សកម្មជនដីធ្លីនៅបន្ទាយមានជ័យស្នើទៅតុលាការលើកលែងការចោទប្រកាន់

អ្នកស្រី ឡុង គន្ធី

សកម្មជន​ដី​ធ្លី​ម្នាក់​ អំពាវនាវទៅសាលាឧទ្ធរណ៍ ឲ្យលើកលែងការចោទប្រកាន់ ដោយអះអាងថា រូបគាត់មិនមានកំហុសនោះទេ។

សកម្មជន​ដី​ធ្លីខេត្តបន្ទាយមានជ័យអ្នកស្រី ឡុង គន្ធី ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ ក្រោមការចោទថា បានលួចវាស់វែងដីរបស់ប្រជាពលរដ្ឋលក់ទៅឲ្យពលរដ្ឋនៅឃុំផ្សេងទៀត។

ក្នុងសាវនាការអង្គសេចក្តីនៅសាលាឧ្ធរណ៍កាលពីថ្ងៃទី៦មិថុនាម្សិលមិញអ្នកស្រី ឡុង គន្ធី បានស្នើទៅតុលាការថ្នាក់មួយនេះលើកលែងការចោទប្រកាន់ ឲ្យគាត់មានសេរីភាពឡើងវិញ ដោយថា អ្នកស្រីមិនមានកំហុសនោះឡើយ។ នេះបើតាមមេធាវីការពារក្តី លោក ស៊ិន ទិត្យ។

លោក ស៊ិន ទិត្យ បន្តថា បើនីតិវីធីច្បាប់កូនក្តីរបស់លោកអាចត្រូវបានលើកលែងការចោទប្រកាន់ ដោយថាតាមការស្រាវជ្រាវ គឺគ្មានភស្ភុតាងគ្រប់គ្រាន់សម្រាប់ចោទប្រកាន់កូនក្តីរបស់លោកនោះទេ។

ទាក់ទងករណីនេះ បើយើងមើលទៅវាមិនមែនជាករណីរឿងព្រហ្មទណ្ឌ។ ហើយរឿងនេះវាកើត ចេញពីទំនាស់ដីធ្លី។បើទៅតាមនីតិវិធី និងភស្ភុតាងមួយចំនួនដែលមិនមានគ្រប់គ្រាន់ សម្រាប់ធ្វើការចោទប្រកានកូនក្តីខ្ញុំ។ ខ្ញុំគិតថា សាលាឧទ្ធរណ៍គាត់គួរពិចារណាធ្វើការដោះលែងកូនក្តីរបស់ខ្ញុំ។ ទី២គាត់អាចបង្វែរសុំណុំរឿងហ្នឹងពីរឿងព្រហ្មទណ្ឌទៅជារឿងរដ្ឋប្បវេណីដោះស្រាយតាមគណៈកម្មាការដោះស្រាយទំនាស់ដីធ្លីវិញ

មេធាវីការពារក្តី លោក ស៊ិន ទិត្យ

តែទោះយ៉ាងណា ក្នុងសាវនាការអង្គសេចក្តីនៅសាលាឧទ្ធរណ៍កាលពីម្សិលមិញមេធាវីលោក សួន ស្ថាប៊ី ដែលការពារក្តីឲ្យដើមបណ្តឹងបានស្នើចៅក្រមឲ្យតម្កល់សាលក្រមទុកជាបានការដដែល ដោយទុកឲ្យជាប់ពន្ធនាគារ១ឆ្នាំដូចដែលសាលាដំបូងខេត្តបន្ទាយមានជ័យបានសម្រេច។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់គា ដែល ឃ្លាំមើលករណីនេះធ្លាប់ប្រាប់វីអូឌីថា សកម្មជន​ដី​ធ្លីអ្នកស្រី ឡុង គន្ធី មិន​ជាប់​ពាក់​ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

លោក​បន្តថា ការកាត់ទោសតំណាង​សហគមន៍​រូប​នេះ ដោយសារ​តែ​គាត់​សកម្ម​ចេញ​មុខ​តវ៉ា​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ក្នុង​សហគមន៍ ហើយ​អ្នកស្រី​ក៏​កំពុង​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ឧកញ៉ា និង​មន្ត្រី​ធំៗ​មួយ​ចំនួននៅ​ក្នុងខេត្ត​នេះ​ផង​ដែរ។

សាលាឧទ្ធណ៍នឹងប្រកាសសាលដីកាសុំណុំរឿងនេះ នៅថ្ងៃទី១៩ ខែមិថុនាខាងមុខនេះ។

អ្នកស្រីឡុង គន្ធី ត្រូវ ជាតំណាងពលរដ្ឋប្រមាណ ២៤៦គ្រួសារ ដែលមានជម្លោះដីប្រមាណ១ ៣៥០ហិកតាជាមួយឧញ៉ា និងមន្រ្តីមាន​អំណាចក្នុងខេត្តបន្ទាយមានជ័យ។ អ្នកស្រី​ ​ត្រូវបាន​អាជ្ញាធរ​ស្ទាក់​ចាប់​ខ្លួន​ក្នុង​ពេល​ពុង​ធ្វើ​ដំណើរទៅ​កាន់​ទីរួមខេត្ត​បន្ទាយមានជ័យ ​កាល​ពីថ្ងៃ​ទី ២៦ ​ខែមីនា​ ​ឆ្នាំ​ ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ