នាយករដ្ឋមន្រ្តី​បញ្ជាឲ្យ​លុបចោល​សេចក្តីណែនាំ​ឲ្យ​ប្រើគោរមងារថ្នាក់ដឹកនាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឲ្យក្រសួងព័ត៌មានលុបចោលនូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មានឲ្យហៅគោរមងារថ្នាក់ដឹកនាំនៅក្នុងអត្ថបទ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃសុក្រនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន សរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “គោរពជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្តFBFs(ហ្វេសប៊ុក)នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឲ្យទាត់ចោលនូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការប្រើប្រាស់គោរមងារសម្តេច ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦”។

លោក ផៃ ស៊ីផាន ប្រាប់វីអូឌីបន្ថែមថាសារព័ត៌មានមិនតម្រូវឲ្យប្រើគោរមងារនៅក្នុងអត្ថបទនោះទេ។ លោកមិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យនាយករដ្ឋមន្រ្តីលុបចោលសេចក្តីណែនាំរបស់ក្រសួងព័ត៌មាននោះទេ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងមួយជាការព្រមានចុងក្រោយដល់ប្រព័ន្ធផ្សព្វផ្សាយដែលនៅតែមិនប្រើគោរមងារថ្នាក់ដឹកនាំនៅក្នុងអត្ថបទ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៦ ខែកក្កដា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់ថានេះជាការ”ព្រមានចុងក្រោយ”ចំពោះស្ថាប័នវិទ្យុ ទូរទស្សន៍ កាសែតនិងគេហទំព័រទាំងឡាយណាដែលមិនទាន់បានគោរពពេញលេញអំពើការប្រើប្រាស់គោរមងារសម្តេច។ ក្រសួងបញ្ជាក់ថាការឲ្យប្រើប្រាស់គោរមងារនេះគឺដើម្បីរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិនិងតាមស្របតាមប្រទេសកម្ពុជាដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា៖ “ដោយសារប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានមួយចំនួនតូចនៅតែសម្តែងនូវភាពគគ្លើន អនុវត្តផ្ទុយពីការណែនាំរបស់ក្រសួង ព្រមទាំងធ្វើការអធិប្បាយផ្ទុយពីគោលបំណងពិតប្រាកដ មានលក្ខណៈបំពុលបរិយាកាសសង្គម ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជតិ ក៏ដូចជាប្រពៃណី វប្បធម៌ជាតិនោះ ក្រសួងព័ត៌មានសូមធ្វើការព្រមានជាលើកចុងក្រោយ បើអង្គភាពណានៅតែបំពានសេចក្តីជូនដំណឹងខាងលើ ក្រសួងព័ត៌មាននឹងចាត់វិធានការតាមភារកិច្ចនិងសមត្ថកិច្ចដែលច្បាប់ រាជរដ្ឋាភិបាលប្រគល់ជូន”។

គួរបញ្ជាក់ថាក្រសួងបានទុករយៈពេលត្រឹមខែកក្កដាសម្រាប់សារព័ត៌មានប្រើប្រាស់គោរមងារសម្តេចនៅក្នុងសារព័ត៌មាន។ ក្រសួងថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។ រហូតមកមកដល់ថ្ងៃទី៧ ខែកក្កដានេះ សារព័ត៌មានមួយចំនួននៅតែរក្សាការសរសេរដោយហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬលោក ហ៊ុន សែន ដដែល ដូចជាកាសែតភ្នំពេញប៉ុស្តិ៍ ខេមបូឌា ដេលី ខ្មែរថាមស៌ វិទ្យុអាស៊ីសេរី វិទ្យុVOA និងវិទ្យុបារាំងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ