ក្រុម​សិទ្ធិ​មនុស្ស​ហៅ​សេចក្ដី​សម្រេច​លើ​សកម្មជន​ដី​ធ្លី​ថា ធ្វើ​ឡើង​តាម​បញ្ជា​របស់​រដ្ឋាភិបាល

អ្នកស្រី ទេព វន្នី កាលពីពេលកន្លងទៅ

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​ហៅ​សេចក្ដី​សម្រេច​តម្កល់​ទោស​សកម្មជន​ដី​ធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ថា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់ និង​តាម​ខ្សែ​ញាក់​របស់​រដ្ឋាភិបាល។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​ហៅ​សេចក្ដី​សម្រេច​តម្កល់​ទោស​សកម្មជន​ដី​ធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ថា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់ និង​តាម​ខ្សែ​ញាក់​របស់​រដ្ឋាភិបាល។

សកម្មជន​ដី​ធ្លី​ដ៏​លេខ​ធ្លោ អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​តម្កល់​ទោស​ទៅ​តាម​សេចក្ដី​សម្រេចរបស់​សាលា​ឧទ្ធរណ៍ ដែល​បាន​កាត់​ទោស​អ្នក​ស្រី ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ប្រាក់ ៥​លាន​រៀល ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា អ្នកស្រី​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​សន្តិសុខ​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣។

សេចក្ដី​សម្រេច​បែប​នេះ​របស់​តុលាការ​កំពូល​ប្រឆាំង​នឹង​សកម្មជន​ដី​ធ្លី​រូប​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​រិះគន់​ពី​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ដែល​បាន​ហៅ​តុលាការ​កម្ពុជា​ថា មិន​មាន​ឯករាជ្យភាព​ពេញ​លេញ​នោះ​ឡើយ ហើយ​ធ្វើ​តាម​បញ្ជា​របស់​រដ្ឋាភិបាល​សព្វថ្ងៃ។

អង្គការអន្ដរជាតិមួយនេះ បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ថ្ងៃ​ម្សិល​មិញ​ថា សវនាការប្រឆាំងអ្នកស្រី ទេព វន្នី មានកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ និងថា ស្រ្ដីរូបនេះ ជាមនុស្សដែលគេមិនចង់ឲ្យចេញមុខតវ៉ាទាមទារសិទ្ធិសេរីភាពនៅកម្ពុជា។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្នើដោះលែងអ្នកស្រី ទេព វន្នី ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយថា អ្នកស្រី ទេព វន្នី មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ ក្រៅពីតវ៉ាដោយសន្ដិវិធី ដើម្បីការពារសហគមន៍របស់គាត់។

អង្គការលើកលែងទោសអន្ដរជាតិលើកឡើងថា៖ «តុលាការកម្ពុជា បានបរាជ័យជាថ្មីទៀត ដោយមិនអាចបង្ហាញថា ខ្លួនអាចធ្វើសកម្មភាពដោយឯករាជ្យ ប៉ុន្ដែ បែរជាធ្វើតាមបញ្ជារបស់រដ្ឋាភិបាលទៅវិញ។ អ្នកស្រី ទេព វន្នី ជាសកម្មជនសង្គមដ៏ក្លាហានម្នាក់ និងមិនបានអ្វីខុស ក្រៅតែពីតវ៉ាដើម្បីសហគមន៍។ អ្នកស្រីគួរត្រូវបានដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយមិនត្រូវបង្ខំឲ្យជាប់គុក២ឆ្នាំ៦ខែទៀតទេ»។

ក្រៅ​ពី​ការ​ថ្កោល​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បណ្ដុំអង្គការសង្គមស៊ីវិលចំនួន ៣៤ស្ថាប័ន ក៏បានទទូចឲ្យអាជ្ញាធរ​ពិនិត្យឡើងវិញចំពោះការកាត់ទោសអ្នកស្រី ទេព វន្នី នេះ​ផង​ដែរ និងស្នើឲ្យរដ្ឋាភិបាលធានាសិទ្ធិបញ្ចេញមតិ និងការប្រមូលផ្ដុំគ្នាដោយសេរី ដែលត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្ដរជាតិនានា។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ៣ដងរួចមកហើយ បន្ទាប់​ពី​សកម្មជនដីធ្លីរូបនេះ ចូលរួមតវ៉ាប្រឆាំងនឹងការបណ្តេញចេញទាំងបង្ខំ និងជំរុញឲ្យមានយុត្តិធម៌នៅក្នុងសង្គម។ គិត​ត្រឹម​ថ្ងៃ​នេះ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ចាប់​ដាក់​ឃុំ​ជិត​មួយ​ឆ្នាំ​កន្លះ​ហើយ។

រាល់​ពេលដែលត្រូវបានបញ្ជូលមកដល់តុលាការ សកម្មជន​ដី​ធ្លី​រូប​នេះ បាន​បដិសេធ​ថា រូបគាត់មិនបានវាយសមត្ថកិច្ចទេ ប៉ុន្តែ អ្នកស្រី​ថា រូបគាត់ និងសកម្មជនឯទៀតទៅវិញទេ បាន​រងអំពើ​ហិង្សា​ពី​សមត្ថ​កិច្ចនៅមុខផ្ទះលោកនាយករដ្ឋមន្ដ្រី៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។