បទយកការណ៍៖ ជនជាតិវៀតណាមនៅភ្នំពេញភាគច្រើនមិនបានបោះឆ្នោត

ពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជានាពេលកន្លង (រូបភាពពី Vietnam Net)

ជនជាតិវៀតណាមមួយចំនួនរស់នៅរាជធានីភ្នំពេញ បានរៀប​រាប់ថា ពួកគេ​រាប់រយនាក់​បាត់​សិទ្ធិ​​​​​បោះឆ្នោត ជ្រើស​រើស​ក្រុ​ម​ប្រឹក្សា​​ឃុំ សង្កាត់ កាល​ពីថ្ងៃ​ទី៤​​មិថុនា ឆ្នាំ២០១៧ ក្រោយ​ពីបក្ស​នយោ​បាយ​​​ធំពីរ​ព្រមព្រៀ​ង​​​គ្នាធ្វើកំណែទម្រង់ គ.ជ.ប ថ្មី។

បន្ទាប់ពីជាប់​គាំង​នយោបាយ​អស់​រយៈពេល​មួយឆ្នាំ​ នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា និងគណ​បក្ស​សង្គ្រោះ​ជាតិ​​ បានព្រមព្រៀងធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ដោយដូរ​សមាស​ភាព គជប ចាស់ ដាក់សមាសភាព គជប ថ្មី​ បន្ទាប់ពី​បក្សប្រឆំាង​ដឹកនាំពលរដ្ឋរាប់សែននាក់ ​ធ្វើ​បាតុកម្ម​មិនព្រមទទួល​យក​លទ្ធ​​ផល​បោះ​ឆ្នោត​ថ្នាក់ជាតិ កាលពីឆ្នាំ២០១៣។

នៅ​ឆ្នាំ២០១៣ គណបក្សប្រឆាំងអះអាងថា មានជនជាតិវៀតណាមទៅបោះឆ្នោតរាប់ពាន់នាក់។ ប៉ុន្តែនៅពេលចុះសាកសួក្រោយបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧នេះ ជនជាតិវៀតណាមរាប់រយនាក់ថា ពួកគេមិនមានឈ្មោះបោះឆ្នោតទៀតទេ ជា​ពិសេស​​​នៅ​​ខណ្ឌ​​ច្បារ​អំពៅ​រាជ​ធានី​ភ្នំពេញ​ ដោយសារពួកគេមិនមានឯកសារគ្រប់គ្រាន់​។

អង្គុយលើម៉ូតូ​នៅក្រោមដើមឈើមុខ​ផ្ទះ អ្នកស្រី ហោ ង៉ា បានរៀប​រាប់ប្រាប់អ្នកយកព័ត៌មានថា គាត់​រស់​នៅ រាជធានីភ្នំពេញ ​ជាង៣០ឆ្នាំហើយ ប៉ុន្តែអាជ្ញាធរមិនព្រមធ្វើ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និង​អត្ត​​សញ្ញាណប័ណ្ណ​ឲ្យពួកគេនោះទេ ដោយថា​ករណីនេះ ធ្វើឲ្យគាត់បាត់សិទ្ធិបោះឆ្នោតឃុំ សង្កាត់។

អ្នកស្រីនិយាយថា «បើគេធ្វើអី គេអត់ធ្វើឲ្យទេ ចេះតែទ្រំាទៅគេថាជនជាតិវៀតណាមមិនបានធ្វើទេ មិន​មាន​ច្បាប់ធ្វើឲ្យទេ ហើយយើងទៅ[ផ្ទះ]វិញទៅ នៅអាមេរិកកំាងក៏៥ឆ្នាំគេធ្វើឲ្យ គេចូលសញ្ជាតិឲ្យ»

ជនជាតិវៀតណាមរូបនេះ ក៏បាន​បង្ហាញការសោកស្តាយ ដោយថាមិនបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​អាណត្តិ​នេះ ដើម្បីជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញ​ចិត្ត​។

ឈរក្បែរចិញ្ចើមផ្លូវ លោក ជា ឡា ជាជនជាតិវៀតណាម រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ បាន​ឲ្យ​ដឹង​ដែរថា ជារៀង​រាល់អាណត្តិ ជនជាតិវៀតណាមនៅខណ្ឌច្បារអំពៅរាប់រយគ្រួសារ​បានទៅបោះ​ឆ្នោត។ ប៉ុន្តែលោកបង្ហាញការងឿងឆ្ងល់​ថា នៅអាណត្តិនេះមិនមានជនជាតិវៀតណាម​ច្រើន​ទៅបោះ​ឆ្នោត​នោះ​ទេ។

លោកនិយាយថា «មនុស្សឥឡូវ​អត់ទៅបោះឆ្នោតច្រើន​ឆ្នាំនេះ មិនសូវ​ដឹងដែរ មិនសូវ​ដឹងទេ ខ្ញុំទៅខេត្តទើប​​តែមក​ខ្ញុំមិនសូវ​ដឹងប៉ុន្មានទេ»

អ្វីដែលគួរឲ្យកត់សំគាល់ ក្រោយពីសម្ភាសន៍ជនជាតិវៀតណាមប្រហែល​២០នាក់ គឺពួកគេ​ទំាងអស់​មាន ត្រ​កូល​ និង​ឈ្មោះ ដូចខ្មែរ​ផង​ដែរ។

វ័យប្រហែល៤០ឆ្នាំ អ្នកស្រី ជិន ធារី ជនអន្តោប្រវេសន៍វៀតណាមរស់នៅសង្កាត់ច្បាអំពៅ បាន​និយាយ​រៀប​​រា​ប់​ថា បើអាជ្ញាធរកម្ពុជា​មិនឲ្យពួកគាត់​រស់នៅ​លើ​ទឹក​​ដីកម្ពុជាទេ អ្នកស្រីថា ពួកគេ​នឹង​ត្រឡប់ទៅប្រទេសកំណើតវិញ។

អ្នកស្រីនិយាយថា​ «បើគេ[អាជ្ញាធរ]ថាឲ្យយើងនៅ យើងនៅទៅ បើថាគេមិនឲ្យយើងនៅមិនដឹងធ្វើម៉េច​ តាមគេគិតយ៉ាងម៉េច​ គេគិតទៅ បើគេថាអត់ឲ្យយើង គេថាបង់លុយ យើងក៏ខំរកលុយបង់ទៅ»

ជនជាតិវៀតណាមមួយចំនួនបាននិយាយថា ពួកគេបាត់សិទ្ធិបោះឆ្នោតនៅសង្កាត់​ច្បារ​អំពៅទី២ ក្នុងអាណត្តិនេះ  ទើប​ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា​មិនអាច​ឈ្នះឆ្នោត​ធ្វើចៅ​សង្កាត់​បាន​ដូច​​កាល​ពីអាណត្តិមុនៗ ខណៈបក្សប្រឆំាងឈ្នះឆ្នោតនៅសង្កាត់​ច្បារ​អំពៅទី២ នៅឆ្នំា២០១៧នេះ។

ដើម​កំណើតវៀមណាម និងមានស្វាមីជាខ្មែរ អ្នកស្រី ​នួន ស្រី​ពៅ​ បានអះអាងថា បើអាណត្តិនេះជន​ជាតិ​វៀត​​​ណាម​មាន​ឯក​សារគ្រប់គ្រាន់ គណបក្សប្រជាជនកម្ពុជា​នឹង​ឈ្នះគណបក្សសង្គ្រោះជាតិ ដើម្បី​​គ្រប់​គ្រង​​សង្កាត់​ច្បារ​អំពៅ​បន្ត​ទៀត។

អ្នកស្រីនិយាយថា «ខ្ញុំប្រាប់ច្បារអំពៅ បើធ្វើអត្តសញ្ញាណប័ណ្ណវិញ គឺអត់ចាញ់ទេច្បារអំពៅ អត់បានធ្វើ បានអីទៅបោះកើត បោះអត់កើតទេ ធ្វើបានតិចតួចដោយសារខ្ញុំស្គាល់ពូ ដូច​ថា​ខ្ញុំនៅទីនោះយូរ នៅតំា​ង​ពីតូច​រហូតដល់ធំ គាត់អាណិតស្រលាញ់ ណាមួយប្តីខ្ញុំខ្មែរ​ ពូគាត់អាណិតស្រលាញ់ ដូចថា​គាត់​យល់​ថា​គ្រួសា​រខ្ញុំល្អ គាត់ចេញមុខ​ធានា គាត់ធ្វើឲ្យបានខ្ញុំបានបោះ បើគាត់អត់ធានា​ ក៏ខ្ញុំអត់បានបោះដែរ»

វ័យ៤៣ឆ្នាំ អង្គុយបោកខោ អាវ អ្នកស្រី គឹម សាវុធ​​ បាននិយាយបើកចំហថា គាត់បាន​បោះឆ្នោត​គំាទ្រ​     ប​ក្ស​​កាន់អំណាច​ជារៀង​រាល់​អាណ​ត្តិ​ ។

នៅពេលសួរថា បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំសង្កាត់ច្បារអំពៅនេះ តើអ្នកស្រីយល់ឃើញ​យ៉ាង​ណា​ដែរ? អ្នកស្រីឆ្លើយយ៉ាងខ្លីថា មិនចាប់អារម្មណ៍នោះទេ។

អ្នកស្រីមានប្រសាសន៍ថា «អត់ទេធម្មតា អ្នកណាជាប់ៗទៅ អត់គិតអីផង គិតតែរឿង​លុយ​ចាយគ្រួសារ​បាន​ហើយ គេម៉េចៗទៅខាងមនុស្សធំ[ថ្នាក់ដឹកនាំមូលដ្ឋាន]គេធ្វើ បើយើងប្រជាជន»

តាមរបាយការណ៍បឋមរបស់ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបាន៤៦២៣​សំឡេង ពោលចាញ់គណង្គ្រោះ​​ជាតិដែលទទួលបាន៥៣១៥សំឡេងនៅសង្កាត់ច្បារអំពៅទី២។

ដើមកំណើតវៀតណាម មាន​វ័យជាង៤០ឆ្នាំ អ្នកស្រី សុខ ថា បាននិយាយទៀតថា គាត់ស្នើទៅអ្នកដឹក​នាំ​សង្កាត់​​ថ្មី កុំរើសអើងពួកគេ ដែលជាជនជាតិវៀតណាមរស់នៅក្នុងទឹកដីកម្ពុជា។

អ្នកស្រីថា «កុំឲ្យគេស្អប់ខ្ពើមយើងបុណ្យសព្វថ្ងៃឲ្យបានតែសុខបានហើយ»

ចំណែក ជនជាតិវៀតណាម​មួយរូបទៀត អង្គុយធ្វើម៉ូតូនៅក្នុងរាជធានីភ្នំពេញ ​ លោក ចាន់ វិបុល​ បាននិយាយថា គាត់មិនបានទៅបោះឆ្នោតឃុំ សង្កាត់ទេ នៅអាណត្តិនេះ ដោយលោកថា ជាប់​រវល់​រក​ប្រាក់​​ទ្រ​ទ្រង់​​ជីវ​ភាព​គ្រួសារ។

អ្នកស្រីនិយាយថា «ភាគច្រើនគេទៅបោះ គេគិតគូជាងយើងទៀត គ្មានយើងម្នាក់ក៏អត់អីដែរ បើទៅបោះ​ឆ្នោតខាតមួយថ្ងៃរវល់ធ្វើម៉ូតូពីរយ៉ាង[ការបោះឆ្នោត និងធ្វើម៉ូតូ]សំខាន់ដូចគ្នា តែមួយរឿងយើងមាន​តែ បោះឆ្នោតមានគ្រួសារយើងទៅហើយ ក៏មិនចំាបាច់យើងទៅទេ ប៉ា ម៉ាក់ ខ្ញុំទៅបោះ បងខ្ញុំទៅបោះដែរ មានតែខ្ញុំម្នាក់អត់ទៅ គំនិតយើងដូចគ្រួសារយើង​​»

ក្រោយការបោះឆ្នោតឃុំ សង្កាត់ ថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ មិនទាន់ឃើញថា បក្សប្រឆំាងនិងប្រជាពលរដ្ឋ ដាក់ពាក្យ​ប្តឹងទៅ គ.ជ.ប ទាក់ទងករណីជន​ជាតិវៀត​ណាម​ទៅបោះ​ឆ្នោត ​ដូច​​កាល​​​ពីឆ្នាំ២០១៣នោះទេ។

បើគិត​ត្រឹម​ថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ទទួល​ដោះ​ស្រាយបណ្ដឹងចំនួន៧១ ក្នុងនោះ២៨បណ្ដឹង ដោយប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ ចំណែក​៤៣​បណ្ដឹង​ទៀត ប្ដឹងសុំដាក់ពិន័យលើអ្នកប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌ ផ្ទុយនឹងច្បាប់បោះឆ្នោតឃុំសង្កាត់។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ គំាទ្រការធ្វើកំណែទម្រង់ គ.ជ.ប ថ្មី ដោយ​លោក​ថា​​កំណែទម្រង់នេះ ទប់ស្កាត់ជនជាតិវៀតណាមខុសច្បាប់មិនឲ្យទៅបោះឆ្នោតបាន។ ​លោក​​​បញ្ជាក់ថា គោលនយោបាយគណបក្ស​ប្រឆំាង​​​មិនយកខ្មែរ និងជនបរទេសស្របច្បាប់​ណាធ្វើ​ជា​សត្រូវ​​​​​នោះទេ ដោយថាបក្សនេះមានតែ​ជួយ​ការ​ពារ​​​​សិទ្ធិ​ប្រជាពលរដ្ឋទំាងអស់ឲ្យស្របតាមរដ្ឋធម្មនុញ្ញ។

លោក​​និយាយថា «យើងគ្រាន់តែអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់សញ្ជាតិឲ្យមានប្រសិទ្ធិភាពតែប៉ុណ្ណោះ គាត់អត់មានឯកសារ​ គាត់អត់មានឯកសារគ្រប់គ្រាន់​ គាត់រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ គាត់ត្រូវ​តែគោរពច្បាប់ គាត់ត្រូវ​តែទទួលនូវ​ទោសទណ្ឌទៅតាមច្បាប់ដែលបានកំណត់ ប៉ុន្តែអ្នកដែលរ​ស់​នៅ​ស្រប​​ច្បាប់​នៅប្រទេសកម្ពុជា គេមានឯកសារគ្រប់គ្រាន់​យើងមិនដែលចាត់ទុកអ្នកណាជាសត្រូវ​ពីកាល​ណា»

កាលពី​​ដើមឆ្នាំ២០១៧នេះ​ គណបក្សសង្គ្រោះជាតិ ដាក់ពាក្យប្តឹងទៅ គជប ឲ្យលុបឈ្មោះជ​នជាតិ​វៀត​ណាម​​​ពី​បញ្ជីឈ្មោះបោះឆ្នោត​ បន្ទាប់ពីបក្សនេះ​រក​ឃើញថា មាន​​ឈ្មោះ​ជន​ជាតិវៀត​ណាម​ប្រើ​អត្ត​សញ្ញណ​​​ប័ណ្ណ​ខ្មែរ​​ខុសប្រក្រតីប្រមាណ៣២០០ករណី ដោយថា​ភាគច្រើន​រស់​នៅ​សង្កាត់​ច្បារ​អំពៅនិង​សង្កាត់​ផ្សេងទៀត   ក្នុ​ង​​ទី​ក្រុងភ្នំពេញ។ ប៉ុន្តែមន្ត្រី គជប អះអាងថា គ.ជ.ប មិនអាចគ្រប់គ្រងទិ​ន្នន័យ​ចំនួន​​​​​ជន​បរទេស​ដែល​កាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរបានឡើយ ដោយថា ឲ្យតែជនបរទេស​ទាំង​នោះ​កាន់​អត្ត​សញ្ញាតិ​ប័ណ្ណ​សញ្ញាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ គឺ​សុទ្ធ​តែ​អាច​បោះ​ឆ្នោតទាំ​ង​អស់​។

នាយកប្រតិបត្តិអង្គការ​និចហ្វិចលោក សំ គន្ធាមី សង្កេតឃើញ​ថា ការបោះឆ្នោតឃុំ សង្កាត់អាណត្តិនេះ មិន​សូវមានជនជាតិវៀតណាមទៅបោះឆ្នោតនោះទេ ក្រោយពីគណបក្សធំ២ គឺបក្សប្រជាជនកម្ពុជា និង​បក្ស​សង្គ្រោះជាតិធ្វើកំណែទម្រង់ គជប ។

លោក គន្ធាមី យល់ថា ទោះជាបក្សណាជាប់ឆ្នោតក៏មិនអាចបណ្តេញជនជាតិវៀតណាមស្រប​ច្បាប់ ចេញ​ពី​​កម្ពុជា​បាននោះទេ ដោយលោកថា អ្នកឈ្នះឆ្នោត​​ត្រូវ​អនុវត្តច្បាប់កុំឲ្យមានការរើសអើងជាតិសាសន៍។

លោក​​និយាយថា «មេឃុំ ចៅសង្កាត់ថ្មីក៏ដោយ សូម​អនុវត្តទៅតាមច្បាប់ទៅ ហើយបំរើ​ប្រជា​ពល​រដ្ឋអត់មានការរើសអើង គឺថារើសអើងបានន័យថា គេត្រូវ​ច្បាប់ហើយ យើងប្រព្រឹត្តលើគេ​អាក្រក់​បានន័យ​ថា​រើស​អើង​ ហើយគេប្រព្រឹត្តខុសដូចគ្នា មិនថាពលរដ្ឋខ្មែរ ពលរដ្ឋវៀតណាម ត្រូវ​អនុវ​ត្ត​តាម​ច្បាប់​យើ​ង ទំា​ង​អស់គ្នា»

តាមលទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ថយចុះមេឃុំ ចៅសង្កាត់ ពី១៥៩២ កាលពីឆ្នាំ២០១២ មកនៅ១១៥៨ ឆ្នាំ២០១៧ ខណៈគណបក្សសង្រ្គោះជាតិ កើនមេឃុំ ពីចំនួន៤០ ទៅដល់៤៨៧ មេឃុំ ចៅសង្កាត់។ ហើយសង្កាត់នៅក្នុងភ្នំពេញសរុប​១០៥ ក្នុងនោះសង្គ្រោះជាតិឈ្នះ​៥៧សង្កាត់ រីឯបក្សប្រជាជនកម្ពុជានៅសល់៤៨សង្កាត់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ