រដ្ឋាភិបាល​​បញ្ជារ​ឲ្យ​ឈប់​ផលិត​ និងចាក់​ផ្សាយ​វីដេអូ​ការ​យក​គ្រឿង​ស្រវឹង​ជា​ដំណោះស្រាយវិបត្តិ

រដ្ឋាភិបាល​បាន​បញ្ជាទៅកាន់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​វី​ដេអូ​ទាំង​អស់ ឲ្យ​ឈប់​ផលិត និងចាក់​ផ្សាយ​ បទ​ចម្រៀង​ខារ៉ា​អូ​ខេ ភាពយន្តវី​ដេអូ  ដែលយក​គ្រឿង​ស្រវឹង​ធ្វើ​ជា​គុណ​សម្បត្តិ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ បំភ្លេច​ទុក្ខ​កង្វល់​​ទាំង​អស់ ដោយ​ថា​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និងអាកប្បកិរិយា​ប្រ​ជា​ពលរដ្ឋ។

រដ្ឋាភិបាល​បាន​បញ្ជាទៅកាន់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​វី​ដេអូ​ទាំង​អស់ ឲ្យ​ឈប់​ផលិត និងចាក់​ផ្សាយ​ បទ​ចម្រៀង​ខារ៉ា​អូ​ខេ ភាពយន្តវី​ដេអូ  ដែលយក​គ្រឿង​ស្រវឹង​ធ្វើ​ជា​គុណ​សម្បត្តិ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ បំភ្លេច​ទុក្ខ​កង្វល់​​ទាំង​អស់ ដោយ​ថា​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និងអាកប្បកិរិយា​ប្រ​ជា​ពលរដ្ឋ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៧ ឧសភា ម្សិល​មិញ ក្រសួង​ព័ត៌មាន​បាន​លើកឡើង​​ថា ការ​​ចាក់​ផ្សាយ​​បទ​ចម្រៀងខារ៉ាអូខេ ភាព​យន្ត​ ដែល​ បង្ហាញ​ពី​ការ​យក​ស្រា​មក​ដោះ​ស្រាយ​វិបត្តិផ្លូវចិត្ត ជា​ការ​បង្ហាញ​រូបភាព​មិន​ល្អដល់សង្គម​ខ្មែរ ជាពិសេស​ស្រទាប់​យុវជន​ដែល​ពុំ​ទាន់​មាន​មូល​ដ្ឋាន​ក្នុង​ការ​ពិចារណា។ ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ភាន់​ច្រឡំ នៅពេល​ដែល​ពួកគេ​ជួប​ប្រទះ​វិបត្តិ​បាន​សម្រេច​ចិត្តប្រើ​ប្រាស់​គ្រឿង​ស្រវឹង​​ ធ្វើជា​មធ្យោបាយដោះ​ស្រាយបញ្ហា​បំភ្លេច​ទុក្ខកង្វល់​រហូត​បាត់បង់សតិ​ឈាន​ដល់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ សេចក្តី​ថ្លៃ​ថ្នូរ និង​សណ្តាប់​ធ្នាប់​សង្គម។

ក្រសួង​បាន​ណែនាំ​ដល់​ម្ចាស់​ស្ថានីយវិទ្យុ​ ទូរទស្សន៍ និងម្ចាស់​ផលិត​កម្ម​ភាពយន្ត​ទាំង​អស់​ឲ្យ​ឈប់​តែង​និពន្ធ​បង្ហាញ​រូបភាព​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ទាំង​នេះ ដោយ​បង្ហាញវិធីដោះស្រាយសម​ស្រប ឬ​ការ​អប់​រំផ្លូវចិត្ត ឬ​ការ​តាំង​សមាធិជា​មធ្យោបាយ​​ដោះ​ស្រាយវិញ។ ​

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មានលោក អ៊ុក គឹមសេង មាន​ប្រសាសន៍​ថា ការ​ចេញ​លិខិត​នេះគឺ​ជា​ការក្រើន​រំលឹក​ដល់​ម្ចាស់​ផលិត​កម្ម​ និង​ម្ចាស់​ស្ថានីយ​ទាំង​អស់​ពី​ការ​សម្រេច​របស់​ក្រសួង ខណៈ​នៅពេល​ខាង​មុខ​ក្រសួង​ព័ត៌មាន​ជា​មួយក្រសួង​ពាក់​ព័ន្ធ​ នឹង​ពិភាក្សា​គ្នា​ពី​វិធាន​ការ​បន្ទាប់​លើ​ករណី​នេះ។

លោក​ថា៖ « ឥឡូវ​ចំណាត់​ការ​បន្ទាប់​ខ្ញុំ​ពុំ​ទាន់​ក្តាប់​បាន​នៅឡើយ​! ក៏​ប៉ុន្តែ​នៅពេល​នេះ​គ្រាន់ជា​ការ​ក្រើ​ន​រំ​លឹក​ដល់​ម្ចាស់​ផលិត​កម្ម និង​ផលិតករ​ទាំង​អស់​ហ្នឹង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ហ្នឹង​! »

អ្នក​និពន្ធ​ជើង​ចាស់​អ្នក​ស្រី​ពាន់ ភួង​បុប្ផា មាន​ប្រសាសន៍​ថា វា​មាន​ការ​ពិបាក​ក្នុង​ការ​តែង​និពន្ធ​សាច់​រឿង​មួយ​ដែល​ពុំ​មាន​ការ​ផឹក​ស្រា ហើយ​ងាកទៅ​រក​ការ​ធ្វើ​សមាធិ ឬ​អប់​រំផ្លូវ​ចិត្ត​នោះ ខណៈពេល​ដែល​បរិបទ​សង្គម​កម្ពុជា ត្រូវ​បាន​មនុស្ស​ភាគ​ច្រើន​ប្រើ​ប្រាស់​ស្រាស្ទើរ​គ្រប់​ពេល​ទាំង​ពេល​សប្បាយ និង​កើត​ទុក្ខ​នោះ។ លោកស្រី​បន្ថែម​ថា ក្រសួង​គួរ​តែ​ពិនិត្យទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​​​គ្រឿង​ស្រវឹង​វិញ ជា​ជាង​ជំរុញ​ទៅ​លើ​អ្នក​និពន្ធ​ក្នុង​ការ​កែ​ប្រែ​ការ​និពន្ធ ឬ​សាច់​រឿង​របស់​ខ្លួន។

អ្នក​ស្រីពាន់​ ភួង​បុប្ផា៖ « ខ្ញុំចង់និយាយថាបើឲ្យយើងធ្វើយើងធ្វើបាន តែបើឲ្យខ្ញុំមានយោបល់ យើងត្រូវចាប់ផ្តើមពីការឃោសនាផ្សព្វផ្សាយសិន។ ឥឡូវយើងឃើញវបារីវាដាច់ឈឹងហើយណា! តែចំពោះគ្រឿងស្រវឹងយើងឃើញថានៅមានផ្សាយតាមប៉ាណូ តាមអីអញ្ចឹង ចឹងយើងចាប់ផ្តើមបន្ថយពីហ្នឹងមក! ដូចខ្ញុំចឹងសម្រាប់ខ្ញុំ អ្នកផលិតអញ្ចឹងខ្ញុំអាចបន្ថយបានព្រោះថាជាទូទៅ លុះត្រាតែសាច់រឿងវាតម្រូវម្តងម្កាលអញ្ចឹងសាច់រឿងពេលដែលស្រវឹងអញ្ចឹងអាចធ្វើអីខុសឆ្គងចឹងអាហ្នឹងអូខេ »

វីអូ​ឌី ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បះ​លោក ថៃ នរៈសត្យា បាន​នៅ​ឡើយ​ទេ​ ដោយ​សារ​លោក​ជាប់​ប្រជុំ។

ការ​ទទួលទានស្រា ត្រូវ​បានមជ្ឈដ្ឋាននានា មើលឃើញថា ហាក់កំពុងពេញនិយម ពីសំណាក់​ប្រជា​ជន​ខ្មែរមួយចំនួន ស្ទើ​គ្រប់​កម្ម​វិធី​នានា ​ដែលថា​កំពុង​ជះ​ឥទ្ធិពល​ដល់​សង្គមខ្មែរ​​ជា​ខ្លាំង និង​ជា​ដើម​ហេតុ​ដែល​បង្កឲ្យ​​អំពើហិង្ស​ក្នុង​គ្រួសារ ការ​ចាប់រំ​លោភ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ផងដែរ ខណៈ​សេចក្តីព្រាង​ច្បាប់​ស្តីពីការគ្រប់​គ្រងគ្រឿង​ស្រវឹង ដែល​បាន​តាក់​តែង​ឡើង​កាល​ពី​ឆ្នាំ​២០០៨ មិន​ទាន់​បាន​ធ្លាក់​ដល់​ដៃ​រដ្ឋសភា​ដើម្បីអនុម័ត​នៅឡើយ​ទេរហូត​មក​ដល់​ពេលនេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។