លោក ​ហ៊ុន សែន អះ​អាង​ថា ប្រទេស​មហា​អំណាច​ធំៗ​បន្ត​គាំ​ទ្រ​រូប​លោក

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អះ​អាង​ថា សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​គាំ​ទ្រ​រដ្ឋាភិបាល​របស់​លោកដដែល ដែល​ជា​ប្រតិកម្ម​តប​ទៅ​នឹង​អតីត​មេ​បក្ស​ប្រឆាំង ដែល​បាន​អះ​អាង​ថា សហគមន៍​អន្តរជាតិ​មិន​ទទួល​កម្ពុជា​នោះ​ឡើយ

អតីត​មេដឹកនាំ​បក្ស​នេះ លោក សម រង្ស៊ី កាល​ពី​ចុង​ខែ​មេសា​កន្លង​មក​នេះ បាន​ស្វែង​រក​ការ​គាំ​ទ្រ​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​នោះ​មាន​ទាំង​ជប៉ុន និង​ឥណ្ឌូនេស៊ី ឲ្យជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ ហើយ​លោក​អះ​អាង​ថា សហគមន៍​អន្តរជាតិ​បាន​គាំ​ទ្រ​ឲ្យ​មាន​វត្តមាន​អតីត​បក្ស​ប្រឆាំង​មួយ​នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

ប៉ុន្តែ អំឡុង​ពេល​បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​ជាតិ​លេខ ៣ នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​ប្រតិកម្ម​​ខ្លាំងៗ​ថា គណបក្ស​មួយ​ស្លាប់​បាត់​មិន​អាច​រារាំង​ដំណើរ​ការ​លិទ្ធិ​ប្រជា​ធិប​តេយ្យ​សេរីពហុបក្ស​នៅ​កម្ពុជា​បាន​នោះទេ ហើយ​ក៏​មិនចាំ​បាច់​​ត្រូវ​ការការ​​ទទួល​ស្គាល់​ពី​អន្តរជាតិ​​ ឬ​ប្រទេស​ណាមួយ​ទៅ​លើ​ការ​បោះឆ្នោត​នោះ​ទេ។

​លោកថា៖ «ឥឡូវឆ្លើយមកសហគមន៍អន្តរជាតិជានរណា? អ្នកឯងមានប្រទេស ប្រទេសស្រែកគាំទ្រអ្នកឯង តែកុំភ្លេចថាប្រទេសច្រើនណាស់ដែលគាំទ្ររដ្ឋាភិបាលសព្វថ្ងៃ ហើយបន្តការងារជាមួយរដ្ឋាភិបាលសព្វថ្ងៃ ចិន ឥណ្ឌា កូរ៉េ​ខាងត្បូង ជប៉ុន អាស៊ាន រុស្ស៊ី តើគេមិនមែនជាសហគមន៍អន្តរជាតិទេអី? […] អង្គការសហប្រជាជាតិកំពុងតែត្រូវការកម្ពុជាឲ្យបញ្ជូនកម្លាំងកាន់តែច្រើន!​ កៅអីនេះជារបស់កម្ពុជាមិនមែនជារបស់លោកឯងទេ! អានេះ បើសិនជាឆ្កួត ហើយបើភូតគួរណាស់តែភូតមហាសមុទ្រអាត្លង់តិចទៅកុំភូតថ្លុកភូតត្រពាំង! ភូតប្រចាំថ្ងៃយ៉ាងនេះ» 

ទោះជាយ៉ាង​ណា សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប​ដែល​មាន​សមាជិក ២៧​ប្រទេស សុទ្ធ​តែ​បាន​ថ្កោល​ទោស​លើ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ជំរុញ​ទៅ​ប្រទេស​នេះ ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ ​ដោះ​លែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​អស់​រយៈ​ពេល​​ជាង ៨​ខែ​មក​ហើយ និង​ការ​អនុញ្ញាត​ឲ្យ​​បក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត កាល​ពី​ចុង​ខែ​មេសា​កន្លង​មក​នេះ បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែង​ការ​ណ៍​របស់លោក​ស្រីថា ការ​បោះឆ្នោត​ខែ​កក្កដាខា​ង​មុខ​ នឹង​មិន​ឆ្លុះ​បញ្ចាំ​ង​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ ប្រសិនបើរដ្ឋាភិបាល មិនដោះលែង​លោក កឹម សុខា មិន​លុប​ចោល​បម្រាម​នយោបាយ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង ១១៨​រូប មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ មិន​បញ្ឈប់​ការ​រឹត​ត្បិត​លើ​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ។

លោកស្រី រ៉ូណា ស្មីត ថ្លែងថា៖ «ការបោះឆ្នោតមួយ មិនអាចក្លាយជាការបោះឆ្នោតពិតប្រាកដឡើយ បើគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានគេរារាំងមិនឲ្យចូលរួម»

បណ្ដា​ប្រទេស​ចំនួន ៤៥ ក្នុង​ចំណោម​​សមាជិក ៤៧​ប្រទេស​​នៅ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ​កាលពី​ខែ​មីនា​កន្លង​មក​នេះ បានរួមគ្នា​ចេញ​សេចក្តី​ថ្លែង​ការណ៍​​ថ្កោលទោសបញ្ហានយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយថា រដ្ឋាភិបាល​កំពុង​អនុវ​ត្ត​ផ្ទុយ​ពីគន្លង​ប្រជា​ធិប​តេយ្យ និងស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស។

ប៉ុន្តែ តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានច្រាន​ចោលការ​ចោទ​ប្រកាន់​នេះ ហើយថា សេចក្តីថ្លែងការណ៍នោះ មិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ