ក្រុម​សិទ្ធិមនុស្សអន្ដរជាតិស្នើឲ្យ​ដោះលែងមេ​បក្ស​ប្រឆាំង ខណៈ​មាន​បញ្ហាសុខភាពធ្ងន់ធ្ងរ

អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយ បាន​អំពាវ​នាវ​ឲ្យ​ដោះលែងមេ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជាបន្ទាន់ ដោយថា មេដឹកនាំអតីតបក្សប្រឆាំងរូបនេះ ជួបបញ្ហាសុខភាពធ្ងន់ធ្ងរ។

អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយ បាន​អំពាវ​នាវ​ឲ្យ​ដោះលែងមេ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជាបន្ទាន់ ដោយថា មេដឹកនាំអតីតបក្សប្រឆាំងរូបនេះ ជួបបញ្ហាសុខភាពធ្ងន់ធ្ងរ។

កាលពីថ្ងៃទី១ កម្ភៈកន្លងទៅ សាលាឧទ្ធរណ៍បានទាត់ចោលសំណើសុំនៅក្រៅឃុំរបស់ក្រុមមេធាវីការពារក្ដីឲ្យ លោក កឹម​ សុខា ដោយលើកហេតុផលថា ដើម្បីការពារសុវត្ថិភាព និងធានាដំណើរការស៊ើបអង្កេតរបស់តុលាការ។

ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែកុម្ភៈ ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ អង្គការលើកលែងទោសអន្ដរជាតិ បានអំពាវនាវទៅអាជ្ញាធរកម្ពុជា ឲ្យដោះលែងលោក កឹម​ សុខា ជាបន្ទាន់ និងដោយ​គ្មាន​លក្ខខណ្ឌ ដោយពួកគេសង្កេតឃើញថា លោក កឹម​ សុខា ជួបបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា សម្ពាធឈាមឡើងខ្ពស់ ឈឺចាប់ត្រង់ស្មា និងជំងឺទឹកនោមផ្អែម។

បើតាមអង្គការលើកលែងទោសអន្ដរជាតិ លោក កឹម សុខា ត្រូវបានគេឃុំឃាំងក្នុងបន្ទប់ដាច់ដោយឡែកពីអ្នកទោសផ្សេងទៀត ហើយថា មន្ដ្រីពន្ធនាគារត្រពាំងផ្លុង បានផ្ដល់ថ្នាំពេទ្យឲ្យលោក ប៉ុន្ដែ ពួកគេទាំងនោះ មិនអនុញ្ញាតឲ្យក្រុមគ្រូពេទ្យឯករាជ្យ បានចូលទៅពិនិត្យសុខភាពឡើយ។

អង្គការអន្ដរជាតិមួយនេះបន្ដថា សូម្បីក្រុមមេធាវីការពារក្ដី និងសមាជិកគ្រួសារ ក៏ត្រូវបានគេឆែកឆេរ មុនចូលសួរសុខទុក្ខលោក កឹម សុខា ផងដែរ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក កាលពីយប់ថ្ងៃទី៣ ខែ​កញ្ញាឆ្នាំមុន ដែលគិតមកទល់ពេលនេះ មានរយៈពេលជាង ៥ខែមកហើយ។

រដ្ឋាភិបាល​កម្ពុជា បានទទួល​រង​ការ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បន្ទាប់​ពីលោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ជុំ​វិញ​អ្វី​ដែល​រដ្ឋាភិបាល​​ចោទ​ថា «ក្បត់​ជាតិ»៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។