សមាជិក​សភាអាមេរិក​មួយ​ក្រុម​អនុម័តសេចក្តីសម្រេចមួយ​ស្តីពីស្ថានភាព​នយោបាយនៅ​កម្ពុជា

​វេបសាយ​របស់​សមាជិក​សភាអាមេរិក លោក ​Alan Lowenthal

អនុគណៈកម្មាការកិច្ចការបរទេសប្រចាំតំបន់អាស៊ីនិងបាស៊ីហ្វិចនៃសភាអាមេរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់នូវអ្វីដែលអនុគណៈកម្មការនេះថាជាការយាយីនិងគំរាមកំហែងគណបក្សប្រឆាំងនិងសង្គមស៊ីវិល។

បើតាមសេចក្តីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយការលពីថ្ងៃព្រហស្បតិ៍និងត្រូវបានដាក់ផ្សាយនៅលើវេបសាយរបស់សមាជិកសភាអាមេរិក លោក Alan Lowenthal សមាជិកអនុគណៈកម្មការទាំង១៧នាក់បានសម្រេចអនុម័តលើសេចក្តីសម្រេចមួយស្តីពីកម្ពុជា។ អនុគណៈកម្មការនេះនឹងបញ្ជូនសេចក្តីសម្រេចមួយនេះទៅកាន់គណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិកពិចារណាបន្តទៀតចំពោះអ្វីដែលពួកគេបានសម្រេច។

ក្នុងសេចក្តីសម្រេចនោះ សមាជិកសភាទាំងនោះបានថ្កោលទោសចំពោះអ្វីដែលគេហៅថាហិង្សានយោបាយនៅកម្ពុជានិងបានជំរុញឲ្យបញ្ឈប់ហិង្សាទាំងនេះ។ លើសពីនេះទៅទៀត ក្នុងសេចក្តីសម្រចនោះមានសរសេរទៀតថាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣០ឆ្នាំមកនេះ សេរីភាពក្នុងការធ្វើនយោបាយបានស្ថិតនៅក្រោមការគំរាមកំហែងរបស់រដ្ឋាភិបាល។

សេចក្តីសម្រេចបន្តទៀតថាសមាជិកគណបក្សប្រឆាំងនៅកម្ពុជាកំពុងបន្តរងការយាយីដោយអាជ្ញាធររដ្ឋាភិបាល ហើយរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាបសង្កត់ទាំងទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

សមាជិកសភាអាមេរិក លោក Alan Lowenthal ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីប្រកាសព័ត៌មាន ថា៖ “វាជារឿងសំខាន់ណាស់សម្រាប់កេរឈ្មោះកម្ពុជាក្នុងឆាកអន្តរជាតិដែលត្រូវឲ្យមានការបោះឆ្នោតដោយសរី និងយុត្តិធម៌សម្រាប់ឆ្នាំ២០១៧ និង២០១៨”។ លោកបន្តថា៖ “ការបោះឆ្នោតខាងមុខអាចទទួលយកបានលុះណាតែរដ្ឋាភិបាលលោកហ៊ុន សែន បញ្ចប់រាល់ការគាបសង្កត់ និងគោរពសិទ្ធិ និងសេរីភាពប្រជាបលរដ្ឋកម្ពុជា”

សមាជិកសភាអាមេរិករូបនេះដដែលនិយាយទៀតថាអាមេរិកចង់ឃើញកម្ពុជាឲ្យតម្លៃលើគណបក្សប្រឆាំង សិទ្ធិមនុស្សនិងនីតិរដ្ឋ។ សមាជិកសភាអាមេរិកក៏ជំរុញឲ្យលោក ហ៊ុន សែននិងគណបក្សកាន់អំណាចទម្លាក់ចោលរាល់បទចោទទាំងឡាយដែលថាមានចរិតនយោបាយលើសមាជិកគណបក្សប្រឆាំងនិងអនុញ្ញាតឲ្យអ្នកទាំងនោះវិលចូលធ្វើនយោបាយឲ្យបានពេញលេញ។

ទាក់ទងនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកសមាជិកសភាអាមេរិកទាំងនោះថាមិនបានយល់ពីស្ថានការណ៍នយោបាយពិតប្រាកដនៅកម្ពុជានិងថាសមាជិកគណបក្សឆាំងខ្លួនឯងទេដែលបាន “យាយី” ខ្លួនឯងនោះ។ លោកបន្ថែមថា៖ “គាត់ក្តាប់សភាពការណ៍វាអត់បាន អ្នកណាយាយីអ្នកណា មិនមែនគណបក្សប្រជាជនយាយីគណបក្សសង្គ្រោះជាតិទេ តែធាតុពិតបុគ្គលនៅក្នុងគណបក្សសង្គ្រោះជាតិប្រព្រឹត្តបទល្មើសច្បាប់ដោយខ្លួនឯង គ្មានអ្នកយាយីអ្នកណាទេ គឺខ្លួនឯងយាយីខ្លួនឯង អ៊ីចឹងទេខ្ញុំយល់ថាសភាអាមេរិកគាត់ធ្វើយ៉ាងម៉េចជាសិទ្ធិរបស់គាត់នៅក្នុងប្រទេសរបស់គាត់ ប៉ុន្តែច្បាប់កម្ពុជាវាមានដោយឡែក ប្រទេសកម្ពុជា ជាប្រទេស ឯករាជ្យ និងមានអធិបតេយ្យ ត្រឹមត្រូវ”

អង្គការជាតិ អន្តរជាតិនិងគណបក្សប្រឆាំងចាត់ទុកស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នថាកំពុងមានវិបត្តិនិងឡើងកម្តៅ ខណៈមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីបក្សប្រឆាំងមួយចំនួនកំពុងជាប់ឃុំឬជាប់បណ្តឹងនៅតុលាការនិងខ្លះកំពុងនិរទេសខ្លួនទៅក្រៅប្រទេសគេចពីការចាប់ខ្លួន។ ទោះយ៉ាងណា ការលើកឡើងនេះ ត្រូវបានបក្សកាន់អំណាចច្រានចោលនិងថាមានតែអ្នកល្មើសច្បាប់ប៉ុណ្ណោះដែលបានជាប់បណ្តឹងនៅតុលាការឬត្រូវតាមចាប់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ