កម្មករតវ៉ាមុខផ្ទះលោក ហ៊ុន សែន ក្រោយបាត់ប្រាក់សំណង

កម្មកររោងចក្រ ហ្វឺស ហ្គាវ័ន្ត ប្រមូលផ្ដុំគ្នាទៅតវ៉ា នៅមុខផ្ទះលោក ហ៊ុន សែន (ថតដោយ ឃុត សុគុន្ធ)

កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមនៅថ្ងៃនេះបាន ប្រមូលផ្តុំគ្នាមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងក្រុងតាខ្មៅ ក្រោយពួកគេទទួលបានសំណងពីក្រសួងការងារតិចតួចពេក។

កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមនៅថ្ងៃនេះបាន ប្រមូលផ្តុំគ្នាមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងក្រុងតាខ្មៅ ក្រោយពួកគេទទួលបានសំណងពីក្រសួងការងារតិចតួចពេក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ឧសភា បានស្តីបន្ទោសទៅរដ្ឋមន្ត្រីក្រសួងការងារករណីនៅតែមានកម្មករតវ៉ាទាក់ទិនថៅកែរត់ចោលមិនទូទាត់សំណងតាមច្បាប់ ខណៈរដ្ឋាភិបាលបានបញ្ចេញប្រាក់ជាង៤លានដុល្លារឲ្យដោះស្រាយរួចមកហើយនោះ។

ក្រោយការស្តីបន្ទោសនោះ ក្រសួងការងារនៅថ្ងៃនេះ បានយកប្រាក់បុរេប្រទានបន្ថែមទៀតទៅដោះស្រាយសំណងជូនកម្មករបម្រើការងារនៅរោងចក្រហ្វឺស ហ្គាវ័ន្តដើម្បីបញ្ចប់វិវាទ។

កម្មកររោងចក្រ ហ្វឺស ហ្គាវ័ន្ត ប្រមូលផ្ដុំគ្នាទៅតវ៉ា នៅមុខផ្ទះលោក ហ៊ុន សែន (ថតដោយ ឃុត សុគុន្ធ)

កម្មករផ្នែកដេរដែលអះអាងថា បម្រើការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត៧ឆ្នាំហើយនោះ អ្នកស្រី យិន យឿន ប្រាប់វីអូឌីថា អ្នកស្រីមិនពេញចិត្តចំពោះសំណងដែលក្រសួងការងារផ្តល់នេះទេ ដោយថា សំណងនោះមានចំនួនតិចតួចពេក។

អ្នកស្រីបន្ថែមថា«បើគិតតាមច្បាប់ការងារខ្ញុំត្រូវបានច្រើនជាងហ្នឹងព្រោះខ្ញុំធ្វើការ៧ឆ្នាំមិនត្រូវបាន៧០០ដុល្លារហ្នឹងទេ យើងយកទៅបើមិនយកវាជួបផលលំបាកច្រើនណាស់»។

ប្រធានសហជីព ស៊ីខាឌូ ប្រចាំរោងចក្រ ហ្វឺស​ ហ្គាវ័ន្ត លោក ឃឹម មករា មានប្រសាសន៍ថា សំណងដែលកម្មករទទួលបាននេះ ជាប្រាក់បុរេប្រទានរបស់រដ្ឋាភិបាល ដោយក្រសួងការងារមិនបានទូទាត់តាមច្បាប់ឡើយ។

ក្នុងនេះវាមានកម្មករធ្វើការ១ឆ្នាំ កម្មករធ្វើ២ឆ្នាំ កម្មករធ្វើការ៥ឆ្នាំ និងកម្មករធ្វើការ៨ឆ្នាំ អញ្ចឹងការ គណនាវាមានការកើនឡើង បើតាមច្បាប់ គឺយើងត្រូវគិតជូនកម្មករមាន លុយជូនដំណឹង លុយបណ្តេញចេញ លុយជំងឺចិត្ត លុយបំណាច់ឆ្នាំ និងប្រាក់ឈ្នួលចុងក្រោយ អញ្ចឹងអ្នកធ្វើការបាន១ឆ្នាំអន់បំផុតក៏បានពី៣០០ដុល្លារទៅ៥០០ដុល្លារដែរ

លោក ឃឹម មករា ប្រធានសហជីព ស៊ីខាឌូ ប្រចាំរោងចក្រ ហ្វឺស​ ហ្គាវ័ន្ត

គណៈកម្មការសម្រាប់ដោះស្រាយ​បញ្ហាកូដកម្មបាតុកម្មនៅក្រុមមុខសញ្ញា លោក ប្រាក់ ចាន់ធឿន មានប្រសាសន៍ថា​ ការដោះស្រាយសំណងជូនកម្មករនេះ គឺធ្វើឡើងស្របតាមច្បាប់ និងគោលនយោបាយដោះស្រាយរបស់រដ្ឋាភិបាល។

យើងយកបច្ចេកទេសដោះស្រាយ តាមគោលនយោបាយ ដោយសារមើលឃើញពីទុក្ខលំបាករបស់បងប្អូនកម្មករ សម្តេចនាយករដ្ឋមន្រ្តី លោកបានឲ្យគោលការណ៍តាមរយៈឯកឧត្តម អ៊ិត សំហេង យកថវិកាបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករហ្នឹង។ រឿងគិតគូរមិនមែនមិនគិតទេ គិតរបៀបដូច្នេះ? តាមច្បាប់របៀបមេច? តាមគោលនយោបាយរបៀបមេច?

លោក ប្រាក់ ចាន់ធឿន គណៈកម្មការសម្រាប់ដោះស្រាយ​បញ្ហាកូដកម្មបាតុកម្មនៅក្រុមមុខសញ្ញា

លោក ប្រាក់ ចាន់ធឿន ឲ្យដឹងថា ថវិកាដែលរដ្ឋាភិបាលយកមកទូទាត់ជូនកម្មករនៅរោងចក្រ ហ្វឺស ហ្គាវ័ន្តនេះ មានទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ សម្រាប់ដោះស្រាយសំណងជូនកម្មករជាង៥០០នាក់។

រោងចក្រ ហ្វឺស ហ្គាវ័ន្ត មានថៅកែជាជនកូរ៉េខាងត្បូង ឈ្មោះលោកស្រី ឆា ក្យុង ហ៊ី ។ កម្មករនៅរោងចក្រនេះបានផ្ទុះការតវ៉ាតាំងពីអំឡុងខែមករាមកម្លេះ ដោយសាថៅកែ បើកប្រាក់ឈ្នួលឲ្យពួកគេមិនទៀងទាត់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។