គណបក្សអំណាចខ្មែរទាមទារឲ្យលោក​ ឱម យ៉ិនទៀង​ បកស្រាយរឿងចែកស្រោមសំបុត្រទៅកងទ័ព

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ចែកស្រោម​សំបុត្រទៅកងទ័ព កាលពីថ្ងៃទី៦ខែមេសា ឆ្នាំ​២០១៦(រូបថតពីហ្វេសប៊ុក)

គណបក្សអំណាចខ្មែរបានដាក់លិខិតមួយច្បាប់​ទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។

ក្នុងលិខិតចុះថ្ងៃទី៨ខែមេសា លោក សួន សេរីរដ្ឋា ប្រធានគណបក្សបានសរសេរថាលោកបានដឹងតាមប្រព័ន្ធ​សង្គមហ្វេសប៊ុកនូវព័ត៌មាននិងរូបភាព ដែលលោក ឱម យ៉ិនទៀង បានដឹកនាំមន្រ្តីអង្គភាព ចុះទៅសួរ​សុខទុក្ខកងទ័ពនៅខេត្តព្រះវិហារនិងបានចែក​ស្រោមសំបុត្រជូនគ្រួសារនាយទាហាននិងពលទាហានកង​ពលធំអន្តរាគមន៍លេខ៣ ប្រចាំខេត្តព្រះវិហារ។ លោកស្នើឲ្យប្រធានអង្គភាពនេះបកស្រាយថាតើក្នុងស្រោមសំបុត្រនោះជាអ្វី។

លោកបានបញ្ជាក់ថា៖ “ក្នុងឋានឯកឧត្តមជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលតំណាងឲ្យក្រុមអ្នកបោសសំអាតអំពើពុករលួយក្នុងប្រទេស ខ្ញុំសូមឯកឧត្តមបង្ហាញនូវតម្លាភាពដើម្បីស្រាយបំភ្លឺឲ្យបានច្បាស់ប្រាប់ទៅសាធារណជនជាពលរដ្ឋខ្មែរឲ្យបានដឹងថាតើក្នុងស្រោមសំបុត្រនោះមានអ្វី? ជាលុយសុទ្ធឬជាអ្វីផ្សេង? បើជាលុយសុទ្ធ តើវាមានចំនួនប៉ុន្មានរៀលក្នុងមួយសំបុត្រ?បានពីណា? ជាថវិកាផ្ទាល់របស់ឯកឧត្តមដែលសល់ពីប្រាក់ខែឬបានមកពីខាងណា?ឬជាលុយរបស់រដ្ឋ? សរុបទាំងអស់ប៉ុន្មានស្រោមសំបុត្រ?”

នៅពេលទាក់ទងតាមទូរស័ព្ទ លោក សួន សេរីរដ្ឋា ប្រាប់វីអូឌី​ថា​ក្នុងករណីដែលប្រធានអង្គភាពមិនឆ្លើយតប​នឹងលិ​ខិតរបស់លោក លោកថានេះបង្ហាញថាលោក ឱម យ៉ិនទៀង មិនមានតម្លាភាពក្នុងការងារ។ លោកមានប្រសាសន៍ថា៖ “បើសិនបើACUមិនឆ្លើយ គឺមានន័យថាប្រធានACUខ្លួនឯង គឺ​ជាមនុស្សដែល​កំពុងតែប្រព្រឹត្តអំពើពុករលួយ លាក់លាមមួយ ដែលមិនមានតម្លាភាពទេ ដែលអត់មានការទទួលខុសត្រូវទេ អញ្ចឹងក្នុងនាមជាប្រធានដែលត្រឹមត្រូវ ហើយដែលចង់ជម្រះអំពើពុករលួយ ត្រូវតែឆ្លើយ ហើយបើមិនឆ្លើយ គឺថា​វាខ្វះទាំងសីលធម៌ ខ្វះទាំងការទទួលខុសត្រូវ ហើយរឹតតែបញ្ជាក់ថាអង្គភាពនេះ​មិនមានសមត្ថភាពនៅក្នុងការលាងសម្អាតមន្រ្តីខ្លួនឯង ថ្នាក់ដឹកនាំខ្លួនឯងឲ្យបាន​ច្បាស់ទេ បែរទៅជាចង្អុលគេពាសណាពាសណី”

លោក សួន សេរីរដ្ឋា ក៏​បានរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថាមិនទាន់បាន​ធ្វើកិច្ចអ្វីមួយឲ្យមានប្រសិទ្ធភាពនោះទេ ដោយលោកថាអង្គភាពមិនបានចាប់បានត្រីឆ្តោនិងត្រីរ៉ស់ធំៗ ដោយលោកប្រៀបធៀបទៅនឹងថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលលោកថាកំពុងតែប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ​។

វីអូឌីមិនទាន់អាចទាក់ទងលោក ឱម យ៉ិនទៀង ដើម្បីសូមការឆ្លើយតបភ្លាមៗបាននៅឡើយទេ ដោយទូរ​ស័ព្ទហៅចូល តែពុំមានអ្នកទទួល។

លោក គន់ គីម និង​លោក ឱម យ៉ិន​ទៀង ពេល​ចុះ​សួរ​សុខទុក្ខកងទ័ព(រូបថតពីហ្វេសប៊ុក)
អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោក គន់ គីម និងប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ​លោក ឱម យ៉ិន​ទៀង ពេល​ចុះ​សួរ​សុខទុក្ខកងទ័ព(រូបថតពីហ្វេសប៊ុក)

លោក គន់ គីម អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទដែលបានចូលរួមក្នុងពេលលោក ឱម យ៉ិនទៀង ចុះសួរសុខទុក្ខកងទ័ព ប្រាប់វីអូឌី​ថាក្រុមការងាររបស់អង្គភាពពិតបានចុះសួរសុខទុក្ខនិងចែកអំណាចដល់នាយ​ទាហានពិតមែន។ លោកបន្តថាការចុះសួរសុខទុក្ខនេះជា”ការចងសម្ព័ន្ធមេត្រីភាព”រវាងអង្គភាពនិងកង​ទ័ព។

នៅពេលសួរពីរឿងចែកស្រោមសំបុត្រ លោក គន់ គីម ស្ទាក់ស្ទើរមិនចង់ឆ្លើយហើយក៏លើកឡើង​ថា​នោះ​ជា​លិខិតជូនពរហើយក៏ចុចបិទទូរស័ព្ទ។ នៅពេលទាក់ទងទៅម្តងទៀត លោកបង្វែរសំណួរនេះទៅលោក ឱម យ៉ិនទៀង វិញ។ លោកមានប្រសាសន៍ថា៖ “អ្ហែងសួរធ្វើអី? អ្ហែងមិនទៅសួរម្ចាស់គេ អញម៉េចដឹង”

ការសិក្សាមួយក្នុងឆ្នាំ២០១៥ របស់អង្គការតម្លាភាពកម្ពុជា​ បានបង្ហាញថាក្នុងចំណោមប្រទេស១៦៨ កម្ពុជា​ស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ដែលយោងតាមសន្ទសន៍នៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរ។

គួរបញ្ជាក់ថានៅពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញករណីអំពើពុករលួយមួយទៅលើ​ឯក​អគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដែល​អង្គភាព​ថា​លោក​មាន​កំណើន​ចំណូលដល់ទៅ​៣លានដុល្លារអាមេរិក​ក្នុង​រយៈ​ពេល​ជាង​២ឆ្នាំនៃ​ការដឹកនាំស្ថានទូតនៅក្រៅប្រទេស៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ