អ្នកប្រើប្រាស់បណ្តាញសង្គមបង្ហោះវីដេអូករណីទម្លាក់គ្រាប់បែកនៅចំកណ្តាលរាជធានីភ្នំពេញ​

វីដេអូឃ្លីបជាង៣០នាទីដែលគេបង្ហោះលើបណ្តាញសង្គមបានឲ្យដឹងថា ជនមិនស្គាល់អត្តសញ្ញាណបានទម្លាក់គ្រាប់បែកមួយគ្រាប់នៅចំកណ្តាលរាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស ខណៈពួកគេកំពុងធ្វើដំណើរក្បែរកន្លែងកើតហេតុ។

នៅម៉ោងជិត៨យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ គ្រាប់បែក១គ្រាប់បានផ្ទុះនៅលើផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

ក្រោយពីផ្ទុះគ្រាប់បែកនោះ អ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះក្នុងវីដេអូឃ្លីបនោះថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូមួយគ្រឿងនៅលើផ្លូវលេខ១៦៣ រួចទម្លាក់គ្រាប់បែកមួយគ្រាប់លើផ្លូវស្របពេលដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរ ខណៈនោះបណ្តាលឲ្យមនុស្ស៣នាក់រងរបួសនិងរថយន្តស្ស៊ីស RX330 មួយគ្រឿងបែកកញ្ចក់ និងរថយន្តមួយចំនួនទៀតនៅក្បែរនោះបែកកង់និងកញ្ចក់ផងដែរ។ នៅគ្រានោះ ជនមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូរត់គេចខ្លួនបាត់។

សាក្សីនៅជិតកន្លែងកើតហេតុបាននិយាយប្រាប់អ្នកសារព័ត៌មានថា អ្នកដែលរងរបួសនោះគឺមានជនជាតិវៀតណាមម្នាក់ ស្រ្តីជនជាតិខ្មែរ និងជនជាតិឥណ្ឌាម្នាក់ដែលរងរបួសចង្កេះ។ ក្រោយពីកើតហេតុ អ្នកទំាងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតនិងមន្ទីរពេទ្យរុស្ស៊ី។

ស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ អះអាងថាជាប់រវល់ប្រជុំ ដោយមិនបំភ្លឺបន្ថែមករណីនេះទេ។

ប៉ុន្តែនៅថ្ងៃពុធនេះដែរ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានថ្កោលទោសចំពោះករណីបំផ្ទុះគ្រាប់បែនេះ ដោយថាជាចេតនាធ្វើឲ្យសាធារណមតិជាតិនិងអន្តរជាតិមានការយល់ច្រឡំអំពីសភាពការណ៍សន្តិសុខរបស់ប្រទេសកម្ពុជា ដោយថាកំពុងរក្សាបាននូវប្រក្រតីភាពនិងស្ថិរភាពយ៉ាងល្អប្រសើរ។

ក្រសួងមហាផ្ទៃបានអំពាវនាវឲ្យសាធារណជនសហការជាមួយកម្លំាងសមត្ថកិច្ចចំពោះហេតុការណ៍ខាងលើនេះ ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អ៊ំ សំអាត យល់ថាការបំផ្ទុះគ្រាប់បែកនៅចំកណ្តាលរាជធានីភ្នំពេញ ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង់សន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកនេះក៏ជាសារគំរាមកំហែងមិនឲ្យអ្នកគំាទ្រមេដឹកនាំគណបក្សប្រឆំាង មកចូលរួមសំណេះសំណាលនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិថ្ងៃទី៩ខែកញ្ញា ខណៈតុលាការកោះលោក កឹម សុខា ឲ្យចូលបំភ្លឺនៅថ្ងៃនោះដែរ។

លោកបន្តថា៖ “ជាធម្មតាដូចខ្ញុំលើកការរិះគន់ទៅលើរដ្ឋាភិបាលវាកាន់តែធ្ងន់ធ្ងរទៅទៀតពីសំណាក់ប្រជាពលរដ្ឋទៅលើរដ្ឋាភិបាល ទីមួយដូចថារដ្ឋាភិបាលដូចជាមិនមានសមត្ថកិច្ចភាពគ្រប់គ្រាន់ក្នុងកិច្ចការពារសុវត្ថិភាពគ្រប់គ្រាន់ក្នុងកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយទីពីរគេអាចនឹងរិះគន់ថា នេះជាការគំរាមកំហែងបំផិតបំភ័យសម្រាប់សកម្មជនគណបក្សសង្គ្រោះជាតិមកចូលរួមនៅថ្ងៃទី៩នៅមុខស្នាក់ការ(គណបក្សសង្គ្រោះជាតិ)នៅក្នុងពិធីជួបជុំជាដើម ធ្វើឲ្យរដ្ឋាភិបាលកាន់តែខាតបង់កាន់តែធ្ងន់ទៅ“។

ក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី៦ ខែកញ្ញា គណបក្សសង្គ្រោះជាតិគ្រោងនឹងរៀបចំពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំគណបក្សនិងមហាជននៅថ្ងៃសុក្រចុងសបា្តហ៍នេះ គឺចំពេលដែលតុលាការកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សនេះលើសំណុំរឿង «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដែលគេថាលោកមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។

គួររំឮកថា ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងរយៈពេល១ថ្ងៃក្រោយពេលដែលអាជ្ញាធររាជធានីភ្នំពេញបានដាក់កំលាំងរាំងខ្ទប់ផែនការដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិទៅដាក់តាមស្ថានទូតនានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ