វិភាគ៖ តើបេសកកម្មលោកស្រី រ៉ូណា ស្មីត មកកម្ពុជាធ្វើឲ្យសិទ្ធិមនុស្សប្រសើរឡើងវិញទេ?

លោកស្រី រ៉ូណា ស្មីត អ្នកតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុ​​ជា​ លោ​​ក​ស្រី រ៉ូណា ស្មីត (Rhona Smith) នឹងមកបំពេញទស្សនកិច្ច ជាលើកទី៤ នៅកម្ពុជា​ ដូច​ឆ្នាំ​មុន​ៗដែរ។

សេ​ចក្តីជូនដំណឹងឲ្យដឹងថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៨ខែសីហា នៃដំណើ​រទស្ស​ន​កិច្ច​​នេះ លោ​កស្រី រ៉ូណា ស្មីត នឹង​ជួប​ជាមួយសមាជិកជាន់ខ្ពស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និង​​មន្រ្តីការទូតនានា។
​គ​​​ម្រោ​​​ងមក​កាន់កម្ពុជាមួយឆ្នាំម្តងនេះ លោក ស្រី រ៉ូណា ស្មីត តែងតែធ្វើសន្និសី​ទសា​រព័​​ត៌​មានវាយតម្លៃពី បញ្ហាសិ​ទ្ធិ​​ម​នុស្ស និងផ្តល់អនុសាសន៍មួយចំនួន ដល់រដ្ឋាភិបា​លផងដែរ ក្រោ​យ​ពីលោកស្រីបាន​ចុះ​ជួ​ប​​ភា​គីពាក់ព័ន្ធ។

ជាងនេះទៅទៀត របាយការណ៍ក៏នឹងត្រូវបញ្ជូនទៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្សដែ​លមានទីតាំង​នៅ​ទីក្រុងហ្សឺ​ណែវ​ សម្រាប់ជាម៉ែត្រវាស់ស្ទង់ដល់ការអនុវត្តតួនាទីរបស់រដ្ឋាភិបាលកម្ពុជាលើការគោរពគោលកា​រណ៍​​ប្រ​ជាធិ​បតេយ្យ​។

អ្វីជាការកត់សម្គាល់ពីដំណើរទស្សនកិច្ច របស់តំណាងអង្គការសហប្រជាជាតិមកកាន់កម្ពុជាពេលនេះ បើទោះ​បីមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក៤រូប និងមន្ត្រី គជប មួយ​រូប ត្រូវតុលាកា​រដោះ​លែ​​ង​ក៏​ដោយ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការឃ្លាំមើលការបោះឆ្នោត នូវរងការគំរាមនៅឡើយ ដោយក្រសួងមហាផ្ទៃមិនទាន់ប្រកាសថា តើក្រុមអង្គការទាំងនោះ អាចបន្តបង្កើតបន្ទប់ស្ថានការណ៍ សម្រាប់ឃ្លាំមើលដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨បានឬក៏អត់នៅឡើយ។

ច្បាប់់គណបក្សនយោបាយ ដែលអ្នកតាមដានថា ផ្តល់ប្រៀបខ្លាំង​ ដល់បក្សកាន់​អំ​ណា​ច អា​​ចរំលាយ​គណ​បក្ស​​ផ្សេងទៀតចោលបាន តាមរយៈ​ប្រព័ន្ទតុ​លាការមួយដែលរងការចោទថាមិនឯករាជ្យនោះ កំពុងជំរុញប្រ​សិទ្ធភាព​​នៃ​ការអនុវត្ត។

សេ​រី​ភាពនៃការប្រមូលផ្តុំ ត្រូវបា​នរឹត​បណ្តឹ​ង តាមរយៈការបង្ក្រាប រារាំង និងសារគំ​​រាមថា នឹង​​ចំណាយម​នុស្ស​១០០​ទៅ២០០នាក់ ដើម្បីបង្ក្រាប​អ្នកប្រឆាំង ហើយថែមទាំងប្រើពាក្យប្រ​​មាថថា នឹង​ប្រើ​គល់​ឫ​​ស្សី​​​​វាយ​​សំពងក្បា​លអ្ន​​ក​តវ៉ាជាដើម។

តើក្រោយបញ្ចប់ដំណើរទស្សនកិច្ច របស់លោកស្រី រ៉ូណា ស្មីត នឹងធ្វើឲ្យសិទ្ធិមនុស្សនៅកម្ពុជាប្រសើរឡើងទេ?

អ្នកវិភាគយល់ឃើញផ្សេងគ្នាករណីនេះ។ សាស្ត្រារ្យវិទ្យាសាស្ត្រនយោបាយ លោក​ សូ ចន្ថា វិភាគថា ដំណើរទស្សនកិច្ច របស់លោកស្រី រ៉ូណា ស្មីត មកកាន់កម្ពុជានៅពេលនេះ លោកថានឹងជំរុញការលើកក​ម្ពស់ សិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា ដោយលោកសំអាងថា ​អង្គការសហប្រ​ជាជាតិជាអ្ន​កឃ្លាំ​មើ​​លការរំលោភសិទ្ធិមនុស្ស និងសិទ្ធិធ្វើនយោបាយ ហើយកម្ពុជាបានផ្តល់សច្ចាប័នពីបញ្ហានេះ។

លោកសូ ចន្ថា វិភាគទៀតថា កម្ពុជាក៏ត្រូវការការគាំទ្រ ពីបណ្តាប្រទេសលោកសេរីដែរ ដើម្បីរក្សាលំនឹងទីផ្សារផលិតផលឧស្សាហកម្មកាត់ដេរ និងផលិតផលមួយចំនួនទៀត។

លោកថា៖ «តំណាងអង្គការសហប្រជាជាតិ ឬសហគមន៍អន្តរជាតិដែលលើកឡើងនោះ គឺក្នុងន័យផលប្រ​យោជន៍ របស់កម្ពុជា​ ក្នុងន័យផលប្រយោជន៍របស់ប្រជាជនកម្ពុជា ផលប្រយោ​ជន៍ផ្នែកសិទ្ធិ​មនុស្ស ផលប្រយោជន៍ផ្នែកប្រជាធិបតេយ្យ ហើយនឹងផលប្រយោជន៍ផ្នែកទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា។ អញ្ចឹ​​​​ងបើកម្ពុ​​ជា​ព្រងើយកន្តើយទី១កម្ពុជាអា​ចបាត់បង់នូវតម្លៃរបស់រដ្ឋាភិបា​លនៅលើឆាកអន្តរជាតិ​។ ទី២​វា​អា​ចពា​ក់ព័ន្ធទៅនឹងការផ្តល់កូតា ឬក៏ទីផ្សារសម្រាប់នាំទំនិញ ផលិតផលកាត់ដេ​រទៅលក់នៅ​ទីផ្សារអឺរុ​បនិ​ងសហរដ្ឋអាមេរិកអីជាដើម។ ខ្ញុំគិតថានេះ​ជាផ្នែកមួយនៃការគោរពសិ​ទ្ធិមនុស្សនិងច្បាប់នៅក​ម្ពុជា​ផងដែរ»។

អ្នកឯកទេសផ្នែកអភិបាលកិច្ចលោក ឱក សេរីសោភក្តិ៍ វិភាគថា ដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត ​ពេលនេះ លោកថាបញ្ហាសិទ្ធិមនុស្សនឹងមិនប្រែប្រួលច្រើនទេ ដោយលោកថា​ភាគីទាំងពីរនិ​ងប្រើភា​សា​​រកាទូតដូចគ្នាទៅលើយន្តការជំរុញនិងយន្តការទទួលយក។

លោកថា៖ «រដ្ឋាភិបាលតែងតែប្រកាសហើយថា ជាអធិបតេយ្យភាពពេញសិទ្ធិរបស់ប្រទេស​កម្ពុជាផ្ទាល់។ ​ដូច្នេះ​ហើ​យខ្ញុំគិតថាទាំងសងខាងនឹងបន្តជជែងគ្នា ប៉ុន្តែម្នាក់ៗពិតជាដឹ​ងរៀងៗខ្លួន​ហើយថាវាមា​នចំនុច​រួមតិចតួច​ ហើយការខ្វែងគំនិតគ្នាវានៅតែបន្តអញ្ចឹងទៅ។ វាគ្រាន់ថាដរាបណាវានៅជួបគ្នាការជជែកគ្នា កា​ល រ៉ូណា ស្មីត ហ្នឹងគាត់ប្រឡប់មកធ្វើទស្សនកិច្ច រដ្ឋាភិបាលទទួលឲ្យជួបទៅវាប្រសើរជាងអត់មានអីជួប»។

ប៉ុន្តែលោក ឱក សេរីសោភក្តិ៍ វិភាគដែរថា បញ្ហាទីផ្សាររបស់លោកសេរីពិតជាមានសក្តានុពលមួយ សម្រាប់ទា​ក់ទា​ញឲ្យរដ្ឋាភិបាលកម្ពុជាងាកមកទទួលយកនូវអនុសាសន៍ពីបញ្ហាសិទ្ធិមនុស្សនេះដែរ ប៉ុន្តែថាមិនមែ​នតា​ម​រូបភាពដាក់សម្ពាធទេ។

លោកថា៖ «ព្រោះកម្ពុជាមិនអាចរស់នៅដោយខ្លួនឯងបានទេ ដូច្នេះហើយតោងតែអ្នកទាំ​ងអស់ហ្នឹងមាន​ជំហររួមពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាហ្នឹង បើសិនជាជំហររួមហ្នឹងចេញម​កថាជូនទៅភាគីកម្ពុជា​ ហើយការជូ​នហ្នឹ​ងដោយការគួរសម ដោយការគោរព ដែលភាគីកម្ពុជាអាចទទួលយ​កបាន អាហ្នឹងខ្ញុំគិត​ថាវា​ជាការចម្រើន។​ប៉ុន្តែបើជូនមកកម្ពុជាយល់ថា មានការក្រអើតក្រទមថ្កោលទោស ចោទប្រកាន់អាហ្នឹ​ងខ្ញុំគិ​តថាកម្ពុជាទ​ទួលយកមិនបានទេ»។

ប៉ុន្តែសាស្ត្រារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថាអ្វីៗនឹងប្រសើរជាងមុន បើលោកស្រី រ៉ូណាស្មីត លើកឡើងចំៗ ពីការបារម្ភរបស់អង្គការសហប្រជាជាតិ ពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិធ្វើនយោ​បាយ នៅកម្ពុជាហើយស្នើទៅរដ្ឋាភិបាល ឲ្យកែតម្រូវនោះ។

លោកថា៖ «រដ្ឋាភិបាលមិនអាចផ្គើនឬមិនរវីរវល់ទៅនឹងការលើកឡើង របស់មន្ត្រីសិទ្ធិមនុស្សទេ ដោយសារតែកម្ពុជាប្រកាន់នូវរបបប្រជាធិបតេយ្យ បានចុះកិច្ចព្រមព្រៀង គេហៅថា អនុសញ្ញា រួចហើយ អញ្ចឹងជាគោលគារណ៍ត្រូវគោរពកិច្ចព្រមព្រៀងដែលខ្លួនបានចុះរួចហើយ មិនអាចមិនគោរពបានទេ»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា រដ្ឋាភិបាលកម្ពុជា គ្មានជម្រើសណាក្រៅពីការទទួលយក អនុសាសន៍ របស់​អង្គការសហប្រជាជាតិទៅពិចារណានិងឆ្លើយតបជាវិជ្ជាមាននោះទេ ដោយថាកម្ពុជា ពេលនេះនៅ​ត្រូវការ​ទីផ្សារប្រទេសលោកសេរី ជាចំាបាច់នៅឡើយ សម្រាប់ពង្រឹងសេដ្ឋកិច្ច។

លោកថា៖ «ខ្ញុំគិតថាទោះបីក្នុងករណីណាក៏ដោយ បើទោះបីរដ្ឋាភិបាលមិនទទួលយកភ្លាមៗ ក៏ត្រូវទទួ​លយកសំណើរ របស់មន្ត្រីសិទ្ធិមនុស្សមកទស្សនកិច្ចនៅកម្ពុជារបស់ រ៉ូណា ស្មីត ហ្នឹង យកមក​គិតនឹងពិ​ចារណាដែរ និងអនុវត្តតាមដែរ ពីព្រោះមិនអាចចោល ឬងាកចោលការស្នើ​របស់មន្ត្រី​សិទ្ធីមនុស្សបានទេ ពីព្រោះ​មន្ត្រីសិទ្ធិមនុស្សដែលមកទស្សនកិច្ចហ្នឹង ជាទូទៅលោកស្រី មានឥទ្ធិពលទៅលើ​អ្នកដឹកនាំន​យោបាយនៅក្រៅប្រទេស អញ្ចឹងវាត្រូវ​មានយន្តការជា​ច្រើនត្រូវ​ធ្វើតាមហើយ មិនអាចគេចផុតបានទេ»។

សរុបជារួមអ្នកវិភាគថា ដំណើរទស្សនកិច្ច របស់លោកស្រី រ៉ូណា ស្មីត នឹងជំរុញឲ្យបញ្ហា​សិទ្ធិមនុស្សប្រសើ​រជាងមុន ទោះបញ្ហាទាំងនោះមិនត្រូវបានដោះស្រាយភ្លាមៗក៏ដោយ ដោយពួកគេវិភាគថា រដ្ឋាភិបា​លនឹង​មិនបណ្តោយ រហូតដល់សហគមន៍អន្ត​រជាតិ​ ហ៊ុំព័ទ្ធសេដ្ឋកិច្ច ដោយសារតែការបង្ក្រាប អ្នកមា​ននិន្នាការប្រ​ឆាំង ឬក្រុមអ្ន​កតវ៉ាណាមួយ ដែលជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ