អង្គការអន្តរជាតិ​៖ ករណី​​ភ្នំពេញ​ប៉ុស្តិ៍ជា​ការ​វាយ​ប្រហារ​ទៅ​កាសែត​​ឯក​រាជ្យដែល​សល់​ចុង​ក្រោយ​គេបង្អស់

រូបភាពទីស្នាក់ការកាសែតភ្នំពេញប៉ុស្តិ៍ ដោយ ជន ចាន់រ៉ែន

អង្គការ​អ្នកកា​សែត​គ្មាន​ព្រំ​ដែន(Reporter Without Border) បាន​ចាត់​ទុក​ករណី​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​ព័ត៌មាន​​ឯក​រាជ្យ​ចុង​គេ​ក្រោយ​​បង្អស់ដែល​នៅ​សេស​សល់​នៅ​កម្ពុជា​​ បន្ទាប់​ពី​ការ​សែត​Cambodia daily និងវិទ្យុអាស៊ី​សេរី។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៧ ឧសភា​ ម្សិល​មិញ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំ​ដែន បាន​ចាត់​ទុក​ការ​លក់​កា​សែត​ភ្នំពេញ​​ប៉ុស្តិ៍ទៅ​កាន់​អ្នក​ជំនួញ​ជន​ជាតិ​ម៉ាឡេស៊ី​ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធទៅ​​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ការ​​បណ្តេញ​និពន្ធ​នាយក និង​អ្នក​សារព័ត៌​នៃ​កាសែត​នេះ​៥នាក់​ចេញ​ពី​ការ​ងារ​នោះ​ជាការ​វាយ​ប្រហារ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ទៅ​ស្ថាប័ន​កា​សែត​ឯក​រាជ្យ​ចុង​ក្រោយគេ​ដែល​នៅ​សល់​នៅ​កម្ពុជា។

ក្រុមអ្នក​កាសែត​គ្មាន​ព្រំ​ដែន​លើក​ឡើង​ថា​ ម្ចាស់កាសែត​នេះ​ពី​មុន​ជា​ជន​ជាតិ​អូស្ត្រាលី លោក Bill Clough បាន​អះ​អាង​ថា​ការ​លក់​នេះ​គឺ​បន្ទាប់​ពី​មាន​ការ​ទាម​ទារ​ពី​រដ្ឋាភិបាល។ ​រដ្ឋាភិបាល​កាលពីពេល​ថ្មីៗ​នេះ​បាន​ទាម​ទារ​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍បង់​ពន្ធ​ដែល​មាន​តម្លៃ​ ៣,៩ លាន​ដុល្លាអាមេរិក​។ ​ ​

កាសែត​គ្មា​ន​ព្រំ​ដែន​លើក​ឡើង​ថា៖ « បន្ទាប់ពីការបិទវិទ្យុអាស៊ីសេរីនិងខេមបូឌាដេលីភ្នំពេញប៉ុស្ដិ៍ភ្នំពេញជាកាសែតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចុងក្រោយរបស់ប្រទេសកម្ពុជា។ នៅមុនការបោះឆ្នោតទូទៅលោនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងបន្តការបង្ក្រាបដ៏រន្ធត់របស់លោកលើប្រព័ន្ធផ្សព្វផ្សាយដែលមិនដើរតាមបន្ទាត់រដ្ឋាភិបាល »

និពន្ធ​នាយក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ លោក កៃ គឹមសុង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ការិយាល័យ​កាសែត​នៅ​រសៀល​ម្សិល​មិញថា លោក​ពិត​ជា​ត្រូវ​បាន​ម្ចាស់​ថ្មី​នៃ​កាសែត​នេះ បញ្ឈប់​ពី​ការងារ​ពិត​ប្រាកដ​មែន ដោយ​ពុំ​បាន​ជូន​ដំណឹង​មុន​នោះ​ឡើយ។

ក្រៅពី​លោក កៃ គឹម​សុង អ្នក​យក​ព័ត៌មាន​នៃ​កា​សែតនេះជាជន​បរទេស​៤នាក់​ទៀត​ រួម​មាន​ លោក​ tuart White, កញ្ញា​Jenni Reid, លោក​ Brendan O’Byrne និង​ លោក​Ananth Baliga ក៏​បាន​ដាក់ពាក្យ​សុំ​ឈប់​ពី​ការ​ងារ​ផង​ដែរ។

កាសែត​មាន​អាយុ​កាល ២៦​ឆ្នាំ​មួយ​នេះ បាន​ធ្លាក់​ទៅ​ស្ថិត​ក្នុង​ស្ថានភាព​ចម្រូង​ចម្រាស់​ជុំ​វិញ​បញ្ហា​ពន្ធ និង​វិវាទ​ការងារ ប្រហែល​ជា ៦​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី បាន​ប្រកាស​បិទ​ដំណើរការ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ជុំ​វិញ​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា កាសែត​មួយ​នេះ​ជំពាក់​ពន្ធ​រដ្ឋ​ចំនួន ៦.៣​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

ប៉ុន្តែ ក្រុម​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​វិធានការ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ខណៈ​ដែល​សារព័ត៌មាន​ឯករាជ្យ​មាន​ចំនួន​តិច​តួច​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ