ក្រសួងកសិកម្ម​បញ្ជា​អាជ្ញាធរ​បង្រ្កាបបទល្មើសនេសាទ​ឲ្យ​បានតឹងរ៉ឹង

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធឲ្យចាត់វិធានការតឹងរ៉ឹងក្នុងការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផល។

ក្នុងសារាចរណែនាំចុះថ្ងៃទី៥ កក្កដា ក្រសួងកសិកម្មបានណែនាំដល់សមត្ថកិច្ចរដ្ឋបាលជលផលឲ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដីក្នុងការត្រួតពិនិត្យ បង្ក្រាបនិងចាប់ជនល្មើសជលផលមកផ្តន្ទាទោស។ សារាចរនោះបានឲ្យដឹងថាឧបករណ៍ដែលត្រូវបានក្រសួងហាមឃាត់តាំងពីឆ្នាំ២០១២ ដែលមានដូចជាឧបករណ៍លបណឬវ៉ាវ(ប) ឧបករណ៍អួនឬមង រួមផ្សំភ្លើងឲ្យត្រីកុំ(ឈ្មក់) អួនអូសទឹកសាបនិងការនេសាទដោយប្រើឈិបយន្ត នៅតែបន្តសកម្មភាពដែលបានធ្វើឲ្យប៉ះពាល់ដល់ធនធានជលផលនិងប្រភេទជីវចម្រុះផ្សេងៗទៀត។

បើតាមសារាចរ ក្រសួងបានណែនាំដល់មន្ត្រីរដ្ឋបាលជលផលឲ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឲ្យបានម៉ឺងម៉ាត់ ដោយមានការចាប់ខ្លួនជនល្មើស និងកសាងសំណុំរឿង ចោទប្រកាន់ជាបន្ទាន់ បញ្ជូនទៅតុលាការ ចំពោះក្នុងករណីដែលជនល្មើសរត់គេចខ្លួនសមត្ថកិច្ចមានរយៈពេល៧ថ្ងៃ ក្នុងការស្រាវជ្រាវរកអត្តសញ្ញាណជនល្មើសហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

ក្នុងសារាចរនេះ បទល្មើសទាក់ទងទៅនឹងឧបករណ៍នេសាទលបណឬវ៉ាវនិងឈ្មក់ ត្រូវចោទប្រកាន់ល្មើសនឹងមាត្រា២០និងត្រូវផ្តន្ទាទោសតាមមាត្រា៩៨នៃច្បាប់ស្តីជលផល។

ក្រសួងបន្ថែមថារាល់ការផលិត ការទិញ ការលក់ ការដឹកជញ្ជូនផលិតផលជលផល ការថែរក្សាឧបករណ៍អួនអូសទឹកសាបនិងឈិបយន្ត ទាំងអស់គឺត្រូវហាមឃាត់ និងត្រូវផ្តន្ទាទោសតាមមាត្រា១០១នៃច្បាប់ស្តីពីជលផល។ បទល្មើសទាក់ទងទៅនឹងការនេសាទដោយប្រើឧបករណ៍ អួនអូសទឹកសាប ឬឈិបយន្ត និងត្រូវបានចោទប្រកាន់ល្មើសនឹងមាត្រា២០ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៩៩នៃច្បាប់ស្តីពីជលផល។

បើតាមច្បាប់ស្តីពីជលផល អ្នកដែលប្រព្រឹត្តិបទល្មើសមាត្រា៩៨អាចប្រឈមនឹងទោសដាក់ពន្ធនាគារពី ៣ឆ្នាំទៅ៥ឆ្នាំ ។ មាត្រា៩៩អាចប្រឈមទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ រួមទាំងទោសពិន័យជាប្រាក់ពី៥លានទៅ៥០លានរៀល។ មាត្រា១០១ អាចប្រឈមទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំរួមទាំងពិន័យជាប្រាក់ពី១លានដល់៥លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ