អ្នក​តាម​ដាន​ថា​អាណត្តិ​ទី​៥​នេះ​សភា​បាន​រួម​ចំណែក​រុញ​ប្រជាធិបតេយ្យ​ឲ្យ​ដើរ​ថយ​ក្រោយ

ស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

អ្នកឃ្លាំមើលមួយចំនួន បង្ហាញការយល់ឃើញ របស់ពួកគេថានៅអាណត្តិទី៥នេះរដ្ឋស​ភាបានចូលរួមចំណែករុ​ញលទ្ធិប្រជាធិ​ប​តេ​​យ្យឲ្យ​ដើរថយក្រោយ តាមរយៈធ្វើច្បាប់នានាកម្រិតសិទ្ធិអង្គការសង្គមស៊ីវិល និងរឹបអូសអាសនៈគណបក្សប្រឆាំងជាដើម។

មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វែ្រល លោក កន សាវាង្ស លើកឡើងថា តាមការអង្កេតរបស់លោក ជិតមួ​យអា​ណ​ត្តិមកនេះ តំណាងរាស្ត្រដែលពលរដ្ឋបោះឆ្នោតឲ្យចូលមកអង្គុយក្នុងស្ថាប័នឃ្លាំមើលការអនុវត្តច្បាប់ និងអនុ​ម័តច្បា​ប់មួយនេះ មានទាំ​ងល្អ មានទាំងមិនល្អ។

លោក កន សាវង្ស និយាយថាចំនុចល្អ របស់អ្នកតំណាងរាស្ត្រជាប់ឆ្នោតអាណត្តិទី៥នេះ គឺបានស្រុះស្រួលគ្នាធ្វើច្បាប់បោះឆ្នោត និ​ងធ្វើកំណែ​​ទម្រ​​ង់​​ គ.ជ.ប រួមទាំងច្បាប់ដែលជំរុញឲ្យរដ្ឋា​ភិបាលឈប់ផ្តល់​ដីសម្បទានសេ​ដ្ឋកិច្ច ។

ប៉ុន្តែមន្ត្រីឃ្លាំមើលការបោះឆ្នោតរូបនេះ និយាយថា អ្វីដែលរដ្ឋសភាធ្វើឲ្យសហគមជាតិ និងអន្តរជាតិរិះគន់នោះគឺ បានរុញកម្ពុជាឲ្យ​ងាក​ចេ​ញពីគន្លងប្រជាធិបតេយ្យនោះ គឺការធ្វើច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល កម្រិតសិទ្ធិបញ្ចេញមតិ កា​រ​ធ្វើ​​​វិ​សោធនកម្មច្បាប់ គ​​​ណ​ប​​ក្ស​នយោបាយ បើកផ្លូវឲ្យមានការរឹបអូ​សអាសនៈក្នុងសភា និងឃុំ សង្កាត់​ ជាដើម។

លោកថា៖«ជាពិសេសអាជ្ញាធរលោក មិនបានគោរពទៅតាមអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ ។នេះហើយដែលយើងឃើញមានបញ្ហាដែលសម្រេចឲ្យមានការចាប់ខ្លួនអីជាដើម»

នាយកប្រតិបត្តិគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា សភាអាណត្តិទី៥នេះ ហាក់បានរួមចំ​ណែករុញ​ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឲ្យដើរថយក្រោយ ដោយថាដូចជាការធ្វើច្បាប់​ ​បែប​ឯក​បក្ខ បង្កជាជម្លោះនយោបាយ និង​មិ​នបាន​ជំរុញកា​រអនុ​វត្ត​ច្បា​ប់​​ ដើម្បីការពារម្ចាស់ឆ្នោតដែលរងគ្រោះ ពីបញ្ហាដីធ្លី និងអយុត្តិធម៌សង្គម។

[Quote]

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ហៅដំណើរការសភាអាណត្តិទី៥នេះថា ជាអាណត្តិបង្កើត​ភាពច​ម្រូ​ង​ចម្រា​ស ច្រើនជាងមូលមតិគ្នាដោះស្រាយបញ្ហាជាតិដែលនៅសេសសល់ និងបញ្ហារបស់ប្រជាពលរដ្ឋ។ លោកថា ភាពចម្រូង​ចម្រាសនៅក្នុងសភាពបែបនេះ បានរារាំងដល់យន្តការជំរុញលទ្ធិប្រជាធបតេយ្យ និងការអភិវឌ្ឍជាតិ។

លោកថា៖«ចាប់ពីឆ្នាំ១៩៩៣មក មានតែអាណត្តិទី៥នេះមួយគត់ដែលត្រូវបានរំលាយគណបក្សមួយ ហើយសមាជិកនៃរដ្ឋសភា របស់​​ណបក្សហ្នឹងក៏ត្រូវបានរំសាយចេញពីរដ្ឋសភា»

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង​ ប៉េងឡុង បានច្រានចោលការយល់ឃើញ របស់អង្គការសង្គមស៊ីវិលនេះ ប៉ុន្តែលោកសុំមិន​ទា​ន់​អ​ត្ថាធិប្បា​យថាអាណត្តិទី៥នេះ រដ្ឋសភាបានធ្វើកិច្ចការអ្វីដែលលេចធ្លោជំរុញដល់យន្តការប្រជាធិបតេយ្យដែលទទួលស្គាល់ដោយសហគមន៍ជាតិនិងអន្តរជាតិនោះទេ ដោយថាលោកកំពុងបូកសរុបរបាយការណ៍។

លោកថា៖«លោកយើងហើយ ប្រទេសយើងបានទទួលសុខសន្តិភាព មានការរីកចម្រើន ។និយាយបែបនឹង គឺថាដើម្បីបញ្ហាក្រពះរបស់គាត់ ។គាត់ស៊ីឈ្នួលបរទេស គាត់និយាយតាមបរទេសអញ្ចឹងហើយ»

យ៉ា​ងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលយល់ថា ច្បាប់ដែលរដ្ឋសភាទើបអនុម័តនៅប៉ុន្មានថ្ងៃនេះ ដែលច្បាប់នោះ​តម្រូវឲ្យថៅកែរោ​ងចក្រ ត្រូវទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ៦ខែម្តង និងកំណត់ប្រាក់ឈ្នួលអប្បបរមានោះ ថាជាច្បាប់មួយ​ដែលបាន​ចូល​រួ​ម​​ការ​ពារប្រយោជន៍កម្មករបានមួយភាគធំ។

នៅសល់តែជាង១ខែទៀតប៉ុណ្តោះ ការបោះឆ្នោតជាតិនឹងចូលមកដល់ ។ ចំណែកសភានីតិកាលទី៥ នឹងត្រូវប្តូរវេនតំណា​​ង​រាស្ត្រ​ថ្មី​ នី​​តិកាលទី៦ ចូ​ល​មក​ជំ​នួសវិញ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ