អ្នក​លក់សៀវភៅ​ម្នាក់​ប្តឹងសាស្រ្តាចារ្យ​សាកលវិទ្យាល័យ​មួយ​ថា​លួចចម្លងស្នាដៃនិពន្ធ​

(រូបថតពីហ្វេសប៊ុក)

ម្ចាស់តូបលក់សៀវភៅនៅក្បែរវិទ្យាល័យបឹងកេងកងរាជធានីភ្នំពេញម្នាក់បានដាក់ពាក្យប្តឹងសាស្រ្តាចារ្យសាលកវិទ្យាល័យជាតិគ្រប់គ្រងមួយក្រុម ដោយចោទថាបានលួចចម្លងស្នាដៃដើមនិងធ្វើអាជីវកម្មខុសច្បាប់ ដោយទារសំណងសរុប២០ម៉ឺនដុល្លារ។

ម្ចាស់តូបលក់សៀវភៅនៅខាងត្បូងវិទ្យាល័យបឹងកេងកង លោក ភូ ភក្តី កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដោយប្តឹង លោក ផាត់ ពៅស៊ាង លោក ផាត់ រតនៈ លោកស្រី ផាត់ សុគន្ធា លោក ហេង សម្បត្តិ និងតំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រងថាបានលួចចម្លងស្នាដៃដើមដែលម្ចាស់តូបលក់សៀវភៅនេះបានទទួលសិទ្ធិបោះពុម្ពផ្សាយ។

លោក ភូ ភក្តី បញ្ជាក់ក្នុងពាក្យបណ្តឹងថាអ្នកទាំងនោះជាសាស្រ្តាចារ្យនៅសាលកវិទ្យាល័យជាតិគ្រប់គ្រង និងជាមេធាវីផងដែរ។ បើតាមពាក្យបណ្តឹងនោះ លោក ភូ ភក្តី បានប្តឹងទាមទារឲ្យអ្នកទាំងនោះផ្តល់សំណងជំងឺចិត្ត៤ម៉ឺនដុល្លារក្នុងម្នាក់ៗនិងបានស្នើឲ្យតុលាការផ្តន្ទាទោសអ្នកទាំងនោះតាមច្បាប់។

ក្នុងពាក្យបណ្តឹងនោះ លោក ភូ ភក្តី រៀបរាប់ថានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ លោកបានទទួលសិទ្ធិពីលោក អ៊ិន បូផា អ្នកនិពន្ធសៀវភៅ“នីតិភស្តុតាង” ដែលសៀវភៅនេះបានបោះពុម្ពរួចម្តងហើយកាលពីឆ្នាំ២០១២។ លោកបន្តថាលោកបានសិទ្ធិបោះពុម្ពផ្សាយនិងរៀបចំជាសៀវភៅអេឡិចត្រូនិច ដោយបែងចែកភាគលាភ៥០ភាគរយម្នាក់ជាមួយម្ចាស់ស្នាដៃ។

ទោះយ៉ាងណាលោកថានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ លោកបានទទួលព័ត៌មានថាមានសៀវភៅដែលមានចំណងជើងដូចគ្នាបានបោះពុម្ពផ្សាយលើកទី១ នៅឆ្នាំ២០១៦ ដោយសាស្រ្តាចារ្យមួយក្រុមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកបន្តថាក្រោយពីលោកបានអានសៀវភៅនោះ លោកបានរកឃើញថាអត្ថន័យក្នុងសៀវភៅ“នីតិភស្តុតាង”បោះពុម្ពឆ្នាំ២០១៦នេះ ជាច្រើនទំព័រមានខ្លឹមសារដូចនឹងស្នាដៃក្នុងសៀវភៅ“នីតិភស្តុតាង” ដែលបានបោះពុម្ពក្នុងឆ្នាំ២០១២និងជាសៀវភៅដែលលោកបានទទួលសិទ្ធិបោះពុម្ព។

ក្រៅពីទាមទារឲ្យមានការផ្តន្ទាទោសនិងសងជំងឺចិត្ត លោក ភូ ភក្តី ក៏ទាមទារឲ្យមានការដកហូតសៀវភៅ“នីតិភស្តុតាង” បោះពុម្ពឆ្នាំ២០១៦ពីលើទីផ្សារផងដែរ។

មេធាវីការពារក្តីឲ្យលោក ភូ ភក្តី គឺកញ្ញា ជីវ ឡេងហួង ប្រាប់វីអូឌីតាមទូរស័ព្ទនារសៀលនេះថាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរភាគីទាំងសងខាងតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ទាក់ទងនឹងសំណុំរឿងនេះ។ កញ្ញាបន្តថាភាគីទាំងពីរកំពុងរង់ចាំនីតិវិធីបន្តរបស់ព្រះរាជអាជ្ញា។ កញ្ញាបន្ថែមថា៖ “ ខ្ញុំអត់ដឹងថាយ៉ាងម៉េចដែរ ព្រោះឥឡូវយើងធ្វើតែតាមផ្លូវច្បាប់ យើងអត់អាចដឹងថាសំណុំរឿងហ្នឹងយ៉ាងម៉េចៗទេ ព្រោះសំខាន់យើងគ្រាន់តែដាក់ពាក្យបណ្តឹង ការសម្រេចគឺស្រេចទៅលើព្រះរាជអាជ្ញា ហើយគេធ្វើការស៊ើបសួរបន្តទៀតតាមនីតិវិធីផ្លូវច្បាប់អីអ៊ីចឹងណាបង”

លោកសាស្រ្តាចារ្យ អ៊ិន បូផា ម្ចាស់សៀវភៅ“នីតិភស្តុតាង”បោះពុម្ពលើកទី១ ក្នុងឆ្នាំ២០១២និងបានលក់សិទ្ធិបោះពុម្ពឲ្យលោក ភូ ភក្តី ប្រាប់វីអូឌីដែរថាលោកបានអានសៀវភៅ“នីតិភស្តុតាង” ដែលបោះពុម្ពនៅឆ្នាំ២០១៦នេះម្តងនិងលោកថាលោករកឃើញថាបានចម្លងខ្លឹមសាររបស់សៀវភៅលោកនិងសូម្បីតែពាក្យដែលលោកបានសរសេរខុស ក៏ក្នុងសៀវភៅថ្មីនោះមានដែរ។ លោកចាត់ទុកថានេះជាការលួចចម្លងស្នាដៃរបស់លោក។ លោកបន្ថែមថា៖ “បើសម្រាប់អ្នកលួចចម្លង ហើយនិងខ្ញុំនេះ បើគិតទៅសម្រាប់អ្នកនិពន្ធដើម គេហៅថា អ្នកនិពន្ធដែលលួចចម្លងហ្នឹងអសីលធម៌ណា ខ្ញុំថារឿងនេះ គេប្តឹងហ្នឹងមិនខុសទេ ប៉ុន្តែរឿងខ្ញុំថាអ្នកដែលលួចចម្លងហ្នឹងចរចាជាមួយអ្នកប្តឹងហ្នឹង ដើម្បីកុំឲ្យរឿងវែងឆ្ងាយ ព្រោះអីមើល(ខ្លឹមសារ)វាឃើញ(ថាចម្លង)សឹងទាំងអស់ហើយ”

ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ផាត់ ពៅស៊ាង ប្រាប់វីអូឌីនៅរសៀលនេះថាការចោទប្រកាន់នេះជារឿងមិនពិត។ លោកបន្ថែមថា៖ “អត់មានទេ ការហ្នឹង(រឿងហ្នឹង)មិនពិតសោះ…ខ្ញុំជាប់ប្រជុំ ខ្ញុំជាប់រវល់បន្តិចសិនណា”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ