ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មនុស្សដល់ទៅជិត ៥០០នាក់ ត្រូវបានសម្លាប់ និងជាង ១ពាន់នាក់ទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅត្រីមាសទី១ដើមឆ្នាំនេះ ដោយបានថយចុះ ១៧ភាគរយ។
គេហទំព័រនគរបាលជាតិ បានចុះផ្សាយថា តាមរបាយការណ៍ក្រសួងមហាផ្ទៃ យ៉ាងហោចណាស់មនុស្ស ៤៨០នាក់ ត្រូវបានសម្លាប់ ហើយដល់ទៅ ១២៣៤នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចន្លោះពីខែមករាដល់ដំណាច់ខែមីនាឆ្នាំ២០១៨នេះ។
ទោះបីជាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសច្រើន ប៉ុន្តែ របាយការណ៍នោះបញ្ជាក់ថា ករណីគ្រោះថ្នាក់ ៣ខែនេះ មានការថយចុះចំនួន ១៧០លើក ឬស្មើនឹង ១៧ភាគរយ ខណៈដែលចំនួនមនុស្សស្លាប់ បានថយចុះ ២ភាគរយ ហើយចំនួនអ្នករងរបួសបានថយចុះ ១៦ភាគរយ បើធៀបនឹងត្រីមាសទី១ ដើមឆ្នាំ២០១៧កន្លងមក។
របាយការណ៍ដដែលនោះ បានឲ្យដឹងផងដែរថា អ្នកស្លាប់ភាគច្រើន គឺជាអ្នកធ្វើដំណើរតាមម៉ូតូ ដែលមានចំនួនដល់ទៅ ៣៦០នាក់ ឬស្មើនឹង ៧៥ភាគរយនៃចំនួនអ្នកស្លាប់សរុប។
គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្ស ១៧៨០នាក់ និងបណ្ដាលឲ្យរបួសជាង ៥៥០០នាក់ កាលពីឆ្នាំ២០១៧កន្លងមក។ នេះ បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍៕