ក្រសួងព័ត៌មាន​ព្រមាន​ចុងក្រោយ​រឿងមិន​ប្រើគោរមងារ​ថ្នាក់ដឹកនាំនៅក្នុងអត្ថបទ

ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងមួយជាការព្រមានចុងក្រោយដល់ប្រព័ន្ធផ្សព្វផ្សាយដែលនៅតែមិនប្រើគោរមងារថ្នាក់ដឹកនាំនៅក្នុងអត្ថបទ។

ក្រសួងបានទុករយៈពេលត្រឹមខែកក្កដាសម្រាប់សារព័ត៌មានប្រើប្រាស់គោរមងារសម្តេចនៅក្នុងសារព័ត៌មាន។ ក្រសួងថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។ រហូតមកមកដល់ថ្ងៃទី៧ ខែកក្កដានេះ សារព័ត៌មានមួយចំនួននៅតែរក្សាការសរសេរដោយហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬលោក ហ៊ុន សែន ដដែល ដូចជាកាសែតភ្នំពេញប៉ុស្តិ៍ ខេមបូឌា ដេលី ខ្មែរថាមស៌ វិទ្យុអាស៊ីសេរី វិទ្យុVOA និងវិទ្យុបារាំងជាដើម។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៦ ខែកក្កដា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់ថានេះជាការ”ព្រមានចុងក្រោយ”ចំពោះស្ថាប័នវិទ្យុ ទូរទស្សន៍ កាសែតនិងគេហទំព័រទាំងឡាយណាដែលមិនទាន់បានគោរពពេញលេញអំពើការប្រើប្រាស់គោរមងារសម្តេច។ ក្រសួងបញ្ជាក់ថាការឲ្យប្រើប្រាស់គោរមងារនេះគឺដើម្បីរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិនិងតាមស្របតាមប្រទេសកម្ពុជាដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា៖ “ដោយសារប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានមួយចំនួនតូចនៅតែសម្តែងនូវភាពគគ្លើន អនុវត្តផ្ទុយពីការណែនាំរបស់ក្រសួង ព្រមទាំងធ្វើការអធិប្បាយផ្ទុយពីគោលបំណងពិតប្រាកដ មានលក្ខណៈបំពុលបរិយាកាសសង្គម ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជតិ ក៏ដូចជាប្រពៃណី វប្បធម៌ជាតិនោះ ក្រសួងព័ត៌មានសូមធ្វើការព្រមានជាលើកចុងក្រោយ បើអង្គភាពណានៅតែបំពានសេចក្តីជូនដំណឹងខាងលើ ក្រសួងព័ត៌មាននឹងចាត់វិធានការតាមភារកិច្ចនិងសមត្ថកិច្ចដែលច្បាប់ រាជរដ្ឋាភិបាលប្រគល់ជូន”។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថាក្រសួងនឹងអនុវត្តចំណាត់ការរបស់ក្រសួងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ លោកបន្ថែមថាចំណាត់ការអាចនឹងមានការបិទស្ថាប័នសារព័ត៌មានទាំងនោះ។ លោកមានប្រសាសន៍ថា៖ “គឺបើស្ថាប័នណាមួយនោះមិនសហការ ក្រសួងព័ត៌មានក៏មិនសហការដែរ។ ដូច្នេះ អ្វីដែលសិទ្ធិអំណាចរបស់ក្រសួងព័ត៌មានមាន ក្រសួងព័ត៌មាននឹងធ្វើគ្រប់បែបយ៉ាង រាប់ទាំងការបិទមិនឲ្យផ្សាយទៀតផង។ តាមពិតប្អូនត្រូវដឹងថាមួយខែជាងកន្លងមកនេះ ក្រសួងបានចេញការណែនាំហ្នឹងសារជាថ្មី ហើយបានប្រជុំជាមួយនឹងបណ្តាញសារព័ត៌មានច្រើន នៅក្រសួងព័ត៌មានហ្នឹងដោយបានជម្រាបពួកគាត់ហើយនិងធ្វើលិខិតមួយចេញ ជាផ្លូវការចាប់ពីខែកក្កដានេះ ទៅ ថ្ងៃ១ ខែកក្កដានេះ ការណែនាំនេះត្រូវតែចូលជាធរមាន។ អញ្ចឹងវាហូសពេលថាថ្ងៃនេះថ្ងៃនោះទៀតហើយ”៕ ដោយសាយ ឡាលីស និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ