ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លីនៅ​ស្វាយ​រៀង​ឡើងមក​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋ​មន្ត្រី

ពល​រដ្ឋដែល​មាន​ទំនាស់​ដី​ធ្លី ​មក​ពី​សហគមន៍ចំនួន៣​ ​នៅ​ខេត្តស្វាយ​រៀង បាន​ឡើង​មក​ដាក់​ញាត្តិ​នៅ​ទី​ស្តី​ការ​គណរដ្ឋ​មន្ត្រីសុំ​ឲ្យ​​លោក ហ៊ុន សែន ​អន្តរាគមន៍ទៅ​កាន់​មន្ត្រី​ថ្នាក់​ក្រោម​ ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ។

នៅព្រឹក​ថ្ងៃ​ទី៧ សីហា​នេះ ពល​រដ្ឋ​ជិត​១០០នាក់ដែលថា​តំណាង​ឲ្យ​ ​១៧៣៥គ្រួសារ នៅសហគមន៍​ ​សាមគ្គីចេក​មាស សហគមន៍​សាមគ្គី​រមាសហែក និង​សហគមន៍​អណ្តូ​ងត្របែក ក្នុង​ស្រុក​​មាស​ហែក បានដាក់​ញាត្តិទាមទារឲ្យ​មន្ត្រី​ថ្នាក់​ក្រោម បញ្ឈប់​ការ​គំរាម​កំហែង និងដោះ​ស្រាយ​បញ្ហារំលោភបំពាន​​ដី​ធ្លីពី​សំណាក់​ក្រុមហ៊ុន និង​អាជ្ញាធរ​មាន​អំណាច ទៅ​លើ​ដី​ចំនួន​៨៧៥.៩២ ហិកតា​ដែល​សហគមន៍​ទាំង​៣កំពុងជួប​ប្រទះ។

តំណាង​សហគមន៍អណ្តូង​ត្របែកលោក ឡូញ ថា មាន​ប្រសាសន៍​ថា ដី​សហគមន៍​របស់​​លោ​កត្រូវបាន​អាជ្ញាធរមក​ឈូស​ឆាយ​បំពាន​យក​ជាង​២៥០ហិកតាកាល​ពី​ខែ​មេសា ឆ្នាំ​២០១៧​ ដោយ​​ថា​ការ​ឈូស​ឆាយ​នេះ​គឺ​ឡើង​តាម​ស.ជ.ណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រីធ្វើ​ជា​ដី​សម្ប​ទាន​សង្គមកិច្ច​ សម្រាប់​យោ​ធិន និង​នគរបាល ខណៈ​ដែ​​ល​ស.ជ.ណ នោះ​កំណត់​ត្រឹម​តែ​៥៥.៣០ហិកតា​ប៉ុណ្ណោះ។

លោក​ថា៖ « ដីសហគមន៍ខ្ញុំគឺមាន២៥០ហិកតា តែដល់ពេលឥឡូវគាត់ឈូសទាំងអស់ គាត់ថាជាដីបំរុងរបស់ខេត្តអញ្ចឹងគេយកទាំងអស់។ គេយកសាងសង់ផ្ទះឲ្យយោធិនចូលនិវត្តន៍ យោធិនពិការសម្រាប់អ្នកក្រីក្រអញ្ចឹងណា។ ដល់អញ្ចឹងគេថាយកតែ៣៥.៤០ហិចតាទេ តែឥឡូវគេឈូសទាំងអស់ »

តំណាង​ពល​រដ្ឋសហគមន៍​រងគ្រោះ​មួយ​ករណី​ទៀតអ្នក​ស្រី ម៉ម ស៊ីណា ថានៅ​ប៉ុន្មាន​ខែ​មុន​នេះ អាជ្ញា​ធ​រ​​ស្រុក​រមាស​ហែ​ក និង​ថ្នាក់​ខេត្ត​ ជា​មួយ​ក្រុម​ហ៊ុន​វៀតណាម មក​គំរាមកំហែង និង​ឈូស​ឆាយ​​ដីនៅ ឃុំអំពិល ដែល​​ពល​រដ្ឋធ្លាប់ដាំដំណាំ​ជា​យូរ​មក​ហើយ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការ​លំបាក​ជា​ខ្លាំង​នៅពេល​នេះ។ អ្នកស្រី​ចង់​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ អន្តរាគមន៍ទៅ​ថ្នាក់ខេត្ត និង​ស្រុក​ អនុញ្ញាតឲ្យ​ពួកគេ​បាន​អាស្រ័យ​ផល​វិញ និង​ផ្តល់ប័ណ្ណ​កម្ម​សិទ្ធិ​ជូនប្រជា​សហគមន៍​ទាំង​នោះ​ផង​ដែរ។

អ្នក​ស្រី​​ថា៖ « ខ្ញុំមានបញ្ហាជាមួយអភិបាល​(រង)ខេត្តហ្នឹង គាត់គំរាម(យកដី​)​ពួកខ្ញុំឲ្យទៅ ខាងក្រុមហ៊ុននោះធ្វើដល់អញ្ចឹងពួកខ្ញុំមិនព្រមក៏ឡើងមកក្រសួង(ទីស្តីការគណៈរដ្ឋមន្ត្រី) ឲ្យគាត់ជូយដោះស្រាយឲ្យប្រជាពលរដ្ឋ។ ចង់ឲ្យដោះស្រាយដោយចេញប័ណ្ណកម្មសិទ្ធិនិងទាមទារដីនោះឲ្យប្រជាពលរដ្ឋវិញ ​ »

មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី គឺ​លោក សេង​ សាវន ដែល​បាន​ចេញ​មក​ទទួលញាត្តិ ​បាន​សន្យា​ថា​លោក​នឹងយក​ញាត្តិ​នេះ​ទៅ​ពិនិត្យ​ពិភាក្សា​ជា​មួយ​ភាគីពាក់​ព័ន្ធ ហើយការ​វិវត្តន៍​យ៉ាងណា​នោះ​លោក​​នឹង​ជូន​ដំណឹងទៅ​កាន់​ពល​រដ្ឋ​​​តាម​ក្រោយ។

មន្ត្រី​សម្រប​សម្រួលសហគមន៍ CCFC ដែ​ល​បាន​តាម​ដាន​ករណី​នេះលោក ម៉ឺន រតនា ថា ពល​រដ្ឋបាន​មក​ដាក់​ញាត្តិ​នៅ​ទី​ស្តី​ការ​នេះ​លើក​ទី​ពីរ​ហើយ​បន្ទាប់​ពី​ញាត្តិ​មុន​ គ្មាន​​ការឆ្លើយ​តប​ណាមួយ​​ដែល​អាច​ធ្វើ​ឲ្យ​ពល​រដ្ឋ​មាន​សង្ឃឹម​ពី​ដំណោះ​ស្រាយ​បាន រហូត​​ធ្វើ​ឲ្យ​​ពលរដ្ឋតវ៉ា​​មួយ​ចំនួន​ជាប់​បណ្តឹង​ទៀត​ផង។ លោក​ថា​ករណី​នេះ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ដោះ​ស្រាយ​ឲ្យ​បាន​ចប់ជៀស​វាង​បន្ត​ករណី​នេះ​នៅ​អូស​បន្លាយ​ពេល​ច្រើន ព្រោះ​ថាបើ​ទោះ​បី​ត្រូវ​ការ​យក​ដី​ទៅ​ធ្វើ​សម្បទាន​ គួរ​ណាស់​តែ​រដ្ឋាភិបាល​ពិនិត្យ​ផ្តល់​សំណង​សមរម្យ​ជូន​ពួកគាត់ជៀស​វាងធ្វើ​ឲ្យ​ពួក​គាត់​នៅ​តវ៉ា​ដូច​នេះ។

លោកថា៖ « កសិករត្រូវការដីសម្រាប់ធ្វើកសិកម្ម និងដើម្បីរស់នៅតែនៅពេលដែលរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនដោយមិនបានវាយតម្លៃឲ្យបានច្បាស់លាស់អញ្ចឹង វាប៉ះពាល់ដីសម្រាប់ធ្វើស្រែរបស់ប្រជាពលរដ្ឋអញ្ចឹងហើយវាធ្វើឲ្យពលរដ្ឋបាត់បង់ដីសម្រាប់ធ្វើស្រែ ហើយធ្វើឲ្យគាត់ធ្វើចំណាកស្រុក ហើយកូនក៏មិនបានចូលរៀនទៀត»

ទោះជាយ៉ាងណា ពល​រដ្ឋ​​ទាំង​នោះក៏​បាន​បន្ត​ទៅ​រកការ​អន្តរាគមន៍​ពី​ក្រសួង​ដែន​ដី​ផង​ដែរ​ដើម្បីស្វែង​រក​ការ​ដោះស្រាយ​បន្ថែម។ ពួកគេ​បញ្ជាក់​ថា​​នឹង​បន្ត​ដាក់​ញាត្តិ​តវ៉ា​បន្ថែម​ទៀត​រហូត​ទាល់​តែមាន​ដោះស្រាយ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ