បេក្ខជនជាង ១០ម៉ឺន ៣ពាន់នាក់ នៅទូទាំងប្រទេស ត្រូវបានក្រសួងអប់រំប្រកាសថា នឹងមានឈ្មោះចូលរួមប្រឡងថ្នាក់ជាតិ ឬបាក់ឌុប នៅក្នុងខែសីហាខាងមុខនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ថ្ងៃប្រឡងបញ្ចប់ការសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅថ្ងៃទី២១ ខែសីហាខាងមុខ។
ក្រសួងបានបញ្ជាក់ថា បេក្ខជនប្រឡង ១០៣ ១១២នាក់ នឹងត្រូវបែងចែកឲ្យប្រឡងនៅតាមមណ្ឌលសរុប ១៧៨មណ្ឌល នៅទូទាំងប្រទេស។
ដូចទៅនឹងការប្រឡងថ្នាក់ជាតិពីរបីឆ្នាំមុនដែរ ក្រសួងបានលើកឡើងអំពីការរឹតបន្តឹងវិន័យនៃការប្រឡងដដែល និងប្រាប់ទៅបេក្ខជនកុំឲ្យប្រព្រឹត្តខុសពីបទប្បញ្ញត្តិនៃការប្រឡង។
ចំណែកឯលទ្ធផលនៃការប្រឡង ក្រសួងបញ្ជាក់ថា នឹងប្រកាសនៅថ្ងៃទី១២ ខែកញ្ញានៅរាជធានីភ្នំពេញ និងនៅថ្ងៃទី១៣ ខែកញ្ញា នៅតាមបណ្ដាខេត្តនានា៕