ចៅក្រមបញ្ចប់ការស៊ើបសួរ ​ករណីចោទប្រកាន់​ លោក សម រង្ស៊ី សមគំនិតក្លែងបន្លំឯកសារ

លោក សម រង្ស៊ី កាលពីពេលកន្លង

មន្រ្តីតុលាការឲ្យដឹងថាចៅក្រមស៊ើបសួរ លោក កោ វណ្ឌី បានបញ្ចប់ការស៊ើបសួរ ករណីការចោទប្រកាន់ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថាសមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ។

លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានវឹងកវរធ្ងន់ដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២និង១៣ខែសីហា ឆ្នាំ២០១៥។

អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាម(Telegram)នៅថ្ងៃព្រហស្បតិ៍នេះថាចៅក្រមបានជូនដំណឹងពីការបិទការស៊ើបសួរដល់លោក សម រង្ស៊ី ទៅលើសំណុំរឿងដែលបំបែកចេញពីសំណុំរឿងទាក់ទងនឹងលោក ហុង សុខហួរ។ លោកបញ្ជាក់ថាសំណុំរឿងលោក សម រង្ស៊ី ត្រូវបានបំបែកចេញពីសំណុំរឿងដើមដែលចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះលើលោក ហុង សុខហួរ។ លោកបន្តថាបន្ទាប់ពីជូនដំណឹងបិទការស៊ើបសួរ ពីរថ្ងៃបន្ទាប់ទើបបញ្ជូនសំណុំរឿងមកអោយព្រះរាជអាជ្ញាធ្វើសេចក្តីសន្និដ្ឋានស្ថាពរ។

តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធថាមន្ត្រីនគរបាលពាក់ព័ន្ធបានយកលិខិតជូនដំណឹងរបស់តុលាការទៅដល់ទីស្នាក់ការបក្សកាលពីថ្ងៃពុធ តែលោកថាគណបក្សឬតំណាងរាស្រ្តមិនហ៊ានទទួលជំនួសលោក សម រង្ស៊ី នោះទេ ដោយលោកថាមានតែសាម៉ីខ្លួនឫមេធាវីទេដែលបានទទួលសិទ្ធិស្របច្បាប់ពីសាម៉ីជន។

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក កៅ វណ្ឌី បានចេញដីកាបង្គាប់ឲ្យលោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេស ចូលខ្លួនមកមកតុលាការពាក់ព័ន្ធនឹងសំណុំរឿងសមគំនិតក្លែងបន្លំឯកសារ តែលោក សម រង្ស៊ី មិនបានចូលខ្លួននោះទេ។

លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកករណីនេះជារឿងនយោបាយ មិនមែនជាបទល្មើសជាក់ស្តែងនិងជាការសម្តែងមតិរបស់សមាជិកព្រឹទ្ធសភា។ សង្គមស៊ីវិលមួយចំនួននិងគណបក្សសង្រ្គោះជាតិចាត់ទុកករណីនេះជារឿងនយោបាយ។

ពីទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថាលោក សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារ ដោយលោកថាប្រធានគណបក្សប្រឆាំងរូបនេះបានឲ្យទំព័រហ្វេសប៊ុករបស់លោកក្នុងការបង្ហោះឯកសាររបស់អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។ សម្តេចបានថ្លែងធ្ងន់ៗករណី លោក ហុង សុខហួរ ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារតែលោកបានធ្វើអត្ថាធិប្បាយភ្ជាប់ជាមួយឯកសារលើប្រព័ន្ធសង្គមហ្វេសប៊ុក។

សម្តេចមានប្រសាសន៍ថា៖ “ហើយអាម្ចាស់Page(ទំព័រ)ជានរណា ជារង្ស៊ីហ្មង(សម រង្ស៊ី) អញ្ចឹងទេអាចដល់ អាចដល់ម្នាក់ហ្នឹង ហើយបើដល់ម្នាក់ហ្នឹង ម្តងនេះខ្ញុំឈប់លើកលែងទោសឲ្យហើយ ខ្ញុំលើកលែងទោសឲ្យម្នាក់នេះពីរដង រួចមកហើយ លើកនេះអត់ទេ លើកនេះអត់ទេ ព្រៃស អត់មានទទួលស្គាល់អ្នកណាថាស្អីនេះទេ”។ លោកបន្ថែមថា៖ “និយាយអញ្ចឹងថាអាងគុក អាងច្រវាក់ អាងទាហាន អាងប៉ូលិស  ចឹងកាន់អំណាច បើមិនឲ្យអាងអាហ្នឹង អាងអីគេ ឥឡូវសួរ  គាត់កាន់អំណាច គាត់អាងអី វាមិនដែលម៉ែអាណា កាន់អំណាច ឲ្យ អាងទានធូបទេហី”

ករណីលោក សម រង្ស៊ី ត្រូវបានសភាអឺរ៉ុបអំពាវនាវឲ្យមានការទម្លាក់ការចោទប្រកាន់ទាំងអស់មកលើរូបលោក។ គណបក្សប្រឆាំងកំពុងស្វែងរកការចរចាជាមួយគណបក្សកាន់អំណាចដើម្បីឲ្យលោក សម រង្ស៊ី អាចចូលស្រុកបាននិងរួចផុតពីការចោទប្រកាន់នានា។

គួរបញ្ជាក់ថាលោក សម រង្ស៊ី ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ លោក សម រង្ស៊ី ក៏ជាប់បណ្តឹងពីរទៀតគឺបណ្តឹងមួយប្តឹងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ពីបទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិតនិងមួយទៀតបណ្តឹងបរិហារកេរ្តិ៍ប្តឹងដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុកថា៖ “យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ