សហជីព៣នាក់ត្រូវបានដោះលែង បន្ទាប់ពីក្រុមហ៊ុនសម្រេចដកពាក្យបណ្តឹង

មន្ត្រីសហជីព៣នាក់ត្រូវបានសមត្ថកិច្ចនៅខេត្តកំពតដោះលែងឲ្យមានសេរីភាពឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីក្រុមហ៊ុនសម្រេចដកពាក្យបណ្តឹង។

កាលពីថ្ងៃអង្គារទី៥ ខែកក្តដា សមត្ថកិច្ចខេត្តកំពតបានចាប់ឃាត់ខ្លួនមន្រ្តីសហព័ន្ធសហជីពពលកម្មកម្ពុជាចំនួន៣រូបតាមបណ្តឹងរបស់ក្រុមហ៊ុន ដោយចោទពីបទញុះញង់កម្មករឲ្យធ្វើការតវ៉ានិងរារាំងមិនឲ្យចូលធ្វើការនៅរោងចក្រខេមបូធីជីឌី ដែលមានទីតាំងនៅស្រុកកំពង់ត្រាច ខេត្តកំពត។

មន្រ្តីសហជីព៣រូបដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននោះឈ្មោះ លោក យន់ សំបូរ អគ្គលេខាធិការរងនៃសហព័ន្ធសហជីពពលកម្មកម្ពុជា  លោក មាស តុក និងលោក សុខ ស៊ីដែន ជាមន្រ្តីសហជីព។

ប្រធានសហព័ន្ធសហជីពពលកម្មកម្ពុជា លោក ឌិត សំអាត មានប្រសាសន៍ថាសមត្ថកិច្ចនៅខេត្តកំពតបានដោះលែងមន្រ្តីសហជីពទាំង៣នាក់នោះវិញហើយនៅរសៀលថ្ងៃព្រហស្សតិ៍នេះ។

លោកថាការដោះលែងនេះបានធ្វើឡើងបន្ទាប់ពីសហជីពរបស់លោកបានចរចារជាមួយភាគីរោងចក្រ ដោយសម្រេចឲ្យកម្មករទាំងអស់ចូលធ្វើការងារធម្មតាវិញ។

តែទោះយ៉ាងណាលោកថាការចាប់ឃាត់មន្រ្តីសហជីពនេះគឺជារូបភាពនែការគម្រាមកំហែងចំពោះសហជីពដែលនេះគ្រាន់តែតវ៉ាទាមទារសិទ្ធិឲ្យកម្មករ។

លោកបន្ថែមថាខ្ញុំគិតថានេះមើលទៅគឺជាការគម្រាមកំហែងទាំងស្រុងហើយ ព្រោះគឺដូចជាការបិទសិទ្ធិសេរីភាពរបស់បងប្អូនកម្មករមិនឲ្យមានការទាមទារអញ្ចឹង។ … ដោយបំភិតបំភ័យផ្នែកស្មារតី

វិអូឌីមិនអាចទាក់ទងភាគីតំណាងរោងចក្របានទេនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

ចំណែកស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមរិទ្ធ មានប្រសាសន៍ថាលោកកំពុងជាប់រវល់ប្រជុំ ដោយលោកសុំមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ។

គួរបញ្ជាក់ថាកម្មកររោងចក្រខេមបូធីជីឌី ដែលស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ចំនួនប្រមាណ៤០០នាក់ បានធ្វើការតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនួនចាប់តាំងពីថ្ងៃទី២៤ខែមិថុនា។  ក្រុមកម្មករបានទាមទារឲ្យក្រុមហ៊ុនព្រមទទួលយកកម្មករចំនួន២១នាក់ឲ្យចូលធ្វើការងារវិញដែលក្រុមហ៊ុនបានបញ្ឈប់ ដោយសារពួកគេស្នើបង្កើតសហជីពក្នុងរោងចក្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ