ឧកញ៉ាទ្រី ភាព ​បរិច្ចាគប្រាក់៣០ម៉ឺនដុល្លារដល់​កាកបាទក្រហមកម្ពុជា

ឧកញ៉ា ទ្រី ភាព ដែលល្បីឈ្មោះខាងរកស៊ីឈើនៅកម្ពុជា (រូបថតហ្វេសប៊ុក)

លោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេសបានចូលរួមបរិច្ចាគថវិកាចំនួន៣០ម៉ឺនដុល្លារអាមេរិកទៅកាកបាទក្រហមក្នុងទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ខួបលើកទី១៥៣ ដែលបានធ្វើឡើងនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាកាលពីព្រឹកថ្ងៃទី៨ខែ ឧសភា។

ក្រោយពីទទួលប្រាក់សប្បុរសធម៌ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុករបស់លោកថា៖ ”មានសប្បុរសជនជាច្រើនបានចូលរួមវិភាគទានឧបត្ថម្ភថវិកាដែលប្រមូលបានសរុបទាំងអស់ជាង១៣លានដុល្លារ(១៣៤៣១៦៦៨ដុល្លារអាមេរិក)”។ មន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជានិងរដ្ឋាភិបាល រួមទាំងឧកញ៉ារាប់សិបរូប បានចូលរួមបរិច្ចាគថវិកាសម្រាប់ឱកាសនេះ។

បើតាមការប្រកាសនៅក្នុងកម្មវិធី លោក ទ្រី ភាព បានចូលរួមបរិច្ចាគចំនួន៣០ម៉ឺនដុល្លារ។ លោកឧកញ៉ា គិត ម៉េង បានចូលរួមថវិកាចំនួន១០ម៉ឺនដុល្លារ។ បើតាមការប្រកាស គណៈអភិបាលរាជធានីភ្នំពេញបានចូលរួមថវិកា៥០ម៉ឺនដុល្លារ គណបក្សប្រជាជនកម្ពុជាចំនួន២ម៉ឺនដុល្លារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួម១ម៉ឺនដុល្លារ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ អាន ចំនួន២ម៉ឺនដុល្លារអាមេរិក។

ចំណែកលោកឧកញ៉ា ហុង ពីវ ជាម្ចស់ក្រុមហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មីនិងម្ចាស់បុរីពិភពថ្មី បានចូលរួមថវិកាចំនួន១លាន២៨ម៉ឺនដុល្លារ។ ធនាគារCIMBបានចូលរួមថវិកា១លានដុល្លារអាមេរិក។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការGlobal Witness បានចេញផ្សាយរបាយការណ៍មួយ ដោយលើកឡើងថាលោក ទ្រី ភាព ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជាបានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជានិងបាននាំចេញទៅប្រទេសចិនប្រមាណ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ របាយការណ៍ដែលមានចំណងជើងថា«តម្លៃឈើប្រណីត» នេះឲ្យដឹងថាតម្រូវការឈើប្រណិតនៅប្រទេសចិនសម្រាប់គ្រឿងសង្ហារឹមទំនើបៗកំពុងបង្កជាជំនួញទីផ្សារកខ្វក់នៃលុយជាច្រើនលានដុល្លារ សម្រាប់ការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍បន្តថា លោក ទ្រី ភាព ជាអ្នកគ្រប់គ្រងនៃបណ្តាញកាប់ឈើខុសច្បាប់ ដោយពឹងផ្នែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង។

អង្គការGlobal Witness បានដាក់អនុសាសន៍មួយចំនួនទៅរាជរដ្ឋាភិបាលកម្ពុជា ដោយស្នើឲ្យស៊ើបអង្កេតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទ្រីភាពនិងអង្គការជាបុត្រសម្ព័ន្ធទាំងអស់ ហើយរកមើលសកម្មភាពខុសច្បាប់ និងការប្រតិបត្តិច្បាប់ជាតិនានា។

របាយការណ៍របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF)ឲ្យដឹងថាឧកញ៉ា ទ្រី ភាព បានចំណាយលុយប្រចាំខែ១លានដុល្លារបង់ឲ្យក្រុមគ្រួសារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកឈើពីស្រុកខ្មែរទៅលក់នៅប្រទេសវៀតណាមឬ ចិន។ ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់ចាត់ទុករបាយការណ៍នេះថាមិនមានមូលដ្ឋានស៊ើបអង្កេតច្បាស់លាស់។ លោកថាបើសាម៉ីខ្លួននៃរបាយការណ៍ មានភស្តុតាងគ្រប់គ្រាន់ គប្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីការពារផលប្រយោជន៍សាធារណៈនិងចាត់វិធានការតាមច្បាប់តែម្តង។ ក្រសួងកសិកម្មក៏បានបដិសេធរបាយការណ៍នេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ