ពលរដ្ឋជិត១០០គ្រួសារនៅខេត្តកំពង់ឆ្នាំងថា រងផលប៉ះពាល់ដោយសារកសិដ្ឋានចិញ្ចឹមជ្រូក

ពលរដ្ឋជិត១០០គ្រួសារនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្តឹងកសិដ្ឋានចិញ្ចឹមជ្រូកមួយថា បង្ករក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។

ក្នុងពាក្យបណ្តឹងចុះថ្ងៃទី២៧មករាឆ្នាំ២០១៧ដាក់ទៅសាលាឃុំពង្រ អ្នកភូមិបានប្តឹងម្ចាស់កសិដ្ឋានឈ្មោះ ជួន ធៀប ដោយថា បើកកសិដ្ឋានមិនគោរពគោលការណ៍ថែរក្សាបរិស្ថាននាំឲ្យជះក្លិនស្អុយ ប៉ះពាលដល់ពលរដ្ឋរាប់សិបគ្រួសារនៅជុំវិញនោះ។

អ្នកស្រី ថូ យ៉ន ដែលអះអាងថា ផ្ទះនៅក្បែរកសិដ្ឋាននោះប្រាប់វិអូឌីថា ក្លិនស្អុយដែលភាយចេញពីកសិដ្ឋានចិញ្ចឹមជ្រូកនោះធ្វើឲ្យគ្រួសារអ្នកស្រីនិងពលរដ្ឋផ្សេងទៀតពិបាកដកដង្ហើម បរិភោគអាហារមិនស្រួល និងបង្ករឲ្យមនុស្សកើតជំងឺផ្សេងៗទៀតផង។

អ្នកស្រីបន្ថែមថា៖ «ឲ្យតែធ្លាក់ដល់ម៉ោង៥ព្រឹករហូតដល់ម៉ោង១២ឬរហូតដល់ពេលវាដេកដែរហ្នឹង បានវាគ្រាន់បាត់ស្អុយបន្តិច។ ស្អុយមហាស្អុយមែនទែន គ្រុនគ្រប់គ្នីគ្រប់គ្នាអស់ហើយ។ ខ្ញុំទ្រាំឲ្យតែចប់តែមួយវគ្គនេះទៀតទេ បើមានលើកទី២ ពួកខ្ញុំតវ៉ាទៀតហើយ រាល់ថ្ងៃពួកខ្ញុំក្តៅចិត្តដូចភ្លើងអញ្ចឹង។ ស្អុយប៉ុណ្ណឹងហើយ វាវៃតំលៃឯទៀតថាអ្នកស្រុកនេះមិនចេះរកស៊ីដើរតែប្តឹងគេ»។

អ្នកស្រីបន្តថា គ្រួសារគាត់និងពលរដ្ឋរស់នៅជុំវិញកសិដ្ឋាននោះបានទ្រាំរស់នៅហិតកិ្លនស្អុយនេះជិតមួយឆ្នាំហើយ ដោយទ្រាំមិនបានទើបនាំគ្នាផ្តិតមេដៃប្តឹងទៅសាលាឃុំដើម្បីជូយដោះស្រាយ។

ពលរដ្ឋម្នាក់ទៀតលោក ចាន់ ធឿន ឲ្យដឹងថាកសិដ្ឋានដែលបង្ករក្លិនស្អុយប៉ះពាល់ពលរដ្ឋនោះ គឺមិនមានច្បាប់អនុញ្ញាតិទេ ហើយពលរដ្ឋធ្លាប់រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនដងហើយដើម្បីឲ្យជួយដោះស្រាយ ប៉ុន្តែលោកថា រហូតមកដល់ពេលនេះមិនបានលទ្ធផលអ្វីនោះឡើយ។

លោកបន្ថែមថា៖ «ទោះបីមានច្បាប់ទំលាប់ក៍ពលរដ្ឋមិនឲ្យចិញ្ចឹមដែរ បើនៅកណ្តាលភូមិអញ្ចឹង! យើងដឹងស្រេចហើយតើ ផ្នែកបរិស្ថានយ៉ាងម៉េចខ្លះ? ផ្អែកសុខភាព ផ្នែកអនាម័យបើនៅដល់តែមែនទែនរកតែហូបបានហូបអត់កើតផង​។ ហើយមន្រ្តីជំនាញគាត់ចុះមកគាត់អត់ហៅពលរដ្ឋដើម្បីចូលដោះស្រាយផង គាត់មកចូលតែកន្លែងកន្លែងកសិដ្ឋាននោះត្រឡបទៅវិញបាត់តែមិនស្រួលស៊ីលុយគេផងមិនដឹង អញ្ចឹងពលរដ្ឋមិនអាចទទួលយកបានទេ»។

វិអូឌីមិនទាន់អាចទាក់ម្ចាស់កសិដ្ឋានលោក ជួន ធៀប ដើម្បីសុំការឆ្លើយបំភ្លឺបាននៅឡើយទេ។

តែយ៉ាងណាមេឃុំពង្រ លោក ខែក សុផល ឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីពលរដ្ឋ លោកបានសហការជាមួយមន្រ្តីបរិស្ថានខេត្តកំពង់ឆ្នាំងចុះត្រួតពិនិត្យរួចហើយ ដោយបានស្នើឲ្យម្ចាស់កសិដ្ឋានរកទីតាំងថ្មីដែលនៅឆ្ងាយពីផ្ទះអ្នកភូមិ។

លោកបន្ថែមថា៖ «ខ្ញុំអត់ឲ្យចិញ្ចឹមទៀតទេ ព្រោះដែលអ្នកណាយកកសិដ្ឋានដាក់កណ្តាលភូមិអញ្ចឹងទេ តែយើងឲ្យគាត់១វគ្គសិន ព្រោះជ្រូកធំជិតដល់ថ្ងៃចាប់ហើយ»។

បើតាមពលរដ្ឋ ក្រោយដាក់ពាក្យបណ្តឹងលើកនេះហើយ បើនៅតែមិនបានដំណោះស្រាយទៀតពួកគេនឹងនាំតវ៉ាទ្រង់ទ្រាយធំនៅមុខសាលាឃុំតែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ