កូរ៉េខាងត្បូងកំពុងស្វះស្វែងឲ្យលោក ត្រាំ ​និង គីម ជុងអ៊ុន ​ជួបគ្នា

បេសកជនរបស់កូរ៉េខាងត្បូងកំពុងរៀបចំនាំសារពីមេដឹកនាំកូរ៉េខាងជើងទៅសហរដ្ឋអាមេរិក ក្នុងគោលបំណងឲ្យមេដឹកនាំប្រទេសទាំងពីរនេះ បានជជែកគ្នាដោះស្រាយបញ្ហាកំពុងប្រ ឈមគឺកម្មវិធីអាវុធនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េ។​

សារដែលមេដឹកនាំកូរ៉េខាងជើងលើកឡើងកាលពីថ្ងៃចន្ទនោះ គឺមិនមានអ្វីលាក់បាំងទេ ដោយលោក គីម ជុងអ៊ុនថា ចង់ជួបជាមួយមេដឹកនាំសហរដ្ឋអាមេរិក​ដើម្បីដោះស្រាយបញ្ហាកំពុងប្រឈមមុខដាក់គ្នា។​

តាមគម្រោងបេសកជនកូរ៉េខាងត្បូងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ប៉ុន្តែមិនទាន់ដឹងថ្ងៃណាជាក់លាក់នៅឡើយ។

កាលពីពេលកន្លងទៅសហរដ្ឋអាមេរិកតែងតែប្រកាសស្នើសុំជជែកដោយផ្ទាល់ជាមួយកូរ៉េខាងជើង ប៉ុន្តែមិនធ្លាប់មានការឆ្លើយតបនោះទេ ហើយករណីកូរ៉េខាងជើងបញ្ជាក់ជំហរនេះជាលើកទី១ហើយ។

ទន្ទឹមនឹងពេលជាមួយគ្នានេះមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូងគ្រោងជួបគ្នានៅក្នុងខែមេសាខាងមុខនេះ។​

មន្ត្រីកូរ៉េខាងត្បូងរួមមានប្រធានទីប្រឹក្សាសន្តិសុខជាតិ លោក Eui-yong និង លោក​Sun Hoon ជាប្រធានទីភ្នាក់ងារចារកម្ម​ បានជួបពិសេសមួយជាមួយលោក គីម ជុងអ៊ុន រយៈពេលពីរថ្ងៃ ហើយបានបញ្ចប់កាលពីថ្ងៃអង្គារ។​

ក្នុងជំនួបនោះ​លោក គីម ជុងអ៊ុន លើកឡើងថា លោក ពិតជាចង់ជួបជាមួយមេដឹកនាំអាមេរិក ហើយថា បើជំនួបនោះអាចកើតឡើងមែន ការសាកល្បងអាវុធផ្សេងៗអាចនឹងត្រូវផ្អាក។​

ជុំវិញបញ្ហានេះ កូរ៉េខាងត្បូងមិនអាចធ្វើអ្វីកើតទាំងអស់ ក្រៅតែពីនាំសារទាំងនេះទៅសហរដ្ឋអាមេរិក ហើយសម្រេចយ៉ាងណានោះគឺអាស្រ័យលើមេដឹកនាំអាមេរិក។​នេះបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុងហាប់។​

ទោះយ៉ាងណាសហរដ្ឋអាមេរិកនៅមិនទាន់បញ្ជាក់ជំហរជាក់លាក់លើបញ្ហានេះនៅឡើយទេ ខណៈអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមទៀត លើករណីថា កូរ៉េខាងជើងបានប្រើថ្នាំពុលសម្លាប់លោក គីម ជុងណាមនៅប្រទេសម៉ាឡេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ