CNRP ស្នើរដ្ឋាភិបាលទម្លាក់ថវិកា៥០ម៉ឺនដុល្លារក្នុងមួយឃុំ-សង្កាត់

លោក ឈាង វុន និងលោក លោក យ៉ែម បុញ្ញឫទ្ធ (ហួត វុទ្ធី)

គណបក្សសង្គ្រោះជាតិ (CNRP) ថានឹងស្នើទៅក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទម្លាក់​ថវិកាជាតិ​ចំនួន៥០​ម៉ឺន​ដុល្លារ​ឲ្យឃុំ-សង្កាត់​នីមួយៗ ទៅតាមគោលនយោបាយរបស់ខ្លួន ខណៈរដ្ឋសភាកំពុង​ធ្វើ​សេចក្តី​ព្រាង​​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨។​​

ការបញ្ជាក់ឡើងវិញនេះធ្វើឡើងម្តងទៀតនៅពេលអ្នកសារព័ត៌មានសួរអ្នកតំណាងរាស្ត្របន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើការពិនិត្យសំណើសុំអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ចកម្ម» និង​ «សេចក្តី​ស្នើច្បាប់ស្តី​ពីកា​របោះ​ឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា» ថ្ងៃទី៨ មិថុនា ២០១៧ នៅរដ្ឋសភាជាតិ។

លោក យ៉ែម បុញ្ញារិទ្ធិ អ្នកនាំពាក្យតំណាងរាស្ត្រសំឡេងភាគតិចនៅរដ្ឋសភា មានប្រសាសន៍ថា គណបក្ស​សង្រ្គោះ​ជាតិ​នឹងស្នើទៅក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ ត្រៀមថវិកាជាតិយកទៅអភិវឌ្ឍន៍ភូមិឃុំ ​បើទោះ​ជាគណ​បក្ស​កាន់អំណាច​មិនយល់​ព្រម​ក៏ដោយ។ លោកថា «ថវិការបស់ជាតិជិត៥ពាន់លានដុល្លារក្នុង​មួយឆ្នាំ ថវិកាមិន​ទា​ន់​បែងចែកប៉ុន្មានភាគរយ? បើយើងសន្សំសំចៃបាន យើងនឹងទម្លាក់ថវិកានោះទៅភូមិ​ឃុំ​របស់​យើង»។ លោកក៏សុំឲ្យអ្នកសារព័ត៌មានចៀស​វាងការញុះញង់​ បំផុសបំផុល ​បំន្លៃការពិត ចំពោះគោលនយោបាយ​៥០ម៉ឺនដុល្លារក្នុងមួយឃុំ សង្កាត់ បើគណបក្សសង្រ្គោះជាតិដឹកនាំរដ្ឋាភិបាល។

លោក ឈាង វុន អ្នកនាំពាក្យតំណាងរាស្ត្រសំឡេងភាគច្រើននៅរដ្ឋសភា ឆ្លើយតបភ្លាមចំពោះការ​លើក​ឡើងនេះថា ចាំជជែកគ្នានៅពេលរដ្ឋសភាប្រជុំធ្វើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ចំណាយឆ្នាំ២០១៨។ លោកថា «យើងពិបាកហើយព្រោះថាលុយរាប់រយលានដែលត្រូវបន្ថែមនេះ មិនមែនលុយធ្លាក់មកពីលើមេឃទេ គឺជាឈាមជ័រញើសរបស់ប្រជាពលរដ្ឋដែលយើងយកពន្ធពីគាត់មក»

គោលនយោបាយផ្តល់ថវិកា៥០ម៉ឺនដុល្លារទៅឲ្យឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ ទើបតែបានដាក់​ចេញ​នៅ​ក្នុង​យុទ្ធការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤។ គោលនយោបាយនេះ​នៅតែ​បន្ត​ការជជែគឥតឈប់ទាំងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងរហូតមកដល់ពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ