អ្នកវិភាគ៖ មានការចាប់ខ្លួនអ្នកនៅពីក្រោយការសម្លាប់លោក កែម ឡី លុះណាមានការជំរុញ​សកម្ម

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

អ្នកវិភាគនិងមន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថា ការជំរុញឲ្យរដ្ឋាភិបាលវែកមុខអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី មកផ្តន្ទាទោសបាន លុះណាតែមានការចូលរួមជំរុញយ៉ាងសកម្មពីក្រុមអង្គការសង្គមស៊ីវិលនិងសាធារណជនដែលគាំទ្រ។

អ្នករិះគន់រដ្ឋាភិបាលឥតសម្ចៃមាត់ម្នាក់និងជាអ្នកវិភាគនយោយដ៏ល្បីឈ្មោះ លោក កែម ឡី ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅហាងស្តាម៉ាតមួយ ស្ថិតក្នុងស្ថាននីយប្រេងឥន្ទនៈកាល់តិច ជាប់ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។

ឃាតកម្មនោះមានរយៈពេលជាង៤ខែហើយ ដែលអាជ្ញាធររបស់រដ្ឋាភិបាលមិនទាន់បានវែកមុខអ្នកនៅពីក្រោយឃាតកម្មនោះមកផ្តន្ទាទោសបាននៅឡើយ ក្រៅពីជនសង្ស័យម្នាក់ដែលត្រូវចាប់ខ្លួនក្រោយកើតហេតុ។

អ្នកឯកទេសនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា ប្រព័ន្ធដឹកនាំរដ្ឋបច្ចុប្បន្ននេះ លោកថាជារដ្ឋបាលបក្ស មិនមែនជារដ្ឋបាលសាធារណៈដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេ។

លោក ចាន់ វិបុល វិភាគថាប្រព័ន្ធដឹកនាំបែបនេះ អ្នកដែលងាយរងគ្រោះជាងគេ គឺអ្នកដែលហ៊ានរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល។

ប៉ុន្តែលោក ចាន់ វិបុល វិភាគថា យុត្តិធម៌សម្រាប់លោក កែម ឡី អាចរកឃើញ គឹតាមរយៈការជំរុញដ៏សកម្មពីក្រុមអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋដែលស្រឡាញ់យុត្តិធម៌។

លោកថា នៅក្នុងក្របខណ្ឌអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យស្របទៅលើគោលការណ៍សិទ្ធិមនុស្សនោះ គឺទាមទារឲ្យអង្គការសង្គមស៊ីវិលលើសលប់ច្រើនដូចបច្ចុប្បន្ននេះ ផ្តោតទៅលើការពង្រឹងចូលរួមផ្នែកនយោបាយក្នុងសង្គមរបស់ប្រជាពលរដ្ឋ ឲ្យគាត់[ប្រជាពលរដ្ឋ]យល់ដឹង ហើយឲ្យគាត់ស្វែងយល់អំពើការចូលរួមរបស់គាត់។ អត់មានការចូលរួមពីប្រជាពលរដ្ឋខ្ញុំថា វាអត់ជោគជ័យ។ អញ្ចឹងអង្គការសង្គមស៊ីវិលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងឲ្យពលរដ្ឋយល់ដឹងនិងតំណាងឲ្យប្រជាពលរដ្ឋទាំងនៅក្នុងជាតិនិងអន្តរជាតិ។

លោក ចាន់ វិបុល បញ្ជាក់ដូចនេះទៀតថា៖ «សង្គមស៊ីវិលមិនគួរក្លាចក្រែងទេ ព្រោះសង្គមស៊ីវិលជាតំណាងស្របច្បាប់ ជាទិដ្ឋភាពនយោបាយសង្គម តំណាងឲ្យប្រជាពលរដ្ឋ នៅចន្លោះនៃរដ្ឋនិងប្រជាពលរដ្ឋ។ អញ្ចឹងបើគាត់ក្លាចក្រែង គាត់គិតថាវាចប់ហើយ អញ្ចឹងបានន័យថាសង្គមហ្នឹងវាចប់ហើយ»។

បើតាមលោក ចាន់់ វិបុល ការជួយស្វែងរកយុត្តិធ៌មជូនលោក កែម ឡី លោកថាប្រជាពលរដ្ឋអាចបន្តបង្ហាញសារទៅរដ្ឋាភិបាល តាមរយៈបណ្តាញសង្គម នូវអ្វីដែលខ្លួនគិតថា ការដឹកនាំនោះមិនទាន់មានយុត្តិធ៌មសម្រាប់ពលរដ្ឋទូទៅ។

ចំណែកសង្គមស៊ីវិល លោក ចាន់ វិបុល លើកឡើងទៀតថា នៅតែបន្តជំរុញនិងដាក់លិខិតឬឯកសារនានាទាន់ទិនអយុត្តិធ៌មសង្គមនិងការរំលោភសិទ្ធិមនុស្ស ទៅសហគមន៍អន្តរជាតិ ស្វែងរកជំនួយអន្តរាគមន៍បន្ថែម ដែលលោកអះអាងថា កម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិ ដូចនេះលោកថាសហគមន៍អន្តរជាតិមានសិទ្ធិជំរុញករណីនេះ។

អ្នកគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ដើម្បីឲ្យមានយុត្តិធម៌សង្គម រួមទាំងឃាតកម្មបាញ់សម្លាប់លោក កែម ឡី ផងនោះ លោកថារដ្ឋសភាត្រូវធ្វើវិសោធនកម្មច្បាប់យ៉ាងតិចចំនួន៣ ដែលទើបដាក់ឲ្យប្រើក្រោយការបោះឆ្នោតឆ្នាំ២០១៣។

បើតាមលោក អំ សំអាត ច្បាប់ទាំង៣នោះមាន ច្បាប់ស្តីពីការរៀបចំអង្គតុលាការ លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់មួយទៀត ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ លោកថាខ្លឹមសារនៃច្បាប់នោះ បានផ្តល់អំណាចខ្លាំងដល់រដ្ឋាភិបាល ក្នុងការជ្រៀតជ្រែងប្រព័ន្ធយុត្តិធម៌។

បើពុំនោះទេលោក អំ សំអាត គិតថាការអនុវត្តច្បាប់នៅកម្ពុជា នៅតែមានស្តង់ដាពីរដូចមជ្ឈដ្ឋានជាតិនិងអន្តរជាតិធ្លាប់រិះគន់ ហើយអាជ្ញាធរពាក់ព័ន្ធនៅតែបន្តបកស្រាយ ដើម្បីគេចចេញពីការទទួលខុសត្រូវដដែល។

លោកថា៖ «យូរៗទៅ[អាជ្ញាធរ]បំភ្លេចបាត់ ដូចករណីបាញ់សម្លាប់ លោក ជា វិជ្ជា បាញ់សម្លាប់ លោក ឈុត វុទ្ធី បាញ់សម្លាប់តារាចម្រៀងផ្សេងៗហ្នឹង មកទល់ឥឡូវយើងអត់ឃើញមានពន្លឺទេ។ អាហ្នឹងដែលយើងគិតថា ចំណាយពេលៗ ដល់យូរៗទៅវាអត់បានលទ្ធផលអី។ ហើយករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី បើយើងធៀបនឹងស្តាម៉ាតដែរ ដូចជាករណីលោកឧកញា អ៊ឹង ម៉េងជឺ យើងឃើញគេប្រើប្រាស់កាមេរ៉ាសុវត្ថិភាពហ្នឹងធ្វើការស៊ើបអង្កេតបានលឿន រកជនដៃដល់និងអ្នកពាក់ព័ន្ធហ្នឹងឃើញលឿនបំផុត។ ប៉ុន្តែខ្ញុំគិតថា បើគ្មានឆន្ទៈ[នយោបាយ]ទេ ទោះចំណាយពេលប៉ុន្មានទៀតក៏រកមិនឃើញដែរ»។

សម្រាប់អ្នកវិភាគនយោបាយមួយរូបទៀត គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ វិញលើកឡើងថា ការជំរុញល្បឿនឲ្យស្វែងរកអ្នកពាក់ព័ន្ធនិងអ្នកនៅពីក្រោយការបាញ់ស្លាប់លោក កែម ឡី មកផ្តន្ទាទោស លោកថាគ្រួសាជនរងគ្រោះផ្ទាល់ត្រូវក្លាហានជំរុញទៅអាជ្ញាធរឬក៏ទៅក្រសួងយុត្តិធម៌យ៉ាងតិច៣ខែម្តងដែរ ដែលលោកថាដើម្បីឲ្យក្រសួងមួយនោះពិនិត្យមើលពីនីតិវិធីរបស់តុលាការ។

ជាងនេះទៅទៀតលោក ឡៅ ម៉ុងហៃ ថាក្រុមគ្រួសារជនរងគ្រោះ ក៏អាចរកកិច្ចអន្តគមន៍ពីព្រះមហាក្សត្រដើម្បីជំរុញករណីនេះផងដែរ។

លោកថា៖ «សុំជម្រុញឲ្យព្រះមហាក្សត្របំពេញតួនាទីឲ្យបានត្រឹមត្រូវ ព្រោះព្រះមហាក្រត្រជាអ្នកធានាឯករាជភាពរបស់តុលាការ។ ហើយប្រជាពលរដ្ឋក៏អាចដាក់ញត្តិឲ្យព្រះមហាក្សត្រ សុំឲ្យព្រះអង្គបំពេញតួនាទីរបស់ព្រះអង្គ ហើយសុំឲ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ តុលាការហ្នឹង សហការជាមួយព្រះមហាក្សត្រ បាទ! អាហ្នឹងបានបាន»។

យ៉ាងនេះក្តី ក្រោយពីមានឃាតកម្មបាញ់សម្លាប់លោក កែម ឡី តុលាការបានចេញដីកាពីរលើកកោះហៅភរិយាលោក កែម ឡី ឲ្យចូលបំភ្លឺលើដំណើរការនីតិវិធីក្នុងសំនុំរឿងឃាតកម្មនេះ។ ប៉ុន្តែដីកាកោះរបស់តុលាការនោះ បានធ្វើឡើងចំពេលប្រពន្ធលោក កែម ឡី កំពុងគេចខ្លួននៅក្រៅប្រទេស ស្វែងរកកន្លែងលាក់ខ្លួន ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល អ្នកមានជម្លោះដីធ្លី រួមទាំងបណ្តាញព្រះសង្ឃ បានធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅតាមសហគមន៍និងតាមបណ្តាញសង្គម រៀងរាល់មួយសប្តាហ៍ម្តង ជំរុញឲ្យរដ្ឋាភិបាលដោះលែងសង្គមស៊ីវិលដែលកំពុងឃុំខ្លួននិងទាមទារឲ្យវែកមុខអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី មកផ្តន្ទាទោស បើទោះបីយុទ្ធនាការនោះត្រូវបានរំខានពីអាជ្ញាធរក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ