លោក ហ៊ុន សែន ស្នើជាថ្មីឲ្យអាមេរិកលុបបំណុលដែលកម្ពុជាជំពាក់​

លោក ហ៊ុន សែន នៅក្នុងពិធី​បញ្ចុះសីមាព្រះវិហារវត្តព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ នៅថ្ងៃទី៨កុម្ភៈនេះ (រូបថតហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃពុធនេះបានអំពាវនាវជាថ្មីម្តង​ទៀតឲ្យអាមេរិកលុបចោលបំណុល​ដែលកម្ពុជាជំ​ពាក់ កាលពីសម័យ លន់​ នល់​។

ការអំពាវនាវជាថ្មីទៀតនេះធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William A. Heidt (វី​ល លៀម​ហេដ) បានអះអាង​កាលពីថ្ងៃទី៦ ខែកុម្ភៈនេះ​​ថា សហរដ្ឋ​អាម​រិ​ក​នឹងមិន​លុប​បំណុល​កម្ពុជា​ជំពាក់​​តាំង​ពី​សម័យ ​លន់ នល់ ​នោះទេ។

ក្នុងពិធីបញ្ចុះខណ្ឌសីមានៅវត្តព្រែកប្រា​ នៅថ្ងៃពុធនេះ​ លោក ហ៊ុន សែន បានថ្លែងថា អាមេរិកគួរតែលុបបំណុលដែលកម្ពុជាជំពាក់​កាលពីសម័យ លន់​ នល់ ដោយថា អាមេរិកជាដើមចមធ្វើឲ្យកម្ពុជាមានសង្គ្រាម​​ ហើយ​បន្សល់​ទុក​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់ផ្ទុះ​រហូត​ដល់ពេលបច្ចុប្បន្ន។ លោកបានថ្លែងថា៖ «អាមេរិកកំាងហើយ អាមេរិកកំាង ប្រធានាធិបតី ដូណាល់ ត្រំា យ៉ាងម៉េចទៅ វាយទារលុយ វាយយើងហើយទារលុយយើងទៀត ​វាមិន​យល់កន្លែងហ្នឹង។ ឥឡូវមានចលនាប្រជាពលរដ្ឋច្រើនកន្លែង បានគំាទ្រឲ្យលុបបំណុល សង្ឃឹម​បក្សនយោបាយ​នានានៅកម្ពុជាក៏គំាទ្រឲ្យលុប​បំណុល​ដែរ តែបក្សប្រឆំាងជឿជាក់ថាមិនទាមទារ​ទេ ព្រោះ​ពួកគាត់ខ្លាច ព្រោះកូនចៅអាមេរិក​»។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិតែងតែគិតពីប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ ដោយថារាល់ការប្រជុំសភាពាក់ព័ន្ធច្បាប់គ្រប់គ្រងហិរញ្ញវត្ថុគណបក្សប្រឆំាងបានស្នើទៅរដ្ឋាភិបាលឲ្យចាត់ចែងថវិកាជាតិឲ្យមានតម្លាភាព កុំឲ្យមានអំពើពុករលួយ ដើម្បីកុំឲ្យខ្ចីបុលបរទេសច្រើនពេក។ លោកនិយាយថា៖ «គណបក្សសង្គ្រោះជាតិជានិច្ចកាលគឺយើងមិនត្រូវការឲ្យប្រទេសកម្ពុជាជំពាក់បំណុលអ្នកដទៃទេ ពេលជជែកពីរឿងច្បាប់ថវិកាជាតិម្តងៗគឺយើងតែងតែលើកឡើង យើងស្នើសុំឲ្យរដ្ឋាភិបាលខិតខំប្រឹងប្រែងលុបបំបាត់ អំពើពុករលួយជាកម្រិតអតិប្បរមា ដើម្បីប្រមូលធនធានធម្មជាតិមកអភិវឌ្ឍន៍ ជាជាងការទៅខ្ចីបុលគេ ដែលធ្វើឲ្យជំពាក់វាក់វិន»។

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី យល់ថា ការ​អំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា​ឲ្យអាមេរិកលុប​បំណុល​ដែលកម្ពុជា​ជំពាក់ នៅអំឡុង​ពេល​ស្ថានការណ៍នយោបាយ​ កម្ពុជាកំពុង​ឡើង​កម្តៅ​នេះ អាចនឹងទទួលបាន​ផលវិជ្ជមាន ។ ប៉ុន្តែលោកថា បើមានការ​លុប​បំណុល​​មែន​ក៏អាមេរិកអាចនឹង​ដាក់​លក្ខ​ខណ្ឌ​មួយចំនួនជាមួយរដ្ឋាភិបាលកម្ពុជា​ផង​ដែរ​។ លោកមានប្រសាសន៍ថា​៖ «ខ្ញុំមើលទៅ​អាចមាន​តម្រុយប្រុងនឹងអាចឈានទៅរកការជជែកគ្នារវាងលក្ខខណ្ឌមួយចំនួនជាមួយនឹងការដោះដូបំណុល​ដែរ​។ យើង​អត់ដឹងថាមានអ្វីទេ ប៉ុន្តែអាចដោះដូទៅនឹងស្ថានភាពមួយចំនួន ដូចជាការដាក់​ទោស​ទណ្ឌទៅនឹងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គជប ឬក៏សភាពការតានតឹង នយោបាយផ្សេងទៀតដែល​អាចនឹង​ត្រូ​វ​បន្ធូ​បន្ថយដោះដូជាមួយបំណុល​ ប៉ុន្តែរឿងទំាងអស់វានឹងទៅជារបៀបវារៈ បើសិនជាមានភ្លើងខៀវ​ពី​សហរដ្ឋអាមេរិកមក​»។

នៅក្នុងកិច្ចពិភាក្សាមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស​កន្លងទៅ លោកនាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បានលើកឡើងថា បំណុលដែលម្ពុជា​ជំពាក់អាមេរិក គឺលោកលន់ នល់​ ជាអ្នក​ខ្ចីយកមកប្រើប្រាស់បង្កសង្គ្រាមនៅកម្ពុជា។​ ទោះជាយ៉ាងណាលោកថា លោកនឹង​ស្វះស្វែងរកអន្ត​រាគមន៍ពី​រដ្ឋាភិបាលអាមេរិកដឹកនាំដោយលោក ត្រាំ ដើម្បីលុបចោលបំណុលនោះ។​

បំណុល​កម្ពុជាជំពាក់អាមេរិកកាលពីសម័យសាធារណរដ្ឋខ្មែរ គិតទាំងដើម ​ទាំងការ រហូតដល់ពេលបច្ចុប្បន្ននេះ មានជាង៣០០លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ