ឌុចថាការ​បដិសេធមិនទទួលខុសត្រូវ​​របស់លោក នួន ជា លើ​គុកទួលស្លែង​”គ្មានន័យ​”

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (រូបថតពីសាលាក្តីខ្មែរក្រហម)

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថាការបដិសេធរបស់លោក នួន ជា មិនទទួសខុសត្រូវលើការសម្លាប់នៅគុកទួលស្លែង ជាការបដិសេធគួរឲ្យ”ភ្ញាក់ផ្អើលនិងគ្មានន័យ”។

ជនជាប់ចោទ លោក នួន ជា ជាអតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ ក្នុងការផ្តល់សក្ខីកម្មនៅព្រឹកថ្ងៃអង្គារនេះ សហព្រះអាជ្ញារងអន្តរជាតិ លោក ដេល ឡៃសាក់ បានរៀបរាប់ប្រាប់លោក កាំង ហ្កេកអ៊ាវ ថាលោក នួន ជា ធ្លាប់បានលើកឡើងថាកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ថាលោកមិនទទួលខុសត្រូវចំពោះដំណើរការនៅមន្ទីរស២១ ដោយថាឌុចចោទប្រកាន់ជារឿងមិនពិតប្រាកដនិងអយុត្តិធម៌។ សហព្រះរាជអាជ្ញាបានដកស្រង់សម្តីរបស់លោក នួន ជា ថាលោកមិនដែលបញ្ជានិងទទួលឯកសារពីឌុចនិងថាលោកមិនមែនមេដឹកនាំរបស់ឌុចនោះទេ។

ឌុចចាត់ទុកចម្លើយរបស់លោក នួន ជា គ្មានន័យនិងជារឿងធ្វើឲ្យលោកភ្ញាក់ផ្អើល ដោយលោកថាមន្ទីរស២១ ស្ថិតនៅក្រោមបញ្ជាបក្សកុម្មុយនីស្តកម្ពុជា។ លោកបញ្ជាក់ថា៖ “ការបដិសេធរបស់ពូនួន(លោក នួន ជា) ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំមិនស្មានថាវាដល់អញ្ចឹងសោះ។ មន្ទីរស២១ ក៏ដូចជាមន្ទីរនគរបាលទាំងអស់នៅក្នុងបក្សកុម្មុយនីស្តកម្ពុជា វាស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា វាស្ថិតនៅក្រោមបញ្ជារបស់បក្សកុម្មុយនីស្តកម្ពុជា”។ លោកបន្ថែមថា៖ “ពូនួនគាត់បដិសេធបញ្ហានេះ ខុសហើយ។ ក្នុងបក្សកុម្មុយនីស្តកម្ពុជា អ្នកណាមិនគោរពបក្ស អ្នកណាដែលធ្វើការងារអីក្រៅពីលេខានិងអនុលេខាបក្សសម្រេច។ នេះការចាត់តាំងរបស់បក្សកុម្មុយនីស្តកម្ពុជា គឺវាអញ្ចឹង។ ដូច្នេះការបដិសេធរបស់ពូនួន គ្មានន័យ”

លោក ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃអ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌុចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ