CCIM៖ ការរិតត្បិតសេរីភាពសារព័ត៌មាននៅតែបន្តកើតមាននៅកម្ពុជា

អ្នកយកព័ត៌មានត្រូវបានសន្តិសុខខណ្ឌដូនពេញវាយឲ្យរងរបួសបាក់ឆ្អឹងថ្ពាលនិងខ្លួន (រូបភាពពីបណ្តាញសង្គម)

អង្គការដែលឃ្លាំមើលអ្នកសារព័ត៌មានសំដែងការព្រួយបារម្ភចំពោះការនៅតែបន្តការកើតមាននៃការគំរាមកំហែងលើសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា ដោយថានិទណ្ឌភាពនៅតែបន្ត បើទោះជារដ្ឋាភិបាលនៅតែអះអាងអំពីការតាំងចិត្តលើកស្ទួយវិស័យនេះ។

សេចក្តីថ្លែងការណ៍នៅថ្ងៃនេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកយកករណីអ្នកយកព័ត៌មានឲ្យបណ្តាញព័ត៌មានអប្សរាលោក ឌឹម សឿន ដែលអះអាងថាត្រូវបានមន្រ្តីនគរបាលពីររូបឃាត់ខ្លួននិងគំរាមវាយដំកាលពីថ្ងៃទី៣ខែកក្ដដានេះ ខណៈដែលអ្នកយកព័ត៌មានរូបនេះបានព្យាយាមថតរូបគំនរឈើដែលគេគិតថាខុសច្បាប់ ដោយបានរកឃើញនៅក្នុងផ្ទះរបស់មន្រ្តីនគរបាលម្នាក់នៅខេត្តមណ្ឌលគីរី។

សេចក្តីថ្លែងការណ៍ដដែលក៏បានលើកឡើងពីករណីបិទកម្មវិធីផ្សាយសំលេងជាភាសាចាមដែលបានដំណើរការផ្សាយជាប្រក្រតីនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំហើយនោះ តែត្រូវបានបញ្ជាឲ្យផ្អាកការផ្សាយរបស់ខ្លួនតាមរយៈវិទ្យុ FM ១០៣ ដោយពុំមានការផ្តល់មូលហេតុច្បាស់លាស់។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានទទូចក្នុងសេចក្តីថ្លែងការណ៍ឲ្យរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ ដើម្បីផ្តន្ទាទោសជនដែលបានធ្វើទុកបុកម្និញដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាននិងស្នើឲ្យផ្តល់ម៉ោងផ្សាយដល់កម្មវិធីផ្សាយជាភាសាចាមឡើងវិញ ដោយថាដើម្បីបម្រើដល់ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយនិងគ្រប់ជាតិសាសន៍។

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា «ការរិតត្បិតលើសេរីភាពសារព័ត៌មានគឺជាការរារាំងនៃដំណើរការប្រជាធិបតេយ្យនិងការអភិវឌ្ឍដោយតម្លាភាពនៅកម្ពុជា។ អ្វីដែលកំពុងកើតឡើងនេះជាសក្ខីភាពដែលបង្ហាញពីភាពផ្ទុយនៃអ្វីដែលរដ្ឋាភិបាលបានបង្ហាញនូវការប្តេជ្ញាចិត្ត

របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលធ្លាប់ចេញផ្សាយកាលពីចុងឆ្នាំ២០១៥បានឲ្យដឹងថាអ្នកសារព័ត៌មាន២៦,៦%បានលើកឡើងថា ពួកគេធ្លាប់ទទួលនូវការគំរាមកំហែងដោយប្រើប្រាស់ប្រព័ន្ធតុលាការដែលនាំឲ្យអ្នកសារព័ត៌មានមានការភ័យខ្លាចក្នុងការរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈនិងតម្លាភាព។ របាយការណ៍ដដែលបន្តថាអ្នកសារព័ត៌មាន៥៨%រាយការណ៍ថាពួកគេមានអារម្មណ៍ភ័យខ្លាចនៅក្នុងការរាយការណ៍ព័ត៌មានដែលតួរលេខនេះមានការកើនឡើងចំនួន១០,៧%នៃការរកឃើញកាលពីឆ្នាំ ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ