បទ​យកការណ៍​៖​ អ្នក​ជំនាញ​បារម្ភ​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ ខណៈ​វៀតណាម​​គ្រោង​​វិនិយោគ​​១​ពាន់​​លាន​​ដុល្លារ​​លើ​​វិស័យកសិកម្ម

អ្នកលក់បន្លែនៅផ្សារដើមគ កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ប្រទេសកម្ពុជា ជាប្រទេសមួយដែលចរន្ដសេដ្ឋកិច្ចមួយផ្នែកធំ ពឹងផ្អែកលើវិស័យកសិកម្ម ខណៈ​ពេល​បច្ចុប្បន្ន​​នេះ​​ ការ​ផ្គត់ផ្គង់បន្លែនិងផ្លែឈើ ​អាចបំពេញតម្រូវការក្នុងស្រុក​បានត្រឹមពាក់កណ្ដាលប៉ុណ្ណោះ សម្រាប់​​ប្រជាជន​ទូទាំង​ប្រទេស។ កត្តានេះ ជាមូលហេតុ​ធ្វើឲ្យប្រទេសកម្ពុជា​ ធ្វើការ​នាំចូល​ផលិត​ផល​កសិកម្ម​មួយ​ចំនួន និងកំពុងស្វែងរកដៃគូវិនិយោគសម្រាប់អភិវឌ្ឍវិស័យកសិកម្ម។

នៅក្នុងជំនួបពាណិជ្ជកម្មអន្ដរជាតិនាដើមខែឧសភានេះ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និងនេសាទ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន អេហ្វ.អិល.ស៊ី គ្រុប (F.L.C Group) មកពីប្រទេសវៀតណាម អំពីគំរោង​វិនិយោគ​លើ​​​​វិស័យកសិកម្ម ក្នុងទំហំ​ទឹក​ប្រាក់​១​ពាន់​លាន​ដុល្លារអាមេរិក។

អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ហ៊ាន វណ្ណហន​​​ ប្រាប់ VOD ថា ក្រុមហ៊ុន​វៀតណាម អេហ្វ.អិល.ស៊ី គ្រុប បានមកធ្វើការសិក្សានិងពិភាក្សាអំពីច្បាប់នៃការគ្រប់គ្រងនៅក្នុងវិស័យកសិកម្មក៏ដូច​ជា​លក្ខខណ្ឌ​នៅ​ក្នុង​ការវិនិយោគ។ ហើយ​ ក្រុមហ៊ុននេះ ​មានបំណង​វិនិយោគ​លើបន្លែ​និងផ្លែឈើសរីរាង្គ​សម្រាប់​​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុកនិងនាំទៅក្រៅប្រទេស។​​​

លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម
គម្រោងវិនិយោគនេះ វិនិយោគទៅលើផលិតផល​​​ផ្លែឈើមិនធម្មតា […] ដែល​ពាក់ព័ន្ធ​ទៅផលិតកម្មសរីរាង្គ ឬដែលឆ្លងកាត់ផលិតកម្មកសិកម្មល្អ ការធានាគ្រប់គ្រងផលិតផល​ដែល​មិនប៉ះពាល់ដល់សុខភាព

លោក ហ៊ាន វណ្ណហន​​​ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម 

លោក វណ្ណហន មានប្រសាសន៍បន្តថា នៅពេល​ដែល​ប្រទេសកម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ទុន​មួយ​នេះ ​មានន័យថា កម្ពុជាបានប្រជែងដណ្ដើមយកអ្នកវិនិយោគិនចូលក្នុងប្រទេសក្នុងបរិបទ «សមាគមន៍​អាស៊ាន​​សេដ្ឋកិច្ចតែមួយ» ។

វាជាការភ្ជាប់ស្ពានរវាងកសិផលរបស់សមាគមន៍កសិករទៅកាន់ទីផ្សារ ការបង្កើត មុខរបរ និងជាចំណេះដឹង បទពិសោធន៍កសិកម្មតាមស្ដង់ដា

លោក ហ៊ាន វណ្ណហន​​​ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម 

បើតាម លោក វណ្ណហន កន្លងមក ​​​ក្រុមហ៊ុនជាច្រើនបានមកពិភាក្សាការងារវិនិយោគ​​​លើ​វិស័យ​កសិកម្ម​ ប៉ុន្តែក្រុមហ៊ុនភាគច្រើន មិនបានវិនិយោគ​នោះ​ទេ​ ដោយសារបញ្ហាមួយ​ចំនួន​ជាពិសេស​កង្វះខាត​ប្រព័ន្ធធារា​សាស្រ្ដ។ ​​​លោក សង្ឃឹមថា ក្រុមហ៊ុនមួយនេះ នឹងមកវិនិយោគនៅប្រទេសកម្ពុជា។

ការវិនិយោគលើវិស័យកសិកម្ម កម្រមានអ្នកហ៊ានមកណាស់ ការងារនេះ​វាប្រឈម​នឹងហានិភ័យខ្ពស់ […] គម្រោងវិនិយោគ១០ មិនទាន់មាន១ផង […] ផលិតកម្មកសិកម្ម​វាពឹងមេឃ ពឹងផ្កាយ ពឹងអាកាសធាតុ […] វាមិនដូចវិស័យឧស្សាហកម្ម​រោងចក្រនោះទេ​ដែល​អាច​បិទទ្វារ​ហើយ​ធ្វើការបាន

លោក ហ៊ាន វណ្ណហន​​​ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម 

គម្រោងវិនិយោគមួយនេះ ធ្វើឲ្យមានប្រតិកម្ម និងការព្រួយបារម្ភពីសំណាក់អ្នកជំនាញបច្ចេកទេស និងប្រជាជនយ៉ាងខ្លាំង ដោយលើកឡើងថាបន្លែនិងផ្លែឈើដែល​​នាំចូលពីប្រទេសវៀតណាម​​​មានការប្រើប្រាស់ជាតិគីមីច្រើន ដើម្បីឲ្យដំណាំមានការលូតលាស់ ​​​​​​ធំធាត់ មានពណ៌ល្អ និងរក្សាទុកបានយូរ។ នៅឆ្នាំ២០១៤ ប្រទេសវៀតណាម ធ្លាប់ទទួលការព្រមាន និងផ្អាកការនាំចូលផលិតផលកសិកម្មរបស់ខ្លួន ចូលទៅកាន់ទីផ្សារអឺរ៉ុបដោយសារមានបាក់តេរីនិងជាតិគីមី។

បន្លែលក់នៅលើទីផ្សារ (ណាត សុភាព)

នាយកប្រត្ដិបត្ដិមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា​​​ ហៅកាត់ថា សេដាក​​​ លោក សម វិទូ ប្រាប់VODថា លោកមានការព្រួយបារម្ភការប្រើប្រាស់ថ្នាំគីមី ខុសច្បាប់ឬហួសកំរិត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ខ្ញុំជឿតែម្ដងថា គាត់ច្បាស់​ជានឹង​​មានយកនូវសារធាតុគីមីផ្សេងៗមកប្រើ ឧទាហរណ៍ដូចក្រុមហ៊ុនគាត់ប្រើប្រាស់ ក្រុមហ៊ុនកៅស៊ូមួយចំនួនបានប្រើប្រាស់ថ្នាំស្មៅច្រើន ដែលជាការព្រួយបារម្ភពីសំណាក់មន្រ្ដីជំនាញបច្ចេកទេស[…]

លោក សម វិទូ នាយកប្រត្ដិបត្ដិមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា​​​ ហៅកាត់ថា សេដាក​​​

លោក វិទូ ក៏បានលើកឡើងថា ពេលណាដែលគម្រោងមួយនេះកើតឡើងមែន លោកសំណូមពរឲ្យមានច្បាប់ស្ដង់ដាកសិកម្ម ដាក់កំហិត ទៅលើមន្រ្ដីរាជការ ក៏ដូចជាក្រុមហ៊ុន ដែលឃុតឃិតគ្នាអនុញ្ញាតិឲ្យមានការប្រើប្រាស់ថ្នាំកសិកម្មហាមឃាត់ ជាពិសេសត្រួតពិនិត្យឲ្យបានត្រឹមត្រូវ នូវផលិតផលដែលត្រូវនាំទៅលក់ ទាំងការនាំចេញ និងការនាំចូល។

ដោយសារតែកន្លងទៅនេះ ពាក់ព័ន្ធទៅនឹងការពុលទឹកនៅក្រចេះ និងខេត្តមណ្ឌលគិរី ក្រសួង២ ផ្សេងគ្នា ចេញសេចក្ដីថ្លែងការ២ផ្សេងគ្នា […] ក្រសួងបោះដែកដែលក្ដៅឲ្យក្រសួងមួយទៀត ក្រសួងមួយទៀតបោះដែកដែលក្ដៅឲ្យក្រសួងមួយនោះវិញ ដែលមានការចោទគ្នាទៅវិញទៅមក

នាយកប្រត្ដិបត្ដិមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា​​​ ហៅកាត់ថា សេដាក​​​ លោក សម វិទូ

ឆ្លើយតបនឹងប្រតិកម្មនៃសុវត្ថិភាពផលិតផលកសិកម្ម លោក វណ្ណហន បាននិយាយថាប្រជាពលរដ្ឋ និង​​​ អ្នកជំនាញកសិកម្មមិន​​​គួរមានការព្រួយបារម្ភនោះទេ ពីព្រោះក្រុមហ៊ុននេះមានអ្នកជំនាញគ្រប់គាន់​​​ ហើយក្រសួងកសិកម្មនឹងធ្វើការពិនិត្យឲ្យបានច្បាស់លាស់ ហើយជាពិសេសក្រុមហ៊ុនចំណាយទុនវិនិយោគច្រើន។​​​ ដូច្នេះភាគីក្រុមហ៊ុននឹងមិនធ្វើការធ្វេសប្រហែសនោះទេ។​​​

ការធ្វើការនាំចេញ បោះទុនវិនិយោគ១ ពាន់លានដុល្លារ គេ(វៀតណាម) មិនចងកខ្លួនឯងទេ ទុកចិត្តចុះ គេអត់ឆោតល្ងង់ដូចយើងគិតទេ មុនពេលនាំចូលទៅក្រៅប្រទេស បើគេចាប់បានម្ដង គាត់ចងកខ្លួនឯងហើយ និយាយនេះមិនមានន័យថា យើងមិនគ្រប់គ្រងទេ យើងមានប្រព័ន្ធហៅថា “Quality Assurance System […] ដែលមានការគ្រប់គ្រងមុនការនាំចេញ

លោក ហ៊ាន វណ្ណហន​​​ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម 

លោក វណ្ណហន បានបន្ថែម​​​ថា កម្ពុជានឹងជួយណែនាំសមាគមន៍កសិករឲ្យធ្វើការជាមួយ​​​ប្រទេសវៀតណាម ប៉ុន្ដែវៀតណាមត្រូវធ្វើ “Contract Farming” ជាមួយកសិករ ក្នុងគោលបំណងចងវៀតណាមនិងសមាគមន៍កសិករ ដើម្បីចែកផលចំនេញ ដោយក្រុមហ៊ុនត្រូវទទួលយកផលិតផលទាំង១០០% ពីកសិករយើង។

លោក វិទូ ស្វាគមន៍ក្រុមហ៊ុនបរទេស​មកវិនិយោគនៅប្រទេសកម្ពុជា តែលោកលើកទឹកចិត្ត​​​ឲ្យក្រុមហ៊ុនក្នុងស្រុកធ្វើការវិនិយោគលើវិស័យកសិកម្មច្រើនជាងក្រុមហ៊ុនបរទេស ពីព្រោះកម្ពុជាមិនទាន់មានផលិតផលកសិកម្មគ្រប់គ្រាន់ដើម្បីបម្រើទីផ្សារក្នុងស្រុក នោះទេ​​​។ ការវិយោគនេះនឹងមិនប៉ះពាល់ដល់ទីផ្សារកសិករកម្ពុជានោះទេ។

លោក វិទូ បានបន្ថែមជំវិញការវិនិយោគនេះថា៖

ទីផ្សាររបស់កសិករខ្មែរ មិនសូវប៉ះពាល់ធ្ងន់ធ្ងរទេ ពីព្រោះយើង (កសិករ) ផលិតបានតែ៤៥%នៃផលិតផលសរុបដែលជាតម្រូវការ […] តែប្រសិនបើជាផែនការក្នុងការផលិតផ្គត់ផ្គង់ក្នុងស្រុកដូចគ្នា វានឹងប៉ះពាល់

នាយកប្រត្ដិបត្ដិមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា​​​ ហៅកាត់ថា សេដាក​​​ លោក សម វិទូ

ក្រោយពីមានករណីពុលទឹកនៅខេត្តក្រចេះដែលបណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​​​និងនេសាទ​​​ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨​​​ បានធ្វើសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការនាំចូលថ្នាំកសិកម្មខុសច្បាប់គ្រប់ប្រភេទ ជាពិសេសថ្នាំកម្ចាត់ស្មៅ។ ក្រសួងកសិកម្ម ក៏បានហាមម្ចាស់អាជីវកម្ម និងដេប៉ូ ទាំងអស់ឲ្យផ្អាកលក់និងចែកចាយថ្នាំកសិកម្ម ជាបណ្តោះអាសន្ន ដោយរងចាំការត្រួតពិនិត្យពីមន្រ្តីជំនាញ។

សូមបញ្ជាក់ថា មកដល់ពេលនេះ គម្រោងមួយនេះនៅមិនទាន់ទទួលបាន​​​ការអនុញ្ញាតពីរដ្ឋាភិបាលនៅឡើយទេ ហើយក៏មិនទាន់ដឹងថាវិនិយោគលើផ្ទៃដីប៉ុន្មានហិចតា​​និងនៅខេត្តណាដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ