រដ្ឋាភិបាល​ថាតំណែង​​អនុប្រធាន​មហា​សន្និបាត​UN ជា​ការ​ឆ្លើយតប​​យ៉ាង​សាកសម​ចំពោះ​លោក សម រង្ស៊ី

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​លោក ​អ៊ុច បូររឹទ្ធ ថ្លែងក្នុងសន្និ​សីទព័ត៌មាន​នៅក្រសួង​ការបរទេស​នៅ​ព្រឹក​ថ្ងៃ​ទី៨ មិថុនា ២០១៨ (ថតដោយ ហ៊ុន សិរីវឌ្ឍន៍)

ក្រសួង​ការ​បរទេស​កម្ពុជា​ហៅ​ការ​ផ្តល់ទំនុក​ចិត្ត​ពី​សមាជិក​អង្គការសហប្រជា​ជាតិ​ចំពោះ​តំណែង​អនុប្រធាន​មហា​សន្និ​បាត​ ​អាណត្តិ​ថ្មី​ជាការ​ឆ្លើយ​តប​យ៉ាង​សម​ស្រប​ចំពោះ​លោក សម រង្ស៊ី ដែល​ធ្លាប់បាន​អំពាវ​នាវ​ឲ្យ​អន្តរជាតិ​ព្យួរ​អាសនៈ​កម្ពុជានៅ​អង្គការ​នេះ។

ក្នុង​សន្និ​សីទព័ត៌មាន​នៅក្រសួង​ការបរទេស​នៅ​ព្រឹក​ថ្ងៃ​ទី៨ មិថុនានេះ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​លោក ​អ៊ុច បូររឹទ្ធ មាន​ប្រសាសន៍​ ឈប់​ឲ្យ​លោក​សម រង្ស៊ី ស្រមើ​ស្រមៃ​ពី​ការ​ព្យួរ​អាសនៈ​របស់​កម្ពុជា​ទៀត បន្ទាប់​ពីសមាជិក​អង្គការ​នេះ​បាន​​​បោះ​ឆ្នោត​​គាំទ្រ​កម្ពុជា​ជា​អនុប្រធាន​មហា​សន្និ​បាត​UN សំរាប់​ឆ្នាំ​២០១៨ និង​២០១៩។

លោក​ អ៊ុច បូររឹទ្ធ ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​តួនាទីជា​អនុប្រធានមហា​សន្និបាត​នេះ​កម្ពុជា​អាច​មាន​ឱកាស​ដឹក​នាំ​កិច្ច​ប្រជុំ​មហា​សន្និបាត​ ជំនួស​មុខ​ប្រធាន និង​តាម​សំណើ​របស់​ប្រធាន ផ្តល់​អនុសាសន៍​ដល់​មហា​សន្និបាត ជាពិសេស​កម្ពុជា​នឹងក្លាយ​​​ជា​សមាជិក​នៃគណៈ​កម្ម​ធិការ​ទូទៅដែលជា​គណៈកម្មាធិការ​សំខាន់​មួយ​នៃ​មហាសន្និបាត។

ពិភាក្សា​អនុម័ត​លើ​ការ​ចូល​រួម​របស់​ប្រទេស​ទាំង​អស់​ក្នុង​កិច្ច​ប្រជុំ​របស់​មហាសន្និបាត ឲ្យ​ចូល​ឬ​មិន​ឲ្យ​ចូល​។ ខ្ញុំសុំ​បើក​វង់​ក្រចក​បន្តិច គណៈកម្ម​ការ​ទូ​ទៅ​នេះ​គឺ​បាន​ធ្វើ​ការ​ពិភាក្សា​លើ​បញ្ហា​ប្រទេស​កម្ពុជា​យើងកាល​ពីឆ្នាំ​១៩៩៧ ដែល​បង​​ប្អូន​ចាំ​ទាំងអស់​គ្នា​ហើយ ពេល​នោះ​គេ​បាន​ព្យួរ​អាសនៈ​របស់​យើង​ពេញ​មួយ​ឆ្នាំ​ ហើយ​ក៏​បាន​សម្រេច​ឲ្យ​កម្ពុជា​កាន់​អាសនៈ​វិញ​នៅ​ឆ្នាំ​១៩៩៨។ […] អញ្ចឹង​សួរ​ថា​តើ​អង្គការ​សហ​ប្រជា​ជាតិ​គេ​ធ្វើ​តាម​លោក សម រង្ស៊ី ឬ​យ៉ាង​មិច?​ គេ​មិន​ធ្វើ​តាម​ទេ ហើយ​កុំ​ស្រមៃស្រមើ​ហើយ​ដេក​យល់​សប្តិ​ទៀត!

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​លោក ​អ៊ុច បូររឹទ្ធ

កាល​ពី​អំឡុង​ខែមេសាកន្លងទៅ​ប្រធាន​ចលនាសង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ប្រកាសថា​នឹង​ធ្វើ​យុទ្ធ​នា​ការ​ទាម​ទារ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ព្យួរ​អាសនៈ​របស់​ប្រទេស​កម្ពុជា កុំ​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញពីបោះឆ្នោត​ថ្ងៃទី​២៩ កក្កដាខាង​មុខ ប្រសិន​គ្មាន​ដំណោះស្រាយ​នយោបាយ និង​មិន​ឲ្យ​​មានបក្សសង្គ្រោះ​ជាតិ​ចូល​រួមការ​បោះឆ្នោត​នោះ​។​

ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ សាទរចំពោះការចូលជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនេះ តែលោកថាកម្ពុជាគួរធ្វើខ្លួនយ៉ាងណាឲ្យសាកសមជាមួយតួនាទីនេះផង ដោយត្រូវមានការគោរពសិទ្ធិមនុស្ស សិទ្ធនយោបាយផងដែរ។ លោកបន្ថែមថា បើទោះបីមានតួនាទីជាអនុប្រធានមហាសន្និបាតក៏ដោយក៏កៅអីរបស់កម្ពុជាក៏អាចប្រឈមនឹងការព្យួរដែរប្រសិនជាមានការសម្រេចពីក្រុមប្រឹក្សាអចិន្ត្រៃយ៍ដែលមាន៥ប្រទេសនោះ។

អ្វី​ដែល​កម្ពុជា​ត្រូវប្រុង​ប្រយ័ត្ននោះ បំណាច់​ដែល​គេ​ជ្រើស​រើស​យើង​ឲ្យ​ធ្វើ​ជា​អ្នក​មុខ​អ្នកការ​ធំ​ដុំ​ហើយ យើង​ត្រូវ​ធ្វើ​ខ្លួន​យើង​ឲ្យ​សាក​សម ជា​អនុប្រធាន​មហា​សន្និបាត​អង្គការ​នេះ។ យើង​ត្រូវតែ​គោរពសិទ្ធិមនុស្ស នីតិរដ្ឋ ធ្វើ​ម៉េច​ឲ្យ​ប្រទេស​នោះ​មាន​ប្រជា​ធិបតេយ្យ​ពិតប្រាកដ ជៀស​វាង​ការ​រំលោភសិទ្ធិ​មនុស្ស ហើយ​យក​ផ្លាកប្រជា​ធិបតេយ្យ​មក​ពាក់​ហើយ មិន​បាន​ធ្វើ​អីឲ្យ​ប្រជា​ធិបតេយ្យ​មិន​ពេញ​លេញ មិន​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ប្រជា​ពល​រដ្ឋ​ដែលជា​ម្ចាស់​ប្រទេស​

ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ

នេះជា​លើក​ទី​២ ហើយ​ដែល​កម្ពុជា​ទទួល​បាន​ការ​ជ្រើស​រើស​ជា​អនុប្រធាន​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិនេះ បន្ទាប់​ពី​ការ​ជ្រើស​រើស​លើក​ទី​មួយ​កាល​ពី​ឆ្នាំ​២០០១ ដល់​២០០២។

បើ​តាម​ក្រសួង​ការ​បរទេស នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្រៅពី​កម្ពុជា មាន​ប្រទេស ​ជប៉ុន កាតតា អេរ៉ាក់ និង​ប្រទេស​ស៊ៃប ត្រូវ​បានអង្គការ​សហ​ប្រជាជាតិ​បោះឆ្នោត​ជ្រើស​តាំង​ជាងអនុប្រធាន​នៃ​មហា​សន្និបាត​លើក​ទី​៧៣​នេះ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ