អ្នក​ភូមិ​ស្នើ​តុលាការ​កុំ​លម្អៀង​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ជាមួយ​ឧកញ៉ា​ក្រោយ​ចាប់​ខ្លួន​មនុស្ស​៦​នាក់

តំណាងសហគមន៍អ្នកមានជម្លោះដីធ្លីនៅស្រុក​ស្ទឹងហាវ ក្នុង​ខេត្តព្រះសីហនុ បាន​ស្នើ​ទៅតុលាការ ឲ្យ​ធ្វើការដោយឯករាជ្យ និងយកយន្តការច្បាប់មកអនុវត្តលើករណីអាជ្ញាធរចាប់ខ្លួនពលរដ្ឋ ៦នាក់ ជុំវិញរឿងវិវាទដីធ្លី ដោយថា ជៀសវាងការលម្អៀងទៅខាងអ្នកមានលុយមានអំណាច។

ពលរដ្ឋ​ ៦​នាក់ មក​ពី​ភូមិ​អូរត្រេះ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ ចាប់​ខ្លួនទាំង​គ្មាន​ដីកា​របស់​តុលាការ​កាលពីចុង​សប្ដាហ៍​កន្លង​មក​នេះ ទៅ​តាម​បណ្ដឹង​របស់​លោក តាន់ តាត់ ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំ​មួយ​នៅ​ខេត្ត​នេះ ដោយ​ពលរដ្ឋ​ទាំង​នោះ​រង​ការ​ចោទ​ថា រស់នៅ​លើ​ដី​អ្នក​ដទៃ​ដោយ​ខុស​ច្បាប់។

ប្រធានសមាគមន៍ដីធ្លី​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត និយាយថា ពលរដ្ឋទាំង ៦នាក់នោះ បានទៅនៅ និងបង្ករបង្កើនផលលើដី​កំពុងមានជម្លោះតាំងពីឆ្នាំ១៩៩២ ដោយ​មានការទទួលការស្នាក់នៅដោយអាជ្ញាធរមូលដ្ឋាន​នៅឆ្នាំ២០០៣ ប៉ុន្តែ លោក​ថា លោក តាន់ តាត់ មានប័ណ្ណកាន់កាប់លើដីកំពុងមានជម្លោះនោះចេញនៅឆ្នាំ១៩៩៥។

លោក ស៊ុន សុផាត សង្ស័យថា បញ្ហាធ្វើប័ណ្ណដីជាន់លើគ្នានេះ អាចអាជ្ញាធរភាន់ច្រឡំ ឬ​អាចមានការឃុបឃិតគ្នាណាមួយរវាងអាជ្ញាធរ និងម្ចាស់ដី។

លោកបន្ថែមថា៖ «តើប័ណ្ណកម្មសិទ្ធិនោះបានគោរពលក្ខខណ្ឌ៥យ៉ាងនៃច្បាប់ភូមិបាលអត់? ធម្មតាបើសិនជា​ប័ណ្ណកម្មសិទ្ធិនោះគោរពលក្ខខណ្ឌ៥យ៉ាងនៃច្បាប់ភូមិបាល​ប័ណ្ណនោះ គេហៅថា ភោគស្របច្បាប់។ ភោគ​ស្របច្បាប់នោះ គឺបានកាន់កាប់ដោយគ្មានហិង្សា អាស្រ័យផលជាប់លាប់ មិនអាក់ខាន់ និងមានការទទួល​ដឹងឮ​ពីអាជ្ញាធរដែនដី។ តែនៅលើទីតាំងដីកំពុងមានជម្លោះនោះ ខ្ញុំមើលឃើញថា អត់មានភោគស្របច្បាប់នោះទេ។ អញ្ចឹងបានន័យថា ប័ណ្ណនោះកសាងឡើងដោយបក្សពួក​ឃុបឃិតគ្នា ហើយបើដូច្នេះ យើងត្រូវឲ្យតុលាការស្រាវជ្រាវបញ្ហានោះ»

វិអូឌីមិនអាចសុំការឆ្លើយតបពីលោក តាន់ តាត់ បានទេជុំវិញរឿងវិវាទនេះ។

មន្រ្តីសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ លោក​ស្រី ជៀប សុធារី មានប្រសាសន៍ថា ដីដែលកំពុងមាន​ជម្លោះនោះ ក៏ស្ថិតក្នុងតំបន់ព្រៃគម្របកំណត់ដោយរដ្ឋបាលព្រៃឈើឆ្នាំ២០០២ ដែលអ្នកណាក៏មិនអាចយក​ធ្វើជាកម្មសិទ្ធិបានដែរ។

លោកស្រីបន្ថែមថា៖ «ខ្ញុំគ្រាន់តែមានចម្ងល់មួយថា បើគាត់[លោក​ឧកញ៉ា តាន់ តាត់]មានប័ណ្ណកាន់កាប់ដីតាំង​ពីឆ្នាំ១៩៩៥ ចុះហេតុអីបានជានៅពេលដែលប្រជាពលរដ្ឋចូលកាន់កាប់ និងប្រើប្រាស់ដី គាត់មិនព្រមហាម​ឃាត់ទេតាំងពីមុនមក។ ហើយមួយទៀត ប័ណ្ណទាំងអស់ហ្នឹងនៅពេលរដ្ឋបាលព្រៃឈើ​ គេកំណត់ថា តំបន់​នោះជាតំបន់ព្រៃគម្រប អញ្ចឹង បើយើងនិយាយពីផ្លូវច្បាប់ ទោះបីមិនមានឯកសារបញ្ជាក់ថា និរាករណ៍ប័ណ្ណ​របស់គាត់ ក៏គេចាត់ទុកថា តំបន់នេះជជា​តំបន់ព្រៃគម្របសាធារណៈរបស់រដ្ឋ។ អញ្ចឹង អ្នកណាក៏គ្មានសិទ្ធិប្រើប្រើសដីហ្នឹងដែរ»

មន្រ្តីសគមអាដហុកប្រចាំខេត្តព្រះសីហនុឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ ពលរដ្ឋទាំង៦នាក់នោះ គឺកំពុងស្ថិតក្នុងការស៊ើបសួររបស់ព្រះរាជអាជ្ញា បន្ទាប់ពីឃុំខ្លួនមួយយប់ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

បើតាមតំណាងពលរដ្ឋ អ្នកភូមិ ៥៦គ្រួសារដែលមានជម្លោះដីធ្លីជាមួយលោក តាន់ តាត់ ជុំ​វិញ​ដី​ទំហំ ៨៤ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ