តុលាការកំពូលសម្រេចឲ្យបន្តឃុំខ្លួនលោក កឹម សុខា

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

តុលាការកំពូលនៅថ្ងៃនេះ បានសម្រេចឲ្យបន្តឃុំខ្លួនលោក កឹម សុខា ដូចការសម្រេចរបស់តុលាការថ្នាក់ក្រោមដដែល បើទោះ​បី​ជា​មេធាវីលោក កឹម សុខា អះអាងថា កូនក្ដីរបស់ខ្លួននឹងសហការជាមួយតុលាការដោយមិនរត់គេចទៅណានោះទេ។

កាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេច ឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែទៀត ខណៈដែលលោកជាប់ពន្ធនាគារអស់រយៈពេល៦ខែកន្លងមក។

នៅថ្ងៃនេះ តុលាការកំពូលបានបើកសវនាការលើ​​​បណ្តឹង​​ប្រឆាំង​នឹង​ការ​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​របស់មេធាវីការពារក្ដីឲ្យលោក កឹម សុខា ប៉ុន្តែសវនាការនេះ មិនមានវត្តមានលោក កឹម សុខា ចូលរួមឡើយ។

នៅក្នុងបន្ទប់សវនាការនៅថ្ងៃនេះ ក្រុមមេធាវីការពារក្ដីឲ្យលោក  កឹម សុខា បានប្រាប់ទៅក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលថា ចៅក្រមសាលាដំបូង និងសាលាឧទ្ធរណ៍ បានសម្រេចឲ្យឃុំខ្លួនកូនក្ដីរបស់ពួកគេរយៈពេល៦ខែបន្តទៀត ដោយថា ដើម្បី​បង្ក្រាប​បទ​​ល្មើសកុំឲ្យកើតឡើងជាថ្មី និងរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការ។ ប៉ុន្តែការលើកហេតុផលនេះ ក្រុមមេធាវីថា មិន​សមស្រប​ឡើយនោះឡើយ ដោយសារ រយៈពេល៦ ដែលឃុំខ្លួនកូនក្ដីរបស់ពួកគេកន្លងមក គឺ​ចៅក្រមស៊ើប​រកមិនឃើញភស្តុតាងអ្វីថ្មីនោះទេ។

មេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺ លោក ចាន់ ចេន លើកឡើងថា កន្លងមក កូនក្ដីរបស់លោកបានអះអាងនៅចំពោះ​មុខ​ចៅ​ក្រម​សាលាដំបូងថា នឹងសហការជាមួយតុលាការគ្រប់នីតិវិធី ពោលគឺមិនរត់គេចខ្លួនទៅណានោះទេ ប៉ុន្តែ​តុលាការនៅ​តែ​ឃុំខ្លួន​កូន​ក្ដី​របស់​ពួកគាត់បន្តទៀត។ លោកចាត់ទុកការសម្រេចបន្តឃុំខ្លួនកូនក្ដីលោកបន្តទៀតនេះថា តុលាការហាក់​មាន​ការ​ព្រួយបារម្ភ​ហួសហេតុ។

លោកស្រី ម៉េង សុភារី លើកឡើងដែរថា ប្រសិនបើតុលាការខ្លាចកូនក្ដីរបស់លោកស្រីរត់គេ​ចខ្លួនទៅក្រៅប្រទេសនោះ លោកស្រី ថា តុលាការអាចដកលិខិតឆ្លងដែន ឬអាចដាក់អាជ្ញាធរតាមឃ្លាំងមើល និងតាមវិធីផ្សេងៗទៀតក៏បានដែរ។ លោកស្រីស្នើ​ទៅក្រុមប្រឹក្សាជំនុំជម្រះឲ្យលុបចោលសេចក្ដីសម្រេចរបស់តុលាការថ្នាក់  និងអនុញ្ញាតឲ្យកូនក្ដីរបស់លោកស្រីបាននៅក្រៅឃុំ និងបានដោះស្រាយបញ្ហាវិបត្តិនយោបាយនាពេលបច្ចុប្បន្ននេះផងដែរ។

មុនបញ្ចប់សវនាការនៅព្រឹកនេះ តំណាងមហាអយ្យកាលោក  អ៊ុក គឹមសិទ្ធិ បានស្នើឲ្យតម្ដល់សាលដីកាសាលាឧទ្ធរណ៍​ដោយ ឃុំខ្លួនលោក កឹម សុខា ដដែល។

បន្ទាប់ពីសវនាការជាង១ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក ឃឹម ប៉ុណ្ណ បានសម្រចបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា ដដែល។

ប្រាប់អ្នកសារព័ត៌មាននៅក្រៅបន្ទប់សវនាការ លោក ផែង ហេង សម្ដែងការខកចិត្ត ដោយលោក​ចាត់ទុកការ​សម្រេច​របស់​តុលាការ​​ដែលមិនអនុញ្ញាតឲ្យកូនក្ដីរបស់លោកនៅក្រៅឃុំនោះ ថាមិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីរបស់លោកទេ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ ពីប្រធាន​គ្រប់​គ្រង​ផ្នែកអង្កេតនៃអង្គការ​លីកាដូ លោក អំ សំអាត បានទេនៅថ្ងៃនេះ។ ប៉ុន្តែ កាលពីថ្ងៃទី ២៧ ខែមីនាបាន លោក អំ សំអាត បាន​លើក​ឡើង​ថា នេះ​មិន​មែន​ជា​ករណី​ថ្មី​នោះ​ទេ ដែល​តុលាការ​កម្ពុជា តែង​តែ​បដិសេធ​បណ្តឹង​ទាស់នៅ​ក្នុង​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​នយោបាយ​នោះ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា​៖ «តាំងពីដើមមក ករណីធំៗឬក៏រឿងអ្នកនយោបាយ ឬក៏សកម្មជនការពាសិទ្ធិមនុស្ស ការពារដីធ្លី និងបរិស្ថាននានា បើសិនជាសាលាដំបូងសម្រេចម៉េចហើយ សាលាឧទ្ធរណ៍កម្រមានការកែប្រែណាស់ គឺសាលក្រម ឬក៏សេចក្ដីសម្រេចរបស់តុលាការជាពិសេសការជំទាស់នឹងការឃុំខ្លួនហ្នឹង»

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបនៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែល​ត្រូវ​បានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់» ហើយរហូតមកដល់​ពេល​នេះ លោក កឹម សុខា ជាប់ពន្ធនាគារ៨ខែមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ