួយ​ដល់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពី​អតីត​កាល​​ផង​ដែរ។

លោក Sivakumar S Ganapathy បាន​រៀបរាប់​ថា៖ «សំណេរ​នេះ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ និង​មិន​អាច​ឲ្យ​គេ​សន្និដ្ឋាន​ផ្អែក​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​រវាង​ក្រុមហ៊ុន PR និង​អតិថិជន​កាល​ពី​ជាង ២៥​ឆ្នាំ​មុន​នោះ​ឡើយ»។

ដោយ​ថា​មាន​កំហុស​សូម្បី​តែ​ឈ្មោះ និង​តួនាទី​របស់​លោក​នោះ លោក Sivakumar បាន​និយាយ​បន្ថែម​ថា​៖ «លោក​បាន​ទិញ​យក​ក្រុមហ៊ុន PR កាល​ពី​ខែ​តុលា​ឆ្នាំ​២០១១ ជា​ពេល​ដែល​កាសែត The Cambodia Times បាន​បញ្ឈប់​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​(១៩៩៧)»។

វិវាទ​បែប​នេះ​នៅ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​កាសែត​នេះ​ប្រឈម​មុខ​នឹង​បញ្ហា​ពន្ធ ជុំ​វិញ​ការ​ចោទ​ថា កាសែត​នេះ​បាន​ចាក់​សាច់​ប្រាក់​ទំហំ ២.៥​លាន​ដុល្លារ​ដោយ​ពុំ​បាន​រាយការណ៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ប្រាប់​រដ្ឋាភិបាល​កម្ពុជា និង​ជុំ​វិញ​បណ្ដឹង​វិវាទ​ការងារ​ជាមួយ​អតីត​អគ្គ​នាយក​ លោក Chris Dawe។

ក្រុម​មន្ត្រី​មក​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចុះ​ទៅ​អនុវត្ត​សាល​ដីកា​របស់​ខ្លួន​កាល​ដើម​ខែ​មេសា​កន្លង​មក​នេះ បន្ទាប់​ពី​កាសែត​នេះ​ចាញ់​ក្ដី​នៅ​តុលាការ​ជាន់​ទាប នៅ​ក្នុង​វិវាទ​ការងារ​​ជាមួយ​អតីត​អគ្គ​នាយក លោក Chris Dawe។

ខណៈ​ដែលកំពុង​​ប្ដឹង​បន្ត​ទៅ​តុលាការ​កំពូល​នោះ លោក Clough បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា សំណុំ​រឿង​ក្ដី​នៅ​តុលាការ មិន​បាន​គំរាម​កំហែង​ដល់​ដំណើរការ​របស់​កាសែត​នេះ​ឡើយ ប៉ុន្តែ លោក​ថា គឺ​ជា​រឿង​ខក​ចិត្ត​ខ្លាំង​ក្លា ហើយ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាពទន់​ខ្សោយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ផង​ដែរ។

កាសែត​មាន​អាយុ​កាល ២៦​ឆ្នាំ​មួយ​នេះ បាន​ធ្លាក់​ទៅ​ស្ថិត​ក្នុង​ស្ថានភាព​ចម្រូង​ចម្រាស់​ជុំ​វិញ​បញ្ហា​ពន្ធ និង​វិវាទ​ការងារ ប្រហែល​ជា ៦​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី បាន​ប្រកាស​បិទ​ដំណើរការ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ជុំ​វិញ​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា កាសែត​មួយ​នេះ​ជំពាក់​ពន្ធ​រដ្ឋ​ចំនួន ៦.៣​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

ប៉ុន្តែ ក្រុម​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​វិធានការ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ខណៈ​ដែល​សារព័ត៌មាន​ឯករាជ្យ​មាន​ចំនួន​តិច​តួច​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ