វិភាគ៖ តើលទ្ធផលឃុំ-សង្កាត់ពេលនេះ ជះឥទ្ធិពលដូចម្តេចដល់ការបោះឆ្នោតឆ្នាំ២០១៨ ?

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនា

បើទោះបីជាពេលនេះ គ.ជ.ប មិនទាន់ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ​ក៏ដោយ ប៉ុន្តែកាលពី​ថ្ងៃទី​៥ខែ​មិ​ថុ​នា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានអះអាងថា ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់​ អាណត្តិទី​៤​នេះ​​ ​គ​ណ​បក្សប្រ​ជាជនបាននាំ​មុខគេ។

​ក្រោយបិទបញ្ចប់នៃការបោះឆ្នោតមួយថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក របស់លោកថា សម្លេងឆ្នោតគណបក្សប្រ​ជាជន មានការ​កើ​នឡើង ប្រៀប​នឹង​កា​​​​រ​បោះឆ្នោតឆ្នាំ២០១៣ និង​​​ថា​បាននាំមុខបក្សផ្សេងទៀតនៅកម្ពុជា។

លោ​ក​នាយករដ្ឋមន្ត្រីលើកឡើងទៀតថា «តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត ជិត៧លា​នស​ម្លេ​ង​(៦៧​៤៣៣២៩) គណបក្សប្រជាជន ទទួលបានជាង ៣លានសំ​ឡេង(៣៥២៩៤០០) ស្មើជាង​៥១​ភា​គ​​រ​យ(៥១,៣៩%) កើនឡើងជាង ៣០ម៉ឺនសំឡេង ធៀបនឹងការ​បោះឆ្នោតឆ្នាំ២០១៣»។

លោក ហ៊ុន សែន លើកឡើងទៀតថា គណបក្សប្រជាជននឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ទៀត បើ​ប្រៀបធៀ​បចំនួនអ្នកគាំទ្រនៅពេលនេះ ទៅនឹងចំនួនអាសនៈរបស់គណបក្សលោកនៅក្នុងសភា។

បើតាមការអះអាងរបស់គណបក្សធំៗទាំងពីរគឺ គណបក្សប្រជាជនកម្ពុជាដណ្តើម​បានតំណែងជាមេឃុំនិងចៅសង្កាត់ បានចំនួន​១១៥៨ និងគណបក្ស​សង្គ្រោះ​ជាតិទ​ទួល​បា​ន​​តែ​ជិត​៥០០​អាសនៈ។

ប៉ុន្តែ​បើពិនិត្យមើលពីតួរលេខ ដែលបានចុះផ្សាយនេះ ថ្វីត្បិតតែ បក្សកាន់អំណាចពេលនេះ​ទទួល​បាន​អា​ស​នៈ ឃុំ ស​ង្កាត់ ច្រើនជាងគណបក្សដទៃ ក៏ពិតមែន ប៉ុន្តែបើគេពិនិត្យពីចំនួនអាសនៈឃុំស​ង្កាត់ ដែ​លគណបក្សប្រជាជនមានកាលពីឆ្នាំ២០១២ ​គណបក្សនេះបានថយចុះអាសនៈទៅវិញទេ។ ដោ​យ​សា​រ​តែឆ្នាំ​២០១២គណបក្សប្រជាជនគ្រប់គ្រងអាសនៈឃុំ សង្កាត់ ចំនួន១៥៩២ ដល់ឆ្នាំ២០១៧​នេះ គ​​ណប​ក្ស​ប្រ​ជាជនគ្រប់គ្រងបានតែ១១៥៨ ពោលគឺបាត់អស់ជាង៤៤០អាសនៈ។

ចំណែកបក្សប្រឆាំងវិញ បានកើនឡើងជិត៥០០អាសនៈ ដែលកាលពីឆ្នាំ២០១២គណបក្ស សម រង្ស៊ី និងគ​ណ​បក្សសិទ្ធិមនុស្ស បូកបញ្ចូលគ្នា មានតែ៤០អាសនៈ។

តើលទ្ធផលបោះឆ្នោតឆ្នាំនេះ ឆ្លុះបញ្ចាំងយ៉ា​ងដូចម្តេ​ច ដល់កា​របោះឆ្នោ​តជា​តិ​ឆ្នាំ​​២០១៨?

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា បើពិនិត្យពីលទ្ធផលបឋម ដែល គជប ប្រកាសនឹងលទ្ធផល អះអាងពីអ្នកនយោបាយ លោកវិភាគថា គណបក្សធំៗទាំងពីរនេះ មិ​ន​ទា​ន់​​ស​ម្រេ​ច​គោ​លដៅដូចគ្នា នូវអ្វីដែលពួកគេអះ​អាងពីភា​ពរឹងមាំថា នឹងឡើងទៅដឹកនាំ​ប្រទេ​ស​នៅឆ្នាំ​២០១​៨​​​នោះ​ បើទោះបីជាជាលទ្ធផលនេះបង្ហាញថាប​ក្សប្រឆាំងបានចាក់ឫសកែ​វនៅថ្នាក់មូលដ្ឋា​នក៏​ដោ​យ។

លោកថា៖ «គណបក្សប្រជាជនក៏ត្រូវទទួលស្គាល់ថា យុទ្ធសាស្ត្រដែលខ្លួនបានធ្វើ​រយៈពេល៤ឆ្នាំ​មកនេះមិ​នទា​ន់អាចជួយឲ្យគណបក្សនេះវិលទៅរកជ័យជម្នះដូចពីមុនវិ​ញបានទេ។ រី​ឯសង្គ្រោះជាតិដែ​លតែងតែ​គិតថា ខ្លួននឹងឈានទៅកាន់អំណាចនោះ ក៏បានបង្ហាញច្បាស់ថាមិ​នទាន់អាចទៅរួ​ចទេ​មក​ដល់ពេ​លនេះ។ គឺ៤ឆ្នាំក្រោយមក។ យើងធ្លាប់ឮហើយថាសង្គ្រោះជាតិធ្លាប់ថាឈ្នះទៅកាន់អំណាចអី ក៏យើងអត់​ទាន់ឃើញ​មាន​​​សញ្ញាស្រួចស្រាវអីទៅរកកន្លែងហ្នឹងនៅឡើយទេ។ អាហ្នឹងបើ​វិភាគទៅលើ​ចំនួនសន្លឹកឆ្នោត។​ អញ្ចឹ​ងពីថ្ងៃ​នេះ រហូតដល់ឆ្នាំ២០១៨ វាជាឱកាសមួយទុ​កឲ្យ​អ្នកន​យោបាយទាំងពីរហ្នឹង ត្រូវរៀបចំខ្លួ​នហ្នឹង​បន្ថែ​​មទៀត ដើម្បីធ្វើយ៉ាងម៉េចធ្វើការជាមួយប្រជាពលរដ្ឋ ដើម្បី​បង្កើ​​នជំនឿឲ្យបានខ្ពស់បន្ថែមទៀត អាហ្នឹងបានយើងអាចឈានទៅឈ្នះតែម្នាក់ឯងបាន។ បើមិ​នអី​ចឹង​ទេវានៅតែស្ថិតក្នុងភាពប្រទាញប្រទុងគ្នា ប្រហាក់ប្រហែលគ្នាហ្នឹងទៀតដដែល»។

បើទោះបីជាលោក មាស នី មិនបានបញ្ជាក់ថា អ្វីជាយុទ្ធសាស្ត្រគ្មានប្រសិទ្ធភាពរបស់គណបក្សប្រជាជន ក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា ជិត៤ឆ្នាំមកនេះ មន្ត្រីបក្សប្រឆាំង អ្នក​ឃ្លាំ​​មើ​ល​សិ​ទ្ធិមនុស្ស​នៅសមា​គម​អា​ដហុក មន្ត្រី គជប អ្នកវិភាគនយោបាយ សកម្មជនដីធ្លី ត្រូវ​ចាប់ឃុំខ្លួន។

អ្នកវិ​ភាគនយោបាយដ៏ល្បីឈ្មោះ លោក កែម ឡី ត្រូវគេបាញ់សម្លាប់ រួមទាំងការ​យា​​យីមេដឹក​នាំបក្ស​ប្រឆាំ​ងជាដើម។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា គណបក្សដែលខ្លាំង​ អាចទាក់​ទាញ​ការ​គាំ​​ទ្រ​​ពីម្ចាស់ឆ្នោតបាននោះ លោកថាទាល់តែមានរចនា​សម្ព័ន្ធរឹងមាំពីថ្នា​ក់ជាតិ រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ។

លោក សូ ចន្ថា វិភាគថាការដែលគណបក្សកាន់អំណាច ធ្លាក់ចុះប្រជាប្រិយភាពបោះឆ្នោតជាតិឆ្នាំ២០១៣ និងថយ​អា​សនៈឃុំ សង្កាត់នៅឆ្នាំ២០១៧នេះ លោកថា ជាសញ្ញាណធ្លាក់ចុះប្រជាប្រិយភាព ទាំងថ្នាក់ជា​តិនិងថ្នា​ក់ក្រោ​​មជាតិ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនោះ វិភាគទៀតថា នៅឆ្នាំ២០១៨ បក្សប្រឆាំងទំនងជាមាន​ប្រៀប​ឈ្នះកា​របោះឆ្នោតច្រើនជាងបក្សកាន់អំណាច តាមរយៈឫសលកែវនៅថ្នាក់មូលដ្ឋាននេះ ដោយថាបើ​បក្ស​កាន់​អំ​ណាចធ្វើកំណែទម្រង់ រយៈពេលមួយឆ្នាំទៀតនេះ មិនឆ្លើយតបនឹងការចង់បាន របស់ម្ចាស់ឆ្នោត ។

លោកថា៖ «លទ្ធផល២០១៧ឆ្លុះបញ្ចាំងថា គណបក្សសង្គ្រោះជាតិទទួលបានតួនាទីជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលតំណាងឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានច្រើន។ អញ្ចឹងធ្វើឲ្យគណប​ក្សនេះមានលទ្ធ​ភាពធ្វើ​កិច្ចកា​រនេះបានច្រើនជាងមុន។ អញ្ចឹងវាជាមូលហេតុមួយដែលអាចជំរុញឲ្យគណបក្សនេះ នឹងបន្តទ​ទួលបា​នកា​រគំាទ្របន្ថែមទៀត»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា លើកឡើងថា បើលទ្ធ​ផល​បោះ​ឆ្នោ​ត នៅថ្នាក់ក្រោមជាតិឆ្នាំ២០១៧នេះ ដូចអ្នកនយោបាយអះអាងមែន លោកវិភាគថា ឥទ្ធិពល​របស់​ប​ក្ស​​​ប្រឆាំ​ង ចាប់ផ្តើមពង្រីកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកថា៖ «អញ្ចឹងអាកន្លែងហ្នឹងជាសន្ទុះមួយដែលគណបក្សប្រជាជនត្រូវរៀបចំខ្លួនឲ្យល្អ បើមិនអីចឹ​ងទេគ​ណ​បក្សសង្គ្រោះជាតិគេអាចដណ្តើមបានហើយនៅអាណត្តិ២០១៨។ ព្រោះបើតាមកំណើ​នគាំទ្រ វា​កើនដូចគ្នាមែន ក៏ប៉ុន្តែសង្គ្រោះ​ជាតិគេកើនច្រើ​នជាង។ហើយហិ​រញ្ញវត្ថុគេ​ក៏កើនច្រើន ហើយការឃោ​សនាន​យោបាយ របស់បក្សគេហ្នឹងអាចទៅដល់គ្រប់ឃុំ សង្កាត់ ហើយព្រោះ​អាណត្តិមុនគណបក្ស សម រង្ស៊ី និងសិទ្ធិមនុ​ស្សអាណត្តិមុន អត់មានតំណាងរបស់គេនៅថ្នាក់មូលដ្ឋាន គ្រប់ឃុំសង្កាត់ទេ ដែលអាណត្តិនេះ ទោះបីឃុំ សង្កាត់ដែលចាញ់ហ្នឹង ក៏គណបក្សសង្គ្រោះជាតិមាន​តំណា​ង​របស់ខ្លួនមា​ននៅគ្រប់មូលដ្ឋា​នទាំងអស់​។ អាហ្នឹង​ហើយដែលជា​ភាពខ្លាំងមួ​យមិនអា​ចមើ​លរំ​ល​ងបាន»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ការចាប់ផ្តើមចាក់គ្រឹះនៅថ្នាក់ក្រោមជាតិរបស់បក្សប្រឆាំ​ងនៅពេ​ល​នេះ លោកថាគណបក្សប្រជាជន អាចនឹងបាត់បង់ឱកា​សបន្តគ្រប់គ្រ​ងអំណាចនៅឆ្នាំបាត់បង់២០១៨ បើ​បក្ស​​នោះ មើលស្រាលពីការធ្វើកំណែទម្រង់ដ៏ពេញលេញមួយ ឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋរយៈ​ពេ​​ល​មួយឆ្នាំនេះ។

លោកថា៖ «អាគោលនយោបាយដែលគណបក្សសង្គ្រោះជាតិលើកឡើង៥០ម៉ឺនដុល្លារ ដែលអ្នកខ្លះមិន​ជឿថាអា​ចធ្វើបានហ្នឹង ប៉ុន្តែវាអាចចងឲ្យពលរដ្ឋនៅឃុំ​ សង្កាត់ មួយចំនួនបើទោះ​បីគណបក្សកា​ន់អំ​ណាចឈ្នះ​ក៏ដោយ ក៏ប៉ុន្តែពលរដ្ឋនៅឃុំ សង្កាត់ហ្នឹងចង់បាន៥០ម៉ឺនហ្នឹងអភិវឌ្ឍក្នុងឃុំ សង្កាត់ដែរ អញ្ចឹងអាគោលនយោបាយហ្នឹងវាមុតស្រួចណាស់ អាហ្នឹងទី១។ ទី២ អារឿងសកម្មជន ឬក្រុមប្រឹក្សាឃុំ សង្កាត់ របស់បក្សប្រឆាំងឡើងជាង៤ពាន់ បើយើងគិត​ទៅ​ជិត៥​ពាន់​អា​សនៈហ្នឹង វាជួយជាហិរញ្ញវត្ថុដែរ សម្រាប់ជួយសកម្មជនបក្សហ្នឹងអាចធ្វើសកម្មភាពនយោបាយផ្សេងៗ រួមផ្សំទាំងក្រុ​មប្រឹក្សាឃុំ សង្កាត់ដែលគណបក្សប្រឆាំងឈ្នះជិត៥០០ទៀតហ្នឹង អាចធ្វើសកម្មភា​ពបា​​នច្រើន​។ អញ្ចឹងចរន្តហ្នឹងអាចជំរុញឲ្យគណបក្សសង្គ្រោះជាតិហ្នឹងអាចផ្សព្វផ្សាយគោលនយោបាយ របស់ខ្លួន​ហ្នឹងបា​នច្រើនទៅដល់មូលដ្ឋាន វាអាចធ្វើឲ្យបក្សកាន់អំណាចហ្នឹង មានការព្យាយាមទប់ទល់ ឬក៏ប្រយ័​ត្នប្រយែ​ងកាន់​តែខ្លាំង បើមិនដូច្នោះទេ វាធ្នើឲ្យពលរដ្ឋហ្នឹងងាកទៅគាំទ្រគណបក្សផ្សេង»។

សរុបជារួម អ្នកវិភាគលើកឡើងថា លទ្ធផលបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ២០១៧នេះ នឹងជំរុញកាន់តែខ្លាំង ពី​​ភា​​ពមិនច្បាស់លាស់នៃការបន្តគ្រប់គ្រងអំណាច របស់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២​០១​៨​ បើ​កា​រធ្វើកំ​ណែងទម្រង់ ប្រព័ន្ធតុលាការ សេវា​សាធរណៈ ​អំ​ពើពុ​ករលួ​យ ការរំលោភដីធ្លី ប្រាក់ខែ​​មន្ត្រី​រាជ​ការ ប្រា​​ក់ឈ្នួល​សមរ​ម្យ របស់​ក​ម្មករ ទីផ្សារសម្រាប់លក់កសិផលកសិករជាដើម រយៈពេលមួយ​ឆ្នាំទៀ​តនេះគ្មា​នប្រ​​​សិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ