រដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល

គណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃសុក្រនេះបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់សី្តពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលនៅកម្ពុជា ដោយថាដើម្បីធានាទំាងគុណភាពនិងសុវត្ថិភាពរបស់ប្រព័ន្ធសុខាភិបាលទំាងសាធារណៈនិងឯកជននិងផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងក្រមសីលធម៌។

ក្នុងកិច្ចប្រជុំពេញអង្គនៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ គណៈរដ្ឋមន្រ្តីបានពិភាក្សាលើរបៀបវារៈសេចក្តីព្រាងច្បាប់និងកិច្ចព្រមព្រៀងមួយចំនួន ដែលក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផងដែរ។

យោងតាមសារបង្ហោះក្នុងគណនេយ្យហ្វេសប៊ុករបស់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ការឈានជើងចូលមកដល់នៃសមាហរណកម្មអាស៊ាននិងសមាជិកភាពរបស់ប្រទេសកម្ពុជានៅក្នុងសហគមន៍អាស៊ាន តម្រូវឲ្យមានការព្រមព្រៀងគ្នាលើផ្នែកវេជ្ជសាស្រ្ត ឱសថសាស្រ្ត ទន្តសាស្រ្តនិងផ្នែកថែទំាវេជ្ជសាស្រ្ត ដើម្បីជួយសម្របសម្រួលនិងធានា ការទទួលស្គាល់ការប្រកបវិជ្ជាជីវៈនៅក្នុងបណ្តាប្រទេសអាស៊ាន។

លោក ផៃ ស៊ីផាន បន្តក្នុងសារដដែលថាច្បាប់នេះនឹងជួយឲ្យមានការផ្លាស់ប្តូរព័ត៌មាននិងពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ការជំរុញការអនុម័តនូវការអនុវត្តទៅតាមនិយាមនិងគុណវុឌ្ឈិ ព្រមទំាងការផ្តល់ឱកាសសម្រាប់កសាងសមត្ថភាពនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបន្ថែមថាការបង្កើតលិខិតបទដ្ឋានគតិយុទ្ធសម្រាប់គ្រប់គ្រងវិជ្ជាជីវៈគ្រូពេទ្យនេះគឺសំខាន់ណាស់ ព្រោះ“ក្រសួងសុខាភិបាលយស់ឃើញថាគណៈវិជ្ជាជីវៈទំាងអស់មិនទាន់មានមូលដ្ឋានច្បាប់និងធនធានគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសមាជិករបស់ខ្លួនបានល្អប្រសើរនៅឡើយ”។

លោក ផៃ ស៊ីផាន បញ្ជាក់ក្នុងសារថាច្បាប់នេះមានគោលបំណងការពារសុខភាពនិងសុវត្ថិភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងគុណភាពរបស់ប្រព័ន្ធសុខាភិបាលឯកជននិងសាធារណៈទាំងអស់។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទំាងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន មិនអាចទម្លាយឲ្យដឹងពីមាត្រាមួយចំនួននៃការដាក់ទោសទណ្ឌនៅក្នុងសេចក្តីព្រាងច្បាប់នោះទេ។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅរដ្ឋសភា ដើម្បពិនិត្យនិងអនុម័ត។

គួររំឭកថា កន្លងទៅក្រសួងសុខាភិបាលបានចាត់វិធានការលើពេទ្យដែលប្រកបរបរដោយគ្មានអាជ្ញាប័ណ្ណ ហើយក្រសួងក៏បានបិទការរកស៊ីរបស់គ្លីនិកមួយចំនួនដែលក្រសួងយល់ថាគ្មានវិជ្ជាជីវៈនិងបានព្យាបាល អ្នកជំងឺស្លាប់។

នៅក្នុងលិខិតមួយចុះថ្ងៃទី៧ ខែមិនា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានជម្រាបដល់ប្រធានមន្ទីរពេទ្យសុខាភិបាលឲ្យធានាការផ្តល់សេវាមានគុណភាពនិងប្រសិទ្ធភាពតាមមូលដ្ឋានសុខាភិបាលសាធារណៈនិងឯកជនគ្រប់លំដាប់ថ្នាក់ដើម្បីពង្រឹងគុណភាពសេវានជូនអតិថិជន។ នៅក្នុងលិខិតនោះ លោកបានណែនាំឲ្យពេទ្យទាំងអស់”យកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនអតិថិជន គោរពវិជ្ជាជីវៈ ក្រមសីលធម៌ថ្លៃថ្នូរ មិនគិតលុយជាធំ សម្តីទន់ភ្លន់ អាកប្បកិរិយាសមរម្យក្នុងពេលពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ត្រូវសង្រ្គោះអាយុជីវិតជាបន្ទាន់និងត្រូវបំពេញសំណុំបែបបទតាមក្រោយ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ