លោក ហ៊ុន សែន ឲ្យពល​រដ្ឋ​ចំណាំទុក​រឿង​ត្រលប់​ទៅ​ស្រុក​​វិញ​របស់​ពលករភូមា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងឲ្យប្រជាជនកាប់ថ្មចំណាំទុករឿងការវិលត្រលប់ទៅស្រុកវិញរបស់ពលករចំណាកស្រុកមីយ៉ាន់ម៉ា ដោយថាតើពួកគេនឹងវិលត្រលប់ទៅស្រុករបស់ពួកគេវិញឬអត់?

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រមួយនៅព្រឹកនេះ ឲ្យអ្នករិះគន់លោក និងប្រជាជនខ្មែរកាប់ថ្មចំណាំទុក ពាក្យ «តោះ! យើងត្រលប់ទៅផ្ទះវិញ» របស់ប្រធានាធិបតីមីយ៉ានម៉ាតើមានប្រសិទ្ធិភាពឬអត់? ដោយលោកចោទជាសំណួរថាតើពលករចំណាកស្រុកមីយ៉ាន់ម៉ានៅក្នុងប្រទេសថៃ នឹងវិលត្រលប់ទៅស្រុកវិញទេ ខណៈដែលប្រាក់ខែនៅប្រទេសថៃមានតម្លៃចាប់ពី២០០ដុល្លាឡើង ហើយប្រាក់ខែក្នុងប្រទេសម៉ាយ៉ានម៉ាលោកថាមាន ត្រឹម៨០ដុល្លារប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា « ក្នុងវេបសាយនេះ ៦៧ដុល្លារ។ ឥឡូវយើងថាឲ្យគាត់៨០ដុល្លារទៅចុះ នៅពេលដែលលោកជំទាវអង់ សានស៊ូជី ប្រើពាក្យថាទៅយើងទៅផ្ទះវិញ! នៅខាងនេះ(កម្ពុជា) មានក្រុមមួយគេបង្ហោះរូបខ្ញុំថា ទៅយើងទៅប្រទេសថៃរកការងារធ្វើ! ដាក់ផ្លែឲ្យខ្ញុំ ប៉ុន្តែឥឡូវសុំកាប់ថ្មចំណាំ រងចាំមើលទៅ តើកម្មករមីយ៉ានម៉ាត្រលប់ទៅប្រទេសវិញ ក៏អត់? កាប់ថ្មចំណាំ កុំអាលជឿខ្ញុំតែកាប់ថ្មចំណាំ ហើយចាំអង្កេតមើល ទៅមិនទៅ? »

លោកថ្លែងបែបនេះដោយលោកថាខណៈដែលតម្លៃពលកម្មនៅប្រទេសកម្ពុជាមានតម្លៃថ្លៃជាងប្រទេសមីយ៉ានម៉ា ដល់ទៅជាង២ដងនៅតែមិនអាចឃាត់ប្រជាពលរដ្ឋខ្លួនដែលធ្វើចំណាកស្រុកចេញទៅធ្វើពលករនៅប្រទេសថៃនោះទេ។

សម្រាប់ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលោក មឿន តុលាយល់ថាការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅពេលនេះគឺជាសារដែលបន្លំចំពោះដំណើរការនៃការវិវត្តន៍ការងាររបស់ប្រទេសមីយ៉ាន់ម៉ា។ លោកទទួលស្គាល់ថានៅប្រទេសមីយ៉ានម៉ា បានផ្លល់តម្លៃពលកម្មតិចជាងកម្ពុជាមែន តែតម្លៃម្ហូបអាហារ និងការរស់នៅរបស់ប្រទេសនេះនៅទាបនៅឡើយដែលលោកថាវាអាចផ្តល់លក្ខខណ្ឌងាយស្រួលដល់ប្រជាជននៃប្រទេសនោះ។ លោកបន្ថែមទៀតថាដោយសារការផ្លាស់ប្តូររបបនយោបាយ និងឱកាសការងារក្នុងប្រទេសនេះ លោកថាពលករចំណាកស្រុកមីយ៉ានម៉ានិងអាចពិចារណាត្រលប់ទៅកាន់ប្រទេសរបស់ខ្លួនវិញនាពេលខាងមុខផងដែរ។

លោកមានប្រសាសន៍ថា « ជាការពិគឺទីមួយគឺតម្លៃនៃការរស់នៅរបស់គេហ្នឹង គឺមិនទាន់ឡើងខ្ពស់ដូចនៅស្រុកខ្មែរយើងទេ ក្នុងតំបន់ខ្លះអញ្ចឹងពលរដ្ឋគេក៏គេអាចនៅ ទោះបីប្រាក់ខែ៦០ ក៏៨០ហ្នឹង ក៏ពលរដ្ឋគែអាចទទួលយកបាន ព្រោះកន្លងមកពលរដ្ឋភូមា ដែលចំណាកស្រុកមកក្រៅប្រទេសហ្នឹង មកពីការងារនៅក្នុងស្រុកហ្នឹងអត់ទាន់មាន នៅពេលដែប្រទេសគេបានបើកលំហជើងមេឃអញ្ចឹងហើយគេអាចត្រលប់ទៅកាន់ប្រទេសគេវិញ ទី២ភូមាយូហ្នឹងឆាប់ក៏គេត្រូវកែសម្រួលប្រាក់ឈ្នូលរបស់គេដែរ ទីវិស័យគេផ្សេងៗគេមិនមែសំលឹងតែមួយទេ គេសម្លឹងវិស័យផ្សេងៗទៀត បើសិនជាគេពិចារណាទៅលើវិស័យឧស្សាហកម្ម និងកសិកម្មដូចខ្ញុំលើកឡើងនោះគឺថាគេហ្នឹងអាដើរលឿនជាងស្រុកខ្មែរយើងបើសិនជាយើងអត់គិតគូរ »

បើតាមលោកតុលា សម្រាប់កម្ពុជាក្នុងការទាក់ទាញពលករចំណាកស្រុកឲ្យចូលមកក្នុងប្រទេសវិញនោះ គឺត្រូវបង្កើតការងារដែលចំជំនាញរបស់ពួកគេឲ្យបានច្រើន ជាពិសេសផ្តោតលើវិស័យកសិកម្ម និងឧស្សាហកម្ម ហើយរដ្ឋត្រូវជួយទាក់ទាញវិនិយោគ និងរកទីផ្សារជូនប្រជាពលរដ្ឋ បូករួមជាមួយការរក្សាតម្លៃទីផ្សារបាននឹងនរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ