ក្រសួងមហាផ្ទៃ​ឲ្យ​ទប់ស្កាត់ការ​អូសទាញ​មន្រ្តី​និងកម្លាំងប្រដាប់អាវុធ​ចូលយុទ្ធនាការស្លៀកពាក់ខ្មៅ

ក្រសួង​មហាផ្ទៃ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាឲ្យស្ថាប័នក្រោមឱវាទនៅទូទាំងប្រទេសប្រជុំជាបន្ទាន់និងគ្រប់គ្រងផ្ទៃក្នុងមន្រ្តីរាជការនៅតាមស្ថាប័ននិងកងកម្លាំងប្រដាប់អាវុធ ដោយរដ្ឋមន្រ្តីថាដើម្បីទប់ស្កាត់ការប៉ុនប៉ងចលនាអូសទាញ កៀរគរមន្រ្តីនិងកងកម្លាំងប្រដាប់អាវុធឲ្យចូលយុទ្ធនាការស្លៀកពាក់ខ្មៅទាមទារឲ្យដោះលែងមន្រ្តីសង្គមស៊ីវិល។

ក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី៨ ខែឧសភា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថានាពេលថ្មីៗនេះ សមាគម អង្គការមិនមែនរដ្ឋាភិបាល”មួយចំនួនតូច”បានជួបប្រជុំគ្នានិងបានផ្សព្វផ្សាយ”បំផុសញុះញង់”ឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅនិងកៀរគរប្រមូលកម្លាំងដើម្បីទាមទារឲ្យមានការដោះលែងមន្រ្តីសង្គមស៊ីវិល។ លោក ស ខេង បានណែនាំឲ្យកោះប្រជុំគណៈបញ្ជាការឯករាជ្យរាជធានី ខេត្តជាបន្ទាន់ដើម្បីវាយតម្លៃសភាពការណ៍និងតាមដានការប្រមូលកម្លាំងទាមទារតវ៉ានានា ក្នុងនោះមានគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រះសង្ឃនិងកម្មករជាដើម។

រដ្ឋមន្រ្តីបានបញ្ជាក់ថាក្នុងការដោះស្រាយសភាពការណ៍នានាត្រូវផ្អែកលតាមគោលការណ៍ច្បាប់និងត្រូវចៀសវាងឲ្យបាននូវអហិង្សា។ លោក ស ខេង បានបញ្ជាក់ថា៖ “ត្រូវធ្វើការគ្រប់គ្រងផ្ទៃក្នុងមន្រ្តីរាជការតាមមន្ទីរ អង្គភាពនិងកងកម្លាំងប្រដាប់អាវុធឲ្យបានហ្មត់ចត់ដើម្បីបង្ការ ទប់ស្កាត់ការប៉ុនប៉ងចលនា អូសទាញ កៀរគរមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធឲ្យចូលរួមក្នុងចលនាខាងលើនិងការទាមទារតវ៉ានានា”។

ចំណែកក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ក្រសួងមហាផ្ទៃបានបញ្ជាក់ថារាល់ការប្រមូលផ្តុំនិងការដង្ហែក្បួននានាដើម្បីសម្តែងមតិត្រូវអនុវត្តក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់កម្ពុជា។ ក្រសួងបន្តថារដ្ឋាភិបាលតែងចាត់ទុកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគឺជា”ដៃគូមិនអាចខ្វះបាន”ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ននិងទៅអនាគត។ ក្រសួងបញ្ជាក់ថា៖ “ប៉ុន្តែរាល់សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់និងដាច់ខាតមិនត្រូវធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅឡើយ”។

ក្រសួងបន្ថែមថា៖ “អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នឹងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ ក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈនិងការពង្រឹងនីតិរដ្ឋ ក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។

គួរបញ្ជាក់ថាអង្គការសង្គមស៊ីវិលមួយចំនួននឹងបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅ ជារៀងរាល់ថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងអគ្គលេខាធិការរងរបស់គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ។

ប្រធានកម្មវិធីអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក បូ ពៅ មានប្រសាសន៍ថាការបើកយុទ្ធនាការពាក់អាវព៌ណខ្មៅរាល់ថ្ងៃចន្ទនេះ ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយក្នុងការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សចំនួន៤រូបនិងមន្រ្តីគ.ជ.ប លោក នី ចរិយា។

លោកមានប្រសាសន៍ថា៖ “អញ្ចឹងហើយបានយើងចង់ឲ្យរដ្ឋាភិបាលងាកមកពិចារណាឡើងវិញ ហើយផ្ដល់សិទ្ធិសេរីភាពឲ្យពលរដ្ឋ ព្រោះពួកយើងជាពលរដ្ឋ ជាម្ចាស់ឆ្នោតជាម្ចាស់ប្រទេសយើងចង់ឲ្យមួយមានការដឹកនាំដោយគុណធម៌ ប្រជាធិបតេយ្យនិងនីតិរដ្ឋ ហើយអ្នកដឹកជាអ្នកដឹកនាំដែលមានគុណធម៌ មានទសពិធរាជធម៌ពិតប្រាកដ មិនមែនចង់ចាប់អ្នកណាចេះតែចាប់តាមតែនឹងចិត្តអញ្ចឹងនោះទេ”។

ទោះជាយ៉ាងណាលោកមិនដឹងថាមានអង្គការណាខ្លះចូលរួមនោះទេ តែលោកអំពាវនាវឲ្យអង្គការសង្គមស៊ីវិលជាង២០០០អង្គការ  ដៃគូអភិវឌ្ឍន៍និងប្រជាពលរដ្ឋ ឲ្យចូលរួមពាក់អាវខ្មៅទាំងអស់ដើម្បីទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស។ លោកបញ្ជាក់ថា៖ ”អាវខ្មៅចង់បញ្ជាក់ថាស្រុកយើងអត់មានសិទ្ធិសេរីភាពមនុស្សនិយាយទៅមិនមានសិទ្ធិក្នុងការសម្តែងមតិ ត្រូវបានគេចាប់ ត្រូវបានគេរឹតត្បិត  ហើយអាវព៌ណខ្មៅនេះគឺមានន័យថាយើងដាក់សម្ពាធទៅរដ្ឋាភិបាលឲ្យពិចារណា ហើយដោះលែងពួកគាត់ឲ្យមានសិទ្ធិសេរីភាពឡើងវិញ ពីព្រោះសិទ្ធិសេរីភាពរបស់យើងត្រូវបានគេរឹតត្បិត”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។

តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ សង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសការចោទប្រកាន់នេះនិងអំពាវនាវឲ្យមានការដោះលែងមន្រ្តីទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ